ស្លឹកតើយ ឬស្លឹកតយ គឺជាប្រភេទរុក្ខជាតិត្រូពិកដែលមានសារៈសំខាន់ខ្លាំងនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។ ស្លឹកតើយត្រូវបានគេស្គាល់ច្បាស់តាមរយៈក្លិនឈ្ងុយប្រហើរស្រដៀងវ៉ានីឡាដែលជាហេតុធ្វើឲ្យអ្នកខ្លះហៅវាថា "វ៉ានីឡានៃទ្វីបអាស៊ី"។ស្លឹកតើយមិនត្រឹមតែជាគ្រឿងផ្សំធម្មជាតិដ៏អស្ចារ្យនោះទេតែវាថែមទាំងមានគុណប្រយោជន៍ជាឱសថបុរាណ និងមានសារធាតុចិញ្ចឹមជាច្រើនផងដែរ។

ស្លឹកតើយគឺជាតួអង្គសំខាន់ដែលមិនអាចខ្វះបាននៅក្នុងម្ហូបអាហារខ្មែរក៏ដូចជាបង្អែមផ្សេងៗដោយផ្តល់ទាំងក្លិន ពណ៌ និងរសជាតិ៖

•  គេតែងតែយកស្លឹកតើយមកចងជាចំណងដាក់ក្នុងឆ្នាំងបាយ ឬឆ្នាំងដំណើបអំឡុងពេលដាំដើម្បីឱ្យបាយមានក្លិនឈ្ងុយជាប់ចិត្ត។

• ស្លឹកតើយត្រូវបានយកទៅកិននិងច្រោះយកទឹកដើម្បីផលិតជានំខេកស្លឹកតើយឬការ៉េមដែលមានពណ៌បៃតងស្រស់និងក្លិនផ្អែមពីធម្មជាតិ។

• ទឹកស្លឹកតើយដែលកិនស្រស់ផ្តល់នូវពណ៌បៃតងខ្ចី ដ៏ស្រស់ស្អាតសម្រាប់ធ្វើនំផ្សេងៗ ដូចជានំច័ក្កច័ននំបាញ់ឌុក លត និងជាពណ៌លាយក្នុងបង្អែមទឹកខ្ទិះជាដើម។

• ស្លឹកតើយស្រស់ឬស្ងួតត្រូវបានយកទៅដាំជាតែស្លឹកតើយដែលជាភេសជ្ជៈមានក្លិនប្រហើរជួយបំបាត់ការស្រេកទឹក។

 

*តាមឱសថបុរាណស្លឹកតើយមានលក្ខណៈសម្បត្តិព្យាបាលនិងបំប៉នសុខភាពជាច្រើនយ៉ាង៖

-តែស្លឹកតើយជាប្រចាំជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយផលប៉ះពាល់ដល់ការផលិតអាំងស៊ុយលីន។

-ផឹកទឹកស្លឹកតើយដាំពុះ ២ដងក្នុងមួយថ្ងៃ អាចជួយឱ្យសម្ពាធឈាមវិលមកសភាពប្រក្រតីវិញនិងបំបាត់អាការវិលមុខវាជួយកាត់បន្ថយអត្រាលោតរបស់ចង្វាក់បេះដូងធ្វើឱ្យបេះដូងដំណើរការបានល្អ

-យកស្លឹកតើយមកបុកលាយជាមួយប្រេងដូងហើយយកទៅបិទឬលាបលើសន្លាក់ដែលមានអាការឈឺរលាក។

-ផឹកទឹកស្លឹកតើយជួយបញ្ចុះកម្ដៅក្នុងរាងកាយ ព្យាបាលគ្រុនផ្ដាសាយនិងបំបាត់អាការក្រពះពិបាករំលាយអាហារការផឹកទឹកស្លឹកតើយជាប្រចាំជួយពង្រឹងប្រព័ន្ធប្រសាទនិងអាចជួយព្យាបាលជំងឺសរសៃប្រសាទចុះខ្សោយ។

ក្រៅពីអាហារនិងឱសថស្លឹកតើយក៏មានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃផងដែរ៖

• ក្លិនរបស់ស្លឹកតើយអាចជួយការពារមិនឲ្យមូសខាំនិងអាចកម្ចាត់សត្វកន្លាតបានយ៉ាងមានប្រសិទ្ធភាពដោយគ្រាន់តែកិនយកទឹកលាបលើស្បែកឬដាក់ស្លឹកតើយនៅកន្លែងដែលសត្វកន្លាតរស់នៅ។

• ដោយសារក្លិនឈ្ងុយប្រហើរគេនិយមយកស្លឹកតើយទៅដាក់នៅក្នុងទូសម្លៀកបំពាក់ក្នុងរថយន្តឬក្នុងបន្ទប់ដើម្បីបំបាត់ក្លិនមិនល្អនិងផ្តល់ក្លិនក្រអូបពីធម្មជាតិ។

• គេអាចប្រើទឹកកិនស្លឹកតើយដើម្បីលាបលើស្បែកព្យាបាលមុននិងធ្វើឱ្យស្បែកភ្លឺថ្លាម្យ៉ាងវិញទៀតវាក៏ជួយការពារបញ្ហាសក់ជ្រុះនិងព្យាបាលអង្គែផងដែរ។

គួរបញ្ជាក់ថា ស្លឹកតើយមិនមែនត្រឹមតែជារុក្ខជាតិដែលមានក្លិនឈ្ងុយសម្រាប់បន្ថែមរសជាតិបង្អែមប៉ុណ្ណោះទេតែវាគឺជារតនសម្បត្តិបៃតងដែលផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់សុខភាពនិងជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ីអាគ្នេយ៍ជាពិសេសប្រជាជនកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ស្លឹកតើយគឺស្មើនឹងការលើកកម្ពស់អាហារូបត្ថម្ភនិងឱសថធម្មជាតិប្រកបដោយសុវត្ថិភាព។

អត្ថបទ៖ ជួន សុធា