បាត់ដំបង៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤:៤០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការស្តីទីនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ទុយ ណែត ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបរវេល ខេត្តបាត់ដំបង, ២-ឈ្មោះ ចិន្តា ចាន់ថា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង ៣-ឈ្មោះ នី កល្យាន ហៅ ម៉ុយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ម៉ូតូចំនួន០១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ