[ស៊ីដនី]៖ ក្រុមហ៊ុន Trump Organization បានប្រកាសបោះបង់ចោលផែនការសាងសង់អគារខ្ពស់កប់ពពកដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ត្រឹមរយៈពេលមិនដល់ ៣ ខែផងបន្ទាប់ពីការចុះកិច្ចព្រមព្រៀង។ មូលហេតុនៃការសម្រេចចិត្តនេះ ត្រូវបានក្រុមហ៊ុនលើកឡើងថា ដោយសារដៃគូសហការក្នុងស្រុកខកខានមិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ។
កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនរបស់លោក Trump បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Altus Property Group ដើម្បីអភិវឌ្ឍគម្រោងអគារកម្ពស់ ៩១ ជាន់ ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារអូស្ត្រាលី (១,០៩ ពាន់លានដុល្លារអាមេរិក) នៅតំបន់ Gold Coast ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញក្នុងរដ្ឋ Queensland។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Trump Organization បានបញ្ជាក់តាមរយៈអ៊ីមែលថាបន្ទាប់ពីការចរចាជាច្រើនខែ និងការសន្យាខ្យល់លើគម្រោងដ៏ធំនេះ ក្រុមហ៊ុន Altus Property Group មិនមានលទ្ធភាពបំពេញសូម្បីតែកាតព្វកិច្ចហិរញ្ញវត្ថុជាមូលដ្ឋានបំផុតដែលត្រូវបង់តាមកិច្ចសន្យានោះទេ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា នាយកប្រតិបត្តិក្រុមហ៊ុន Altus លោក David Young បានព្យាយាមយកព្រឹត្តិការណ៍ពិភពលោក មកធ្វើជាលេសចំពោះការបរាជ័យនេះ ដែលខាង Trump ចាត់ទុកថាគ្រាន់តែជាល្បិចដើម្បីបង្វែរដានពីការខកខានរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Trump Organization នៅតែមានឆន្ទៈស្វែងរកគម្រោងសក្តានុពលផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខ។ ដោយឡែក កាសែត The Australian Financial Review បានរាយការណ៍ថា គម្រោងអភិវឌ្ឍន៍នេះនឹងនៅតែបន្ត ប៉ុន្តែនឹងមិនប្រើប្រាស់ឈ្មោះ Trump ទៀតឡើយ។ លោក David Young ក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថា លោកមិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផងដែរ។
គម្រោងដើមដែលដាក់ចេញដោយ Altus រួមមានសណ្ឋាគាររីសតកម្រិតផ្កាយ ៦ អាផាតមិនប្រណីតចំនួន ២៧០ យូនីត (តម្លៃចាប់ពី ៣,៦២ លានដុល្លារអាមេរិកឡើងទៅ) និងក្លឹបកម្សាន្តមាត់ឆ្នេរ អាងហែលទឹក និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា គម្រោងនេះធ្លាប់បានជួបប្រទះការតវ៉ាយ៉ាងខ្លាំងពីសំណាក់អ្នកស្រុក Gold Coast ដោយមានមនុស្សជាង ១៤០,០០០ នាក់បានចុះហត្ថលេខាលើញត្តិអនឡាញប្រឆាំងនឹងការសាងសង់នេះ ដោយបញ្ជាក់ថាពួកគេមិនពេញចិត្តចំពោះវត្តមានម៉ាកយីហោ Trump នៅក្នុងសហគមន៍របស់ពួកគេឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖Reuters