
ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំជាងគេក្នុងប្រទេសកម្ពុជា។ វាមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ តំបន់នេះមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនដែលរំលងទស្សនាសត្វកម្រ ៦ ប្រភេទមានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ។ សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើ គេដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនាពេលមក កម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។


ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំតាមផ្លូវក្រាលកៅស៊ូប្រមាណ ៥គ.ម។
សួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ (PTWRC) គឺជាមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃច្រើនជាងជាសួនសត្វ ដែលផ្តល់ជម្រកសុវត្ថិភាពដល់សត្វកម្រ និងសត្វជិតផុតពូជដែលត្រូវបានសង្រ្គោះចេញពីក្រញ៉ាំរបស់អ្នកប្រមាញ់ខុសច្បាប់ អ្នកជួញដូរ និងអ្នកធ្វើជំនួញសត្វព្រៃខុសច្បាប់។ វាត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន និងសហការជាមួយអង្គការមិនរកប្រាក់ចំណេញ (ជាពិសេស Wildlife Alliance) ដើម្បីសង្គ្រោះ ស្តារឡើងវិញ និងថែទាំសត្វព្រៃដែលត្រូវបានរងគ្រោះពីការចាប់លក់ ឬបាត់បង់ទីជម្រកធម្មជាតិ។
សួនសត្វនេះមានសត្វ និងសត្វស្លាបចំនួន 84 ប្រភេទខុសៗគ្នា នៅក្នុងចំណោមសត្វទាំងនេះ មានសត្វពីរប្រភេទត្រូវបាននាំមកពីក្រៅប្រទេស។ មានសត្វជើងបួនចំនួន 150 ក្បាល ដែលមាន 38 ប្រភេទ មានសត្វបក្សីចំនួន 300 ក្បាល ដែលមាន 38 ប្រភេទ មានសត្វល្មូនចំនួន 30 ក្បាល ដែលមាន៨ប្រភេទ។ ផ្នែកដ៏មានភាពទាក់ទាញខ្លាំងបំផុតមួយនៃសួនសត្វ គឺសត្វខ្លាឃ្មុំ ។ រួមជាមួយនឹងការព័ទ្ធរបងទីធ្លាដ៏ធំមួយដែលមានអាងហែលទឹក តុក្កតា និងអង្រឹង វាគឺជាទីជម្រករបស់សត្វខ្លាឃ្មុំ sun bear ដែលធំជាងគេបំផុតនៅលើពិភពលោក ដែលរួមបញ្ចូលទាំងខ្លាឃ្មុំខ្មៅនៃទ្វីបអាស៊ី ព្រមទាំង សត្វខ្លាឃ្មុំម៉ាឡេស៊ីផងដែរ៕
អត្ថបទ៖ កណ្ណិការ