នៅពេលដែលច្រកសមុទ្រ Hormuz  ត្រូវបានបិទខ្ទប់ មនុស្សភាគច្រើនមិនសូវភ្ញាក់ផ្អើលទេចំពោះផលប៉ះពាល់លើតម្លៃប្រេង។ ប៉ុន្តែអ្វីដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង គឺសារៈសំខាន់នៃផ្លូវទឹកនេះចំពោះទំនិញយុទ្ធសាស្ត្រមួយទៀតសហរដ្ឋសេដ្ឋកិច្ចសកល នោះគឺ ជីកសិកម្ម។ វិបត្តិនេះបានក្លាយជាកាតាលីករជម្រុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើង ក្នុងការស្វែងរកវិធីសាស្ត្រធ្វើកសិកម្មបែបថ្មី ដែលកាត់បន្ថយការពឹងផ្អែកលើជីគីមី និងបង្កើតភាពធន់ទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ ក៏ដូចជាផលប៉ះពាល់អាកាសធាតុដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធស្បៀងអាហារសកល។

អ្នកគ្រប់គ្រងគោលនយោបាយជាន់ខ្ពស់នៅក្រុមហ៊ុន FAIRR បានលើកឡើងថា ប្រមាណ ៣០% នៃជីកសិកម្មដែលជួញដូរលើទីផ្សារអន្តរជាតិ ត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ។ លោក Metivier បាននិយាយថា ជម្លោះជាមួយអ៊ីរ៉ង់ គឺជាការធ្វើតេស្តសម្ពាធ ចំពោះប្រព័ន្ធស្បៀងអាហារដែលកំពុងពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល។ នេះមិនមែនជាវិបត្តិភូមិសាស្ត្រនយោបាយធម្មតាទេ ព្រោះវាបានវាយប្រហារទាំងវិស័យថាមពល ជីកសិកម្ម និងផលិតកម្មស្បៀងអាហារក្នុងពេលតែមួយ។

ទន្ទឹមនឹងនេះ ប្រធានក្រុមគោលនយោបាយនៅ Economist Impact បានបង្ហាញថា ផលិតកម្ម និងការនាំចេញស្បៀងអាហារពិភពលោក កំពុងស្ថិតក្នុងកណ្តាប់ដៃនៃប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ សកលលោកមានប្រទេសតែ ១៥ ប៉ុណ្ណោះដែលផលិតស្បៀងអាហារបានរហូតដល់ ៧០% នៃតម្រូវការសរុប ហើយក្រុមប្រទេសដដែលនេះ ក៏ក្តោបក្តាប់ការនាំចេញស្បៀងអាហារជាង ៦០% ផងដែរ។ នៅពេលដែលច្រករបៀងពាណិជ្ជកម្មដ៏តូចចង្អៀតទាំងនេះជួបឧបសគ្គ ភាពងាយរងគ្រោះជាប្រព័ន្ធនឹងកើតឡើងភ្លាមៗ។

ការបិទខ្ទប់នេះបានកើតឡើងចំពេលចាប់ផ្តើមរដូវដាំដុះនៅអឌ្ឍគោលខាងជើង។ កសិករប្រឈមនឹងការខ្វះខាត និងកាត់បន្ថយការប្រើប្រាស់ជី ដែលអាចធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ និងនាំទៅរកវិបត្តិខ្វះខាតស្បៀងអាហារស្រួចស្រាវនៅចុងឆ្នាំ។ អង្គការស្បៀងអាហារ និងកសិកម្ម បានព្រមានថា ការបិទច្រកសមុទ្រ Hormuz អូសបន្លាយពេល អាចនាំទៅរក គ្រោះមហន្តរាយកសិ-អាហារសកល។ ជាងនេះទៅទៀត ក៏មានហានិភ័យដែលគេយកដី និងធនធានកសិកម្មទៅផលិត ជីវឥន្ធនៈកាន់តែច្រើន ដើម្បីកេងចំណេញពីតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់ ដែលវានឹងជម្រុញឱ្យការផ្គត់ផ្គង់ស្បៀងអាហារកាន់តែខ្សត់ខ្សោយ។

 អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចពិភពលោកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បានពន្យល់ថា ការផលិតជីគីមីត្រូវការថាមពលខ្ពស់ណាស់ ដូច្នេះវិបត្តិនេះបណ្តាលឱ្យមានទាំងការកើនឡើងថ្លៃដើម និងការខ្វះខាតវត្ថុធាតុដើម។ ផលប៉ះពាល់នេះមិនត្រឹមតែប៉ះពាល់ដល់អឌ្ឍគោលខាងជើងក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវានឹងបន្តរាលដាលដល់រដូវដាំដុះរបស់អឌ្ឍគោលខាងត្បូងថែមទៀត។ ទោះជាយ៉ាងណា វិបត្តិនេះក៏អាចផ្តល់ផលវិជ្ជមានរយៈពេលវែងផងដែរ។ លោកស្រី Holdorf ជឿជាក់ថា ការខ្វះខាតជីអាចក្លាយជាចំណុចផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងប្រព័ន្ធស្បៀងអាហារ ដូចទៅនឹងការចាប់ផ្តើមប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងវិស័យថាមពលដែរ។

កន្លងមក ការកើនឡើងតម្លៃជីគីមីបន្ទាប់ពីវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនបានធ្វើឱ្យតម្រូវការជីធ្លាក់ចុះខ្លាំងនោះទេ ដោយសារតម្លៃកសិផលនៅលើទីផ្សារក៏ខ្ពស់ ដែលជួយទប់ទល់ថ្លៃដើមរបស់កសិករបាន។ ប៉ុន្តែ ប្រធានផ្នែកនិរន្តរភាពនៃវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ Blue Yonder យល់ឃើញថា ផលប៉ះពាល់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ កំពុងបង្ខំឱ្យក្រុមហ៊ុននានាយកចិត្តទុកដាក់ខ្លាំងលើភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។

ធុរកិច្ចនានាចាប់ផ្តើមយល់ថា ការប្រែប្រួលអាកាសធាតុ និងជម្លោះភូមិសាស្ត្រនយោបាយ គឺជាកត្តាពង្រឹងគ្នាទៅវិញទៅមកក្នុងការបង្កើតការគំរាមកំហែង។ ដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ គឺការងាកទៅរក កសិកម្មបង្កើតឡើងវិញ ដែលមានគោលការណ៍ដូចជា កាត់បន្ថយការភ្ជួររាស់ ដើម្បីកុំឱ្យរំខានដល់ស្រទាប់ដី ការដាំដំណាំឆ្លាស់ និងជម្រុញជីវចម្រុះ ការដាំដំណាំគម្របដី ដើម្បីការពារការហូរច្រោះ និងបង្កើនសារធាតុចិញ្ចឹម រួមបញ្ចូលការចិញ្ចឹមសត្វ ដើម្បីទទួលបានជីធម្មជាតិ។

បច្ចុប្បន្ន ក្រុមហ៊ុនអាហារ និងភេសជ្ជៈយក្សរបស់ពិភពលោកដូចជា Mars, Cargill, Unilever, PepsiCo, Coca-Cola, Carlsberg, Heineken និង Pernod Ricard បានប្តេជ្ញាអនុវត្តវិធីសាស្ត្រនេះលើផ្ទៃដីរាប់លានហិកតា។ យោងតាមរបាយការណ៍របស់ UN និង IUCN ប្រសិនបើទ្វីបអាហ្វ្រិកអនុវត្តកសិកម្មបែបនេះ ទិន្នផលដំណាំអាចនឹងកើនឡើង ១៣% នៅឆ្នាំ២០mapping០ ព្រមទាំងអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងប្រែប្រួលដីកសិកម្មទៅជាកន្លែងផ្ទុកកាបូនយ៉ាងមានប្រសិទ្ធភាព។

ទីផ្សារកសិកម្មបង្កើតឡើងវិញសកល ត្រូវបានគេរំពឹងថានឹងលូតលាស់ ១៨.៧% ក្នុងមួយឆ្នាំ ចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៣ ដោយមានសហរដ្ឋអាមេរិកជាទីផ្សារធំបំផុត និងអាស៊ីជាតំបន់ដែលមានកំណើនលឿនបំផុត។ លោកស្រី Meghan Sapp សហស្ថាបនិកសម្ព័ន្ធអឺរ៉ុបសម្រាប់កសិកម្មបង្កើតឡើងវិញ បានចែករំលែកបទពិសោធន៍ថា គំរូផលិតកម្មស្បៀងអាហារធម្មតានៅអឺរ៉ុបលែងមានចីរភាពទៀតហើយ។ យើងបានប្តូរមកអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបធម្មជាតិក្នុងឆ្នាំ២០១៨ ហើយវាបានជួយកាត់បន្ថយថ្លៃដើមគ្រប់គ្រងដីរហូតដល់ ៨០% ចាប់តាំងពីឆ្នាំដំបូង។

 

ចំណែកឯក្រុមហ៊ុនអាហារក្លាសេខ្នាតយក្ស McCain ក៏មានផែនការប្រើប្រាស់ការអនុវត្តនេះលើគ្រប់ផ្ទៃដីដាំដំឡូងបារាំងរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ផងដែរ។ លោក Charlie Angelakos អនុប្រធានផ្នែកកិច្ចការខាងក្រៅ និងនិរន្តរភាពសកលរបស់ McCain បានសង្កត់ធ្ងន់ថា ការសិក្សារបស់ក្រុមហ៊ុនបង្ហាញថា ការអនុវត្តនេះអាចជួយកាត់បន្ថយការចំណាយលើជីសំយោគ និងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងចក្រភពអង់គ្លេសបានរហូតដល់ ៩០៥ លានផោនក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណា ឧបសគ្គចម្បងគឺ ហិរញ្ញវត្ថុ។ អ្នកគ្រប់គ្រងផលប័ត្រនៅ Impax Asset Management បានលើកឡើងថា កសិករភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពលំបាកផ្នែកថវិកា និងខ្វះខាតទុនក្នុងការវិនិយោគលើជម្រើសថ្មីៗ។ ជាងនេះទៅទៀត ផលប្រយោជន៍ពីកសិកម្មបង្កើតឡើងវិញត្រូវការពេលវេលា ទើបហុចផលមកវិញ ប៉ុន្តែថ្លៃដើម និងការផ្លាស់ប្តូរប្រតិបត្តិការត្រូវចំណាយភ្លាមៗ។

ដើម្បីដោះស្រាយបញ្ហានេះ លោកស្រី Meghan Sapp បានបញ្ជាក់ថាកំពុងធ្វើការជាមួយវិស័យធនាគារដើម្បីសាកល្បង ការធានារ៉ាប់រងអន្តរកាល ដើម្បីជួយគាំទ្រចំណូលកសិករក្នុងដំណាក់កាលផ្លាស់ប្តូរ។ ចំណែកក្រុមហ៊ុន McCain ក៏កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយកសិករទទួលបានប្រាក់កម្ចីអន្តរកាល និងការប្រឹក្សាបច្ចេកទេស ដោយឈរលើគោលការណ៍ ចែករំលែកហានិភ័យ ជាជាងការទម្លាក់បន្ទុកទៅលើកសិករ។ ជាចុងក្រោយ លោក Metivier បានបន្ថែមថា រដ្ឋាភិបាលនានាត្រូវតែចូលរួមចំណែក ដោយការរៀបចំរចនាសម្ព័ន្ធឧបត្ថម្ភធនឡើងវិញ ដើម្បីគាំទ្រដល់កសិកម្មប្រកបដោយចីរភាព។ បច្ចុប្បន្ន ថវិកាគាំទ្រសាធារណៈប្រមាណ ៥០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ ត្រូវបានចាក់បញ្ចូលក្នុងវិស័យកសិកម្ម ប៉ុន្តែភាគច្រើនបែរជាទៅលើកទឹកចិត្តដល់ការអនុវត្តកសិកម្មបែបចាស់ ដែលបំផ្លាញបរិស្ថានទៅវិញ។ វិបត្តិច្រកសមុទ្រ Hormuz គឺជាសញ្ញាព្រមានចុងក្រោយដែលបង្ខំឱ្យពិភពលោកត្រូវតែផ្លាស់ប្តូរទម្លាប់នេះជាបន្ទាន់។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters