[ឌូបៃ]៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើទីតាំងយោធារបស់អុីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អុីរ៉ង់បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក។ ការវាយតបគ្នាទៅវិញទៅមកនេះ គឺជាជម្លោះយោធាចុងក្រោយបង្អស់ ស្របពេលដែលកិច្ចចរចាកំពុងធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ។

សហរដ្ឋអាមេរិក និងអុីរ៉ង់ បានបន្តវាយប្រហារគ្នាទៅវិញទៅមកជាញឹកញាប់ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីដើមខែមេសា ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីឈានទៅរកកិច្ចព្រមព្រៀងដែលមានស្ថិរភាពជាងមុន នៅតែបន្តអូសបន្លាយ។ ការវាយបកស្រដៀងគ្នានេះក៏បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរ ដោយភាគីទាំងពីរបានពន្យល់ពីហេតុការណ៍នោះក្នុងលក្ខខណ្ឌប្រហាក់ប្រហែលគ្នានេះ។ គណៈបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារកាលពីចុងសប្តាហ៍លើឆ្នេរសមុទ្រឈង់សមុទ្ររបស់អុីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អុីរ៉ង់ ដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ម៉ូដែល MQ-1 របស់សហរដ្ឋអាមេរិក ខណៈកំពុងប្រតិបត្តិការលើដែនទឹកអន្តរជាតិ។

CENTCOM បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានឆ្លើយតបភ្លាមៗដោយការកម្ទេចប្រព័ន្ធការពារដែនអាកាស ស្ថានីយគ្រប់គ្រងលើដី និងយន្តហោះដ្រូនវាយប្រហារតែមួយទិស ចំនួនពីរគ្រឿងរបស់អុីរ៉ង់ ដែលបានបង្កការគំរាមកំហែងយ៉ាងច្បាស់លាស់ដល់កប៉ាល់ឆ្លងកាត់ដែនទឹកក្នុងតំបន់។ ទន្ទឹមនឹងនេះ CENTCOM អះអាងថា ខ្លួននឹងបន្តការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលបទឈប់បាញ់កំពុងអនុវត្ត។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់ បានថ្លែងកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីសងសឹកនឹងការវាយប្រហារនៅភាគខាងត្បូងប្រទេសអុីរ៉ង់ ប៉ុន្តែមិនបានបញ្ជាក់ចំឈ្មោះមូលដ្ឋានណាមួយឡើយ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត (KUNA) បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសក្នុងប្រទេសគុយវ៉ែត ដែលជាកន្លែងមានមូលដ្ឋានទ័ពសំខាន់មួយរបស់សហរដ្ឋអាមេរិក បានបាញ់ស្ទាក់ការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនកាលពីថ្ងៃចន្ទ ស្របពេលដែលសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញប្រទេស។

សង្គ្រាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលភាគច្រើននៅក្នុងប្រទេសអុីរ៉ង់ និងលីបង់ ព្រមទាំងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ តម្លៃថាមពលបានហក់ឡើងខ្ពស់ ដោយសារតែអុីរ៉ង់បានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានកើនឡើងប្រហែល ២% នៅក្នុងទីផ្សារអាស៊ី ដោយសារតែពាណិជ្ជករព្រួយបារម្ភពីកង្វះវឌ្ឍនភាពក្នុងការចរចា។

នៅក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីយប់មិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនបានលើកឡើងពីការវាយបកខាងយោធានោះទេ ប៉ុន្តែលោកបានបង្ហាញការយល់ឃើញថា អុីរ៉ង់ ពិតជាចង់ធ្វើកិច្ចព្រមព្រៀង។ លោកបានរិះគន់អ្នកដែលរអ៊ូរទាំ និងវាយប្រហារលើកិច្ចចរចា ដោយក្នុងនោះលោកបានហៅអ្នករិះគន់ខ្លះថាជា សមាជិកបក្សរឹប៊្លីកាំងដែលមិនស្នេហាជាតិ។ លោក ត្រាំ បានលើកឡើងថា គ្រាន់តែអង្គុយចុះហើយសម្រាកទៅ វានឹងដំណើរការទៅបានល្អនៅទីបញ្ចប់ ដូចដែលវាតែងតែល្អអ៊ីចឹង។ 

បច្ចុប្បន្ន លោក ត្រាំ កំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងការស្វែងរកដំណោះស្រាយបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីទាញទម្លាក់តម្លៃប្រេងសាំងនៅក្នុងសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតសភាខែវិច្ឆិកាមកដល់ ខណៈដែលអ្នកបោះឆ្នោតអាមេរិកបង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះបញ្ហាអតិផរណានេះ។ ម្យ៉ាងវិញទៀត លោកក៏ត្រូវប្រឈមមុខនឹងសម្ពាធពីក្រុមអ្នកនយោបាយនិយមតឹងរ៉ឹងលើបញ្ហាអុីរ៉ង់នៅក្នុងបក្សរបស់លោក ដែលមិនចង់ឱ្យមានការធ្វើសម្បទានណាមួយទៅកាន់ទីក្រុងតេអររ៉ង់។

លោក ត្រាំ បានបញ្ជាក់ថា គោលបំណងចម្បងរបស់លោកគឺរារាំងមិនឱ្យអុីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរតាមរយៈការចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ទោះបីជាទីក្រុងតេអេរ៉ង់តែងតែបដិសេធថាខ្លួនមិនមានផែនការបែបនេះក៏ដោយ។ លើសពីនេះ ភាគីទាំងពីរក៏នៅមានជម្លោះលើ ការទាមទាររបស់អុីរ៉ង់ឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ច និង ការទាមទារឱ្យដោះលែងប្រាក់ចំណូលពីការលក់ប្រេងរបស់អុីរ៉ង់រាប់សិបពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងធនាគារបរទេស។

ក្រៅពីនេះ សង្គ្រាមរបស់អុីស្រាអែលនៅលីបង់ ជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយអុីរ៉ង់ ក៏ជាឧបសគ្គដ៏ធំមួយទៀតផងដែរ។ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនយ៉ាមីន ណេតានីយ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានប្រកាសថា លោកបានបញ្ជាឱ្យកងទ័ពវាយលុកចូលទៅក្នុងប្រទេសលីបង់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បានពិភាក្សាតាមទូរស័ព្ទជាមួយមេបញ្ជាការកងទ័ពលីបង់ លោក ហ្សូសែហ្វ អោន និងលោក ណេតានីយ៉ាហ៊ូ អំពីការចរចាការទូតរវាងអុីស្រាអែល និងលីបង់ ដោយបានស្នើឡើងនូវផែនការមួយចំនួនដើម្បីឈានទៅរក ការកាត់បន្ថយភាពតានតឹងជាបន្តបន្ទាប់ នៅក្នុងតំបន់។

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters