ផ្កាស្លា គឺជាផ្កាដែលមានពណ៌ពងមាន់ មានក្លិនក្រអូបប្រហើរតិចៗ ទោះបីមើលទៅមិនមែនជាផ្កាដែលមានសម្រស់ស្រស់ស្អាត មិនមានក្លិនក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ គឺជាផ្កាដ៏មានតម្លៃរបស់មនុស្សស្រីគ្រប់រូបក្នុងជីវិតរបស់ពួកគេ។ ប្រសិនជាគេជ្រើសរើសដៃគូជីវិតត្រូវ ផ្កាស្លានោះកាន់តែវិសេសវិសាលថែមទៀត។
ផ្កាស្លា គឺជាប្រភេទផ្កាដែលរឹងមាំ មិនងាយរុះរោយ ហើយមានស្រទាប់ការពាររឹងមាំ មិនអាចឱ្យឃ្មុំ ឬ សត្វល្អិតផ្សេងៗចូលក្រេបលំអងផ្កា និងយាយីផ្កាបានឡើយ។ ទាំងនេះ គឺចង់បង្ហាញពីភាពរឹងមាំ និងបរិសុទ្ធរបស់មនុស្សស្រី ទោះបីសម្រាស់មើលទៅហាក់មិនស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយភាពរឹងមាំ និងតម្លៃរបស់ខ្លួន។ ពោលគឺ បុព្វបុរសជំនាន់មុនចង់បញ្ជាក់ថា កូនស្រីគឺស្អាតបរិសុទ្ធ រឹងមាំ ស្មោះត្រង់ គ្មានសត្រូវណាអាចបៀតបៀនបានឡើយ។

ថ្វីដ្បិតតែមនុស្សស្រីម្នាក់ៗសុទ្ធសឹងប្រាថ្នាចង់បាន និងឱ្យតម្លៃទៅលើផ្កាស្លាក៏ពិតមែន ប៉ុន្តែក៏មិនមែនមានន័យថា ពួកគេចង់បានពីមនុស្សប្រុសគ្រប់គ្នាឡើយ។ ក្នុងនោះ មនុស្សស្រីមិនចង់បានវាពីមនុស្សដែលខ្លួនបានជ្រើសរើសខុស ឬមនុស្សដែលខ្លួនមិនបានស្រឡាញ់នោះទេ។
ផ្កាស្លា មានរូបរាងដុះចេញមកជាគ្រាប់ៗស្រដៀងទៅនឹងគុជ ត្រូវបានដូនតាជឿថា តំណាងឱ្យការគោរពបូជាដល់ព្រះពុទ្ធ និងការដឹងគុណដល់ម្តាយឪពុក ព្រមទាំងបង។ ចំពោះក្លិនក្រអូបប្រហើរនៃផ្កានេះ គឺតំណាងឱ្យសេចក្តីស្នេហាដ៏ទន់ភ្លន់ និងផ្អែម បង្កប់ដោយភាពរឹងមាំរបស់គូស្រករទាំងពីរ។
ជាមួយគ្នានេះ នៅក្នុងពិធីមង្គលការ គេបានរៀបចំផ្កាស្លារុំជា៣ដុំ ផ្សេងៗគ្នាដាក់នៅក្នុងកែវ ឬ ជើងពានបី សម្រាប់តំណាងដល់ការដឹងគុណចំពោះម្តាយឳពុក និងបង។
ផ្កាស្លាទី១ មានផ្កាចំនួន ២១ទង ត្រូវបានរុំដោយស្លឹកម្លូ ២១សន្លឹក រួចចងផ្អោបដោយអំបោះពណ៌ស ព្រមទាំងដោយផ្លែស្លា ២១ នៅជុំវិញផ្នែកខាងក្រៅបន្ថែមទៀត។ ផ្កាស្លាទី១នេះ ត្រូវបានគេហៅថា ជាផ្កាស្លាច្បង តំណាងឱ្យគុណទាំង១២របស់ឳពុក។
ផ្កាស្លាទី២ ជាដុំដែលមានផ្កាចំនួន ១២ទង រុំដោយស្លឹកម្លូ ១២សន្លឹក ហើយចងផ្អោបចូលគ្នាដោយអំបោះពណ៌ស បន្ទាប់មកត្រូវដោតផ្លែស្លាចំនួន១២គ្រាប់នៅជុំវិញខាងក្រៅ។ ផ្កាស្លាទី២នេះ គេបានហៅថា ជាផ្កាស្លាកណ្តាល ដែលតំណាងឱ្យគុណរបស់ម្តាយ។
ចំណែកផ្កាស្លាទី៣ មានផ្កាចំនួន ៦ទង ត្រូវរុំដោយស្លឹកម្លូចំនួន ៦សន្លឹក បន្ទាប់មកចងដោយអំបោះស និងដោតផ្លែស្លាចំនួន៦ ជុំវិញផ្នែកខាងក្រៅចំនួន៦ ដូចផ្លាស្លាទាំង២ខាងលើដែរ។ ផ្កាស្លាទី៣នេះ ត្រូវបានគេហៅថា ផ្កាស្លាពៅ តំណាងឱ្យគុណរបស់បង។

មានរឿងព្រេងតំណាលតគ្នាថា កាលពីព្រេងនាយ មានកុមារកំសត់៤នាក់បានទៅរៀនសិល្ប៏សសាស្ត្រអំពី អាចារ្យទិសាបាមោក្ខ ម្នាក់រៀនទាយ ម្នាក់ទៀតរៀនបាញ់ ម្នាក់ទៀតរៀនមុជទឹក ម្នាក់ទៀតរៀនប្រស់។ រៀនចេះហើយក៏ត្រលប់មកស្រុកវិញ លុះមកដល់មាត់សមុទ្រ កុមារចេះទាយបានទាយថា ព្រឹកនេះនិងមានសត្ចហត្ថីលឹង្គ ពាំព្រះរាជបុត្រីមួយអង្គមកដល់ទីនេះ។ កាលបានឃើញមកមែន កុមារចេះបាញ់បានបាញ់ធ្លាក់ចូលក្នុងទឹកស្លាប់ កុមារចេះមុជទឹកបានមុជទៅស្រង់នាងមក កុមារចេះប្រស់បានប្រស់ឲ្យនាងរស់សើឡើងវិញ។ លុះរស់ឡើងវិញហើយ នាក់ទាំងបួននាក់ក៏ដណ្ដើមគ្នាចង់បានធ្វើប្រពន្ធរៀងៗខ្លួន។ ពេលនោះបានរកពោធិសត្វឲកាត់ក្ដី ពោធិសត្វកាត់សេចក្ដីថា កុមារចេះទាយត្រូវបានជាឪពុក កុមាចេះប្រស់ត្រូវបានជាម្ដាយ កុមាចេះបាញ់ត្រូវបានជាបង កុមាចេះមុជត្រូវបានជាប្ដីនាង។ ពព្រោះគេបានបីត្រកងនាងពីក្នុងទឹកមក(បានត្រកងរាងកាយមុនគេ)។ នាក់ទាំង៤ក៏ព្រមទទួល ហើយសុំឲ្យពោធិសត្វចាត់ចែងវត្ថុអ្វីមួយទុកសម្រាប់ឲ្យកូនប្រសារ គោរពមាតាបិតា និង បងព្រមទាំងញាតិក្នុងពេលធ្វើមង្គលការ។ ពោធិសត្វសម្រចថាត្រូវយកផ្កាស្លាមួយខ្ពរ មកដោតជាបីដុំ។ ទី១ ជាផ្កាស្លាច្បងសម្រាប់ឪពុក ទី២សម្រាប់ម្ដាយ ទី៣សម្រាប់បងទទួល។ តពីនោះមក ក៏មានផ្កាស្លាបី ក្នុងពិធីមង្គលការជាប់ជាប្រពៃណីយ៏ដល់សព្វថ្ងែនេះ។
ផ្កាស្លាពិតជាបានបង្កប់នូវតម្លៃនិងអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ចំពោះមនុស្សស្រីនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ ព្រោះវាជាសំអាងដែលបង្ហាញឱ្យឃើញថា នាងកំពុងក្លាយខ្លួនទៅជាភរិយាយ៉ាងស្របច្បាប់នៃមនុស្សប្រុសដែលនាងស្រឡាញ់តាមលំនាំប្រពៃណីខ្មែរយ៉ាងពេញលេញ។ អាស្រ័យហេតុនេះ ទើបអត្ថន័យនៃផ្កាស្លាចំពោះនារីគ្រប់រូបពិតជាសំខាន់ជាងផ្កាណាៗទាំងអស់។
ដូច្នះហើយ នារីមួយចំនួនសុខចិត្តរង់ចាំទទួលផ្កាស្លាដែលជាតំណាងនៃសេចក្តីសុខ ប្រសើរជាងទទួលផ្កាស្លាដែលអមមកជាមួយនូវក្តីទុក្ខ។ ផ្កាស្លានឹងរឹតតែមានតម្លៃ នៅពេលដែលយើងជ្រើសរើសមនុស្សត្រូវ ហើយស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង៕
ប្រភព៖ កណ្ណិការ