
បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលនៅទីតាំងអគារមួយឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៊ីណូ និងអគារមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនបរទេសចំនួន១៩នាក់ និងវត្ថុតាងដែលបម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។

សេចក្ដីរាយការណ៍ពីទីតាំងប្រតិបត្តិការបានបញ្ជាក់ថា ទីតាំងទី១ ៖ អគារកាស៊ីណូ មានកម្ពស់ជាង១០ជាន់ ដោយក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញជនជាតិឥណ្ឌូណេស៊ី និងជនជាតិចិន សរុប៧នាក់ ដកហូតលិខិតឆ្លងដែនមួយចំនួន និងឧបករណ៍បម្រើឲ្យសកម្មភាពនៃការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) រួមទាំងឧបករណ៍ធ្វើទារុណកម្មមួយចំនួន និងទីតាំងទី២ ៖ នៅអគារមួយកន្លែង ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញរកឃើញជនបរទេស១២នាក់ ដែលទីតាំងនេះពួកគេបានមកលួចសំងំរត់គេចពីសមត្ថកិច្ច។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដប្រតិបត្តិការឆេកឆេរ និងស្វែងរកវត្ថុតាង ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ