នារសៀលថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តដឹកនាំគណៈប្រតិភូកម្ពុជារួមមានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍សមាគមឧកញ៉ាកម្ពុជានិងស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តអុនតារីយ៉ូ អញ្ជើញបំពេញួទស្សនកិច្ចទៅកាន់សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបេសកកម្មចម្បងមួយគឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាសដែលដំណើរការដោយបច្ចេកវិទ្យាទំនើបនិងស្វ័យប្រវត្តិកម្មខ្ពស់។ គណៈប្រតិភូកម្ពុជាក៏បានធ្វើការឈ្វេងយល់ផងដែរអំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈដែលអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនិងកសិ-ឧស្សាហកម្មនៅកម្ពុជា ក្រុមហ៊ុនក៏បាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។
គួររម្លឹកដែរថា៖ លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group ទទួលបានឱកាសឱ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងជំនួបនោះសម្ព័ន្ធ Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជាក្នុងនោះរួមមាន៖ ប្រេងនិងឧស្ម័ន សេវាសុខាភិបាលមជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ ឧស្សាហកម្មកែច្នៃម្ហូបអាហារ វិស័យភស្តុភារកម្ម និងវិស័យយានយន្ត។
ប្រភព៖ ក្រសួងព័ត៌មាន