[វ៉ាស៊ីនតោន]៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទុកពេលឱ្យសហភាពអឺរ៉ុប (EU) រហូតដល់ថ្ងៃទី០៤ ខែកក្កដា ដើម្បីបំពេញតាមការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បើពុំនោះទេ លោកនឹងដំឡើងពន្ធលើទំនិញនាំចូលពីអឺរ៉ុប រួមទាំងរថយន្ត ដល់កម្រិតខ្ពស់បំផុត។
តាមរយៈការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា លោកបានកំណត់កាលបរិច្ឆេទថ្មីនេះ ក្រោយកិច្ចពិភាក្សា ដ៏ល្អអស្ចារ្យ តាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាដែរថា អ៊ីរ៉ង់ដាច់ខាតមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។ ជាវិធានការបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បានប្រកាសដំឡើងពន្ធលើរថយន្តនាំចូលពី EU ដល់ ២៥% (កើនពី ១៥% ដែលបានព្រមព្រៀងពីមុន) ដោយសារលោកយល់ថា EU មិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅប្រទេសស្កុតឡែន កាលពីខែកក្កដាកន្លងទៅ។

តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ EU ត្រូវកាត់បន្ថយពន្ធគយលើទំនិញឧស្សាហកម្មរបស់អាមេរិកឱ្យមកនៅត្រឹមសូន្យនិងផ្តល់កូតាដោយមិនបង់ពន្ធលើផលិតផលកសិកម្ម និងគ្រឿងសមុទ្រមួយចំនួន។ ក៏ប៉ុន្តែ ដំណើរការអនុវត្តច្បាប់នេះមានភាពយឺតយ៉ាវនៅក្នុងសភាអឺរ៉ុប។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ខ្ញុំបានរង់ចាំ EU ដោយអត់ធ្មត់ ដើម្បីឱ្យពួកគេបំពេញកាតព្វកិច្ចនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ដែលយើងបានព្រមព្រៀងគ្នានៅទីក្រុង Turnberry ប្រទេសស្កុតឡែន ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មាន។
ដោយយោងទៅលើទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក លោកបានបន្ថែមថា មានការសន្យាថា EU នឹងបំពេញចំណែករបស់ខ្លួន ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ពន្ធគយត្រូវកាត់បន្ថយមកត្រឹមសូន្យ។ ខ្ញុំយល់ព្រមទុកពេលឱ្យពួកគេរហូតដល់ថ្ងៃខួបកំណើតលើកទី ២៥០ នៃប្រទេសយើង (ថ្ងៃទី៤ កក្កដា) បើពុំនោះទេ ពន្ធគយនឹងត្រូវលោតឡើងដល់កម្រិតខ្ពស់ភ្លាមៗ។
ចំណែកលោកស្រី Von der Leyen បានបង្ហោះលើបណ្តាញសង្គម X ថា លោកស្រីបានពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ត្រាំ ហើយភាគីទាំងពីរនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ លោកស្រីបានកត់សម្គាល់ថា វឌ្ឍនភាពល្អកំពុងត្រូវបានធ្វើឡើងឆ្ពោះទៅរកការកាត់បន្ថយពន្ធនៅដើមខែកក្កដាខាងមុខ។ លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មនៃសភាអឺរ៉ុប បានទទួលស្គាល់ថា ទោះបីជាមានវឌ្ឍនភាពក្នុងការឈានទៅលុបចោលពន្ធលើទំនិញអាមេរិក ប៉ុន្តែវានៅតែមានឧបសគ្គខ្លះ ដោយសារការខ្វែងគំនិតគ្នាលើវិធានការការពារផលប្រយោជន៍របស់ប្រទេសសមាជិកមួយចំនួនក្នុងចំណោមទាំង ២៧ ប្រទេស។ អ្នកចរចា EU នឹងជួបគ្នាជាថ្មីនៅថ្ងៃទី១៩ ខែឧសភា ដើម្បីបន្តការពិភាក្សា។
ជាមួយគ្នានេះ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានព្រមានថា ការអនុវត្តរបស់ EU គឺ ហួសកាលកំណត់ហើយ។ លោកបានប្រាប់ទូរទស្សន៍ Bloomberg ថា ប្រសិនបើ EU នៅតែមិនអនុលោមតាម សហរដ្ឋអាមេរិកអាចនឹងមានវិធានការផ្សេងទៀតក្រៅពីការដំឡើងពន្ធរថយន្ត ព្រោះនៅមានធាតុផ្សំជាច្រើនទៀតនៃកិច្ចព្រមព្រៀង ដែលអាមេរិកបានគោរពតាមយ៉ាងពេញលេញ ខណៈខាងអឺរ៉ុបបានអូសបន្លាយពេលអស់ជាច្រើនខែមកហើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters