វិមានរដ្ឋសភា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។

សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN)។
មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះអន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅអន្តរគណៈកម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤បានពិភាក្សាលម្អិតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖
អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី១៨ ដល់២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។
ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
ការបេជ្ញាចិត្ត៖ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។
អត្ថប្រយោជន៍៖អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងាររក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។
ទោសប្បញ្ញត្តិ៖បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ។

ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភា
គណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និង លោកជំទាវ និន សាផុន បានជួបពិភាក្សាជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុន EVN ដើម្បីធានាឱ្យបាននូវ៖
1. ស្ថិរភាពការផ្គត់ផ្គង់៖ បង្ការការដាច់ចរន្តអគ្គិសនី ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។
2. ស្ថិរភាពតម្លៃ៖ រក្សាតម្លៃអគ្គិសនីឱ្យសមរម្យសម្រាប់ជីវភាពប្រជាពលរដ្ឋ។
3. កាតព្វកិច្ចអន្តរជាតិ៖បន្តលិខិតធានាថ្មីជំនួសលិខិតចាស់ដែលផុតសុពលភាពឱ្យបានត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ជារួម រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
ដើម្បីធានាឱ្យកិច្ចដំណើរការកិច្ចប្រជុំវិសាមញ្ញខាងមុខប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តសមាសភាពលេខាធិការចំនួន ៣ រូប រួមមាន៖ ឯកឧត្តម ឃុត ចាន់ដារ៉ា, ឯកឧត្តម ម៉ាត់ សេត និង ឯកឧត្ដម សេង ញ៉ក់ ផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន