កាលពីថ្ងៃទី៦ ខែឧសភា ក្រុមហ៊ុន Uber Technologies (UBER.N) បានបង្ហាញការព្យាករថា កំណើននៃការកក់ទុក ក្នុងត្រីមាសទី២ នឹងហក់ឡើងខ្ពស់ជាងការរំពឹងទុករបស់ Wall Street។ កំណើននេះជំរុញដោយតម្រូវការដ៏រឹងមាំលើសេវាកម្មហៅតាក់ស៊ី និងការដឹកជញ្ជូន ទោះបីជាជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលខ្លះៗដល់កំណើនសរុបរបស់ក្រុមហ៊ុនក៏ដោយ។
ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមួយនេះ បានកើនឡើងប្រហែល ៧%។ ការព្យាករណ៍ដ៏វិជ្ជមាននេះ សបញ្ជាក់ពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររក្សាតម្លៃសេវាកម្មឱ្យនៅថេរ និងការងាកទៅរកផ្នែកអាជីវកម្មដែលមានប្រាក់ចំណេញខ្ពស់ ដែលជួយឱ្យក្រុមហ៊ុនអាចទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

កំណើននេះក៏ទទួលបានការគាំទ្រពីតម្រូវការដឹកជញ្ជូនយ៉ាងខ្លាំងក្លានៅលើទីផ្សារអន្តរជាតិ រួមមានប្រទេសអូស្ត្រាលី និងការពង្រីកវិសាលភាពទៅកាន់ទីផ្សារថ្មីៗដូចជាប្រទេសដាណឺម៉ាកជាដើម។ លោក Adam Ballantyne អ្នកវិភាគជាន់ខ្ពស់នៅ Cambiar Investors ដែលជាម្ចាស់ភាគហ៊ុនមួយរូប បានលើកឡើងថា នេះគឺជាសញ្ញានៃស្ថិរភាពនៃតម្រូវការរបស់អ្នកប្រើប្រាស់ និងជាឱកាសដ៏សំខាន់សម្រាប់ Uber ក្នុងការដណ្តើមយកចំណែកទីផ្សារបន្ថែម ទាំងនៅក្នុងតំបន់ជាយក្រុងនៃសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។
យោងតាមទិន្នន័យពី LSEG ក្រុមហ៊ុន Uber រំពឹងថានឹងទទួលបានការកក់ប្រាក់សរុបចន្លោះពី ៥៦,២៥ ពាន់លានដុល្លារ ដល់ ៥៧,៧៥ ពាន់លានដុល្លារ សម្រាប់ត្រីមាសបញ្ចប់ក្នុងខែមិថុនា ដែលតួលេខនេះខ្ពស់ជាងការប៉ាន់ស្មានជាមធ្យមរបស់អ្នកវិភាគ (៥៦,០៧ ពាន់លានដុល្លារ)។ ការព្យាករណ៍នេះ ក៏បានគិតគូររួចជាស្រេចនូវផលប៉ះពាល់ប្រហែល ៦០ ចំណុចមូលដ្ឋាន (basis points) ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ចំពោះប្រាក់ចំណេញដែលបានកែតម្រូវ ក្នុងត្រីមាសទី២ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ៧៨ ទៅ ៨២ សេនក្នុងមួយភាគហ៊ុន។

ទន្ទឹមនឹងនេះ Uber បានបញ្ជាក់ថា ការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់កាន់តែច្រើន បានជួយពន្លឿនដំណើរការជួលបុគ្គលិក និងបង្កើនផលិតភាពនៃប្រតិបត្តិការជារួម។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកខ្លួនពីសេវាកម្មហៅរថយន្ត ទៅជាបណ្តាញសេវាកម្មចម្រុះ រួមមាន៖ ការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស ការធ្វើដំណើរ ពាណិជ្ជកម្មក្នុងស្រុក និងសូម្បីតែការកក់សណ្ឋាគារ។ កម្មវិធីសមាជិកភាព "Uber One" ក៏កំពុងមានសន្ទុះខ្លាំង ដោយមានអ្នកប្រើប្រាស់កើនឡើងលើសពី ៥០ លាននាក់។
ចំពោះយុទ្ធសាស្ត្រយានជំនិះស្វ័យពល(Autonomous Vehicles) Uber បានជ្រើសរើសផ្លូវនៃភាពជាដៃគូ ដោយសហការជាមួយក្រុមហ៊ុនជាង ២០ ដើម្បីដាក់បញ្ចូលរ៉ូបូតតាក់ស៊ី ទៅក្នុងបណ្តាញរបស់ខ្លួន ជាជាងការចំណាយទុនបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង។ ជាក់ស្តែង កាលពីថ្ងៃអង្គារ Uber និងធនាគារ Banco Santander របស់អេស្ប៉ាញ បានព្រមព្រៀងផ្តល់ហិរញ្ញប្បទានចំនួន ១ ពាន់លានអឺរ៉ូ (ប្រហែល ១,១៨ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ប្រតិបត្តិករកងនាវានៅអឺរ៉ុប ក្នុងការធ្វើទំនើបកម្ម និងពង្រីកចំនួនយានយន្តក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters