[វ៉ាស៊ីនតោន]៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងកាលពីម្សិលមិញថា វិបត្តិហិរញ្ញវត្ថុរបស់ពលរដ្ឋអាមេរិក មិនមែនជាកត្តារារាំងដល់ការសម្រេចចិត្តរបស់លោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម និងការចរចាជាមួយអុីរ៉ង់នោះទេ។ លោកបានសង្កត់ធ្ងន់ថា ការការពារមិនឱ្យទីក្រុងតេអេរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពកំពូលបំផុតរបស់រដ្ឋបាលលោក។
នៅពេលក្រុមអ្នកយកព័ត៌មានសាកសួរថា តើស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋអាមេរិក មានឥទ្ធិពលលើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងដែរឬទេ? លោក Trump បានឆ្លើយតបយ៉ាងដាច់អហង្ការថា៖ «មិនមែនសូម្បីតែបន្តិច»។ លោកបានបន្ថែមមុនពេលចាកចេញទៅកាន់ប្រទេសចិនថារឿងតែមួយគត់ដែលសំខាន់គឺ អុីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរ។ ខ្ញុំមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់នរណាម្នាក់ឡើយ គឺគិតតែពីសន្តិសុខមួយគត់។

ការលើកឡើងនេះ បានរងការរិះគន់ពីសំណាក់អ្នកវិភាគដែលយល់ថា រដ្ឋបាលលោក Trump គួររក្សាតុល្យភាពរវាងគោលដៅភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសស្របពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាកាន់តែខិតជិតមកដល់។
បច្ចុប្បន្ន តម្លៃថាមពលដែលហក់ឡើងខ្ពស់ដោយសារជម្លោះជាមួយអុីរ៉ង់ បានជម្រុញឱ្យអតិផរណាអ្នកប្រើប្រាស់ក្នុងខែមេសាកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ។ បញ្ហានេះបានធ្វើឱ្យសមាជិកបក្សសាធារណរដ្ឋមួយចំនួនមានការព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចអាចនឹងធ្វើឱ្យបក្សបាត់បង់ការគ្រប់គ្រងនៅសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។

ទោះបីជាមានការវាយប្រហារ និងជម្លោះប្រដាប់អាវុធរយៈពេល ២ ខែកន្លងមកក៏ដោយ របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញថា សមត្ថភាពរបស់អុីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ នៅតែស្ថិតក្នុងកម្រិតដដែល (ចន្លោះពី ៩ ខែ ទៅ ១ ឆ្នាំ) មិនមានការប្រែប្រួលខ្លាំងខ្លានោះទេ។
ជំហររបស់ភាគីពាក់ព័ន្ធ លោក Steven Cheung នាយកគមនាគមន៍ បានបញ្ជាក់ថា ទំនួលខុសត្រូវចម្បងរបស់ប្រធានាធិបតី គឺធានាសុវត្ថិភាពជនជាតិអាមេរិកពីការគំរាមកំហែងនុយក្លេអ៊ែរ។ អុីរ៉ង់នៅតែបន្តបដិសេធថាខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរឡើយ ដោយអះអាងថាកម្មវិធីរបស់ខ្លួនគឺដើម្បីគោលបំណងសន្តិភាព ទោះបីជាលោកខាងលិចនៅតែមានមន្ទិលសង្ស័យក៏ដោយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖Reuters