[ប៊ីសខេក]៖ កាលពីថ្ងៃទី១២ ខែឧសភា អាជ្ញាធរកៀហ្ស៊ីស៊ីស្ថានបានដាក់ការចោទប្រកាន់ជាផ្លូវការលើមនុស្ស ៨ នាក់ រួមទាំងអតីតប្រធានសន្តិសុខដ៏មានឥទ្ធិពល លោក Kamchybek Tashiev ពីបទឃុបឃិតដណ្តើមអំណាចពីប្រធានាធិបតី លោក Sadyr Japarov នៅក្នុងប្រទេសអាស៊ីកណ្តាលដែលធ្លាប់មានប្រវត្តិសាស្ត្រនយោបាយមិននឹងនរមួយនេះ។ លោក Tashiev ធ្លាប់ត្រូវបានគេមើលឃើញថាជាបុរសខ្លាំងទីពីរដែលបានរួមរស់ក្នុងអំណាចជាមួយលោក Japarov ចាប់តាំងពីការតវ៉ាតាមដងផ្លូវឆ្នាំ ២០២០ រហូតដល់រូបលោកត្រូវបានដកតំណែងភ្លាមៗកាលពីខែមករាកន្លងទៅ។
មេធាវីការពារក្តី លោក Ikramidin Aytkulov បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook ថា ការជំនុំជម្រះក្តីនឹងត្រូវធ្វើឡើងដោយ បិទទ្វារ ហើយរាល់ការរាយការណ៍ព័ត៌មានលម្អិតត្រូវបានហាមឃាត់។ បច្ចុប្បន្ន គេមិនទាន់ស្គាល់អត្តសញ្ញាណជនជាប់ចោទ ៧ នាក់ផ្សេងទៀតនៅឡើយទេ ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលជាសម្ព័ន្ធមិត្តរបស់លោក Tashiev រួមទាំងអតីតប្រធានសភា ក៏ត្រូវបានសួរចម្លើយផងដែរក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប្រសិនបើរកឃើញថាមានទោសកំហុស ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។

វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក Tashiev ដែលជាអ្នកមានឥទ្ធិពលខ្លាំងនៅភាគខាងត្បូងនៃប្រទេស អាចនឹងបង្កឱ្យមានរលកអស្ថិរភាពថ្មី។ កៀហ្ស៊ីស៊ីស្ថាន គឺជាប្រទេសដែលធ្លាប់ឆ្លងកាត់ការទម្លាក់ប្រធានាធិបតីពីតំណែងតាមរយៈការតវ៉ាទ្រង់ទ្រាយធំចំនួន ៣ លើករួចមកហើយ គឺនៅក្នុងឆ្នាំ ២០០៥, ២០១០ និង ២០២០។
កន្លងមក សម្ព័ន្ធភាពរវាងលោក Japarov និងលោក Tashiev ត្រូវបានគេចាត់ទុកថាជាកត្តាគន្លឹះក្នុងការបង្រួបបង្រួមឥស្សរជននយោបាយរវាងភាគខាងជើង និងភាគខាងត្បូងនៃប្រទេស។ ក្រោមការដឹកនាំរបស់អ្នកទាំងពីរ ការគ្រប់គ្រងនយោបាយមានភាពតឹងរ៉ឹង រួមទាំងមានការបង្ក្រាបលើក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។ ទោះជាយ៉ាងណា សេដ្ឋកិច្ចកៀហ្ស៊ីស៊ីស្ថានបានបង្ហាញសញ្ញាកំណើនយ៉ាងលឿនបំផុតក្នុងតំបន់អាស៊ីកណ្តាល ដោយសារតែការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មរបស់រុស្ស៊ីតាមរយៈប្រទេសនេះ បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីលោកខាងលិចពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖Reuters