(រ៉យទ័រ)៖ រដ្ឋមន្ត្រីការពារជាតិបូលីវីបានសម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លារយៈពេលមួយខែមកនេះ។ នេះជាការដើរចេញពីតំណែងរបស់មន្ត្រីកម្រិតខ្ពស់បំផុត ក្រោមការដឹកនាំរបស់ប្រធានាធិបតីនិយមកណ្តាល លោក Rodrigo Paz ដែលរូបលោកផ្ទាល់ក៏កំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែងផងដែរ។
លោក Paz បានផ្ទុះឡើងនូវរលកបាតុកម្មធំៗ បន្ទាប់ពីលោកបានជាប់ឆ្នោតចូលកាន់តំណែងកាលពីខែវិច្ឆិកា ដែលជាការបញ្ចប់ការគ្រប់គ្រងរបស់បក្សឆ្វេងនិយមអស់រយៈពេលជិតពីរទសវត្សរ៍។ ក្រុមបាតុករ រួមមានសហជីពការងារ និងក្រុមអ្នកស្មោះត្រង់នឹងអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales បានរួមគ្នាទាមទារឱ្យរដ្ឋាភិបាលលោក Paz លុបចោលវិធានការរឹតត្បិតសេដ្ឋកិច្ច និងដោះស្រាយបញ្ហាតម្លៃទំនិញនិងជីវភាពដែលកំពុងកើនឡើង។

លោក Ernesto Justiniano អនុរដ្ឋមន្ត្រីទទួលបន្ទុកការងារប្រឆាំងការជួញដូរគ្រឿងញៀន ត្រូវបានជ្រើសរើសឱ្យមកជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន លោក Marcelo Salinas។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Beatriz Garcia ក៏បានលាលែងពីតំណែងកាលពីល្ងាចថ្ងៃអង្គារផងដែរ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Edgar Morales ក៏បានលាលែងពីតំណែងមុននេះដែរ ដោយសារតែមានទស្សនៈមិនចុះសម្រុងជាមួយលោកប្រធានាធិបតី Paz។
ការលាលែងពីតំណែងជាបន្តបន្ទាប់នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Paz បានប្រកាសកាលពីដើមខែឧសភាថា លោកនឹងរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញដើម្បីឆ្លើយតបនឹងការតវ៉ា។ យ៉ាងណាមិញ ខាងការិយាល័យប្រធានាធិបតីមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការផ្លាស់ប្តូរនេះនៅឡើយទេ។ វិបត្តិជម្លោះនេះបានចាប់ផ្តើមឡើងពីការធ្វើកូដកម្មរបស់ក្រុមកម្មករក្នុងខែឧសភា រហូតឈានដល់ការបិទផ្លូវហាយវេ សំខាន់ៗ ដែលធ្វើឱ្យកាត់ផ្តាច់ផ្លូវធ្វើដំណើរទៅកាន់ទីក្រុងជិតខាងគឺ ទីក្រុង La Paz និងទីក្រុង El Alto ដែលមានប្រជាជនរស់នៅសរុបប្រមាណ ២ លាននាក់។
អភិបាលក្រុង El Alto លោក Eliser Roca បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងរបស់លោកកំពុងខាតបង់ថវិកាប្រហែល ៦,៥ លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែការបិទផ្លូវនេះ។ លោកបានជំរុញឱ្យក្រុមអ្នកតវ៉ាក្រាកមកចរចាជាមួយរដ្ឋាភិបាល ដោយកត់សម្គាល់ថា ម្ចាស់អាជីវកម្មខ្នាតតូចកំពុងរងទុក្ខយ៉ាងខ្លាំង គ្រួសារជាច្រើនរស់នៅពឹងផ្អែកលើចំណូលមួយថ្ងៃៗ ពួកគេក៏មានសិទ្ធិស្វែងរកអាហារដើម្បីរស់រានមានជីវិតដែរ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Paz បានឈានជើងមួយជំហានក្នុងការត្រៀមប្រកាសភាពអាសន្ន ដែលអាចនឹងអនុញ្ញាតឱ្យបញ្ជូនកងទ័ពទៅកាន់តាមដងផ្លូវ ដើម្បីប៉ុនប៉ងស្តារសណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់ឡើងវិញ។
នៅក្នុងការជួបជុំគ្នាមួយនៅទីក្រុង El Alto កាលពីថ្ងៃអង្គារ ក្រុមបាតុករបានដុតកង់ឡាន និងស្រែកទាមទារឱ្យលោក Paz ចុះចេញពីតំណែង។ លោក Mario Argollo លេខាធិការប្រតិបត្តិនៃក្រុមមជ្ឈមណ្ឌលកម្មករបូលីវី បានថ្លែងទៅកាន់ក្រុមបាតុករថា រដ្ឋាភិបាលកណ្តាលតែងតែនិយាយអំពីអ្នកដែលបានបោះឆ្នោតគាំទ្រឱ្យគាត់ឡើងកាន់អំណាច ប៉ុន្តែជាអកុសល នៅពេលដែលបានហក់មកកាន់កាប់អំណាចហើយ គាត់បែរជាភ្លេចគិតពីមូលដ្ឋានឆ្នោតរបស់ខ្លួនឯងទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងថាមពលបូលីវី លោក Jose Luis Lupo បានច្រានចោលលទ្ធភាពនៃការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី ដោយលោកបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា ការទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែងទាំងបង្ខំ បែបនេះគឺជារឿង ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។
លោក Paz បានឡើងកាន់តំណែងជាប្រធានាធិបតី ក្រោមការសន្យថានឹងបើកចំហសេដ្ឋកិច្ចប្រទេសបូលីវី ដើម្បីទាក់ទាញការវិនិយោគឯកជនពីបរទេសលើគម្រោងធំៗ ដូចជា រ៉ែ អ៊ីដ្រូកាបូន លីចូម និងថាមពល។ ប៉ុន្តែលោកបានចូលកាន់តំណែងចំពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស។ គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅ លោក Paz ក៏បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីថាមពលម្តងរួចមកហើយ ដោយបានតែងតាំងលោក Marcelo Blanco អតីតអនុរដ្ឋមន្ត្រីថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញឱ្យមកដឹកនាំជំនួសវិញ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters