សត្វផ្សោតដែលមានវត្តមាននៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះនិងស្ទឹងត្រែងបានផ្តល់លទ្ធភាពឲ្យ សហគមន៍នៅក្នុងភូមិសាស្ត្រនេះបានបង្កើត សេវាកម្ម ផ្ទះស្នាក់ អាហារ កង់ ម៉ូតូ គោយន្ត ទូក រួមទាំងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ដែលឆ្លើយតបភ្ញៀវក្នុងស្រុកនិងមកពីក្រៅប្រទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បាន ចុះទៅរៀបចំធ្វើ ទំនើបកម្មប៉ុស្ត៍កាំពី ដោយបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិប្រើប្រាស់ ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃ ដែលសត្វផ្សោតបម្លាស់ទី និងការនេសាទខុសច្បាប់ពីចម្ងាយ ដោយត្រៀមលក្ខណៈសម្បត្តិចេញអន្តរាគមន៍បានទាន់ពេលវេលា ដែលអាចឱ្យការងាររបស់ឆ្មាំទន្លេ អនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមបញ្ជាក់ថាការងារអភិរក្សសត្វផ្សោតទន្លេមេគង្គផ្តល់ផលប្រយោជន៍ធំធេងចំនួន ៣ សំខាន់ៗ គឺការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ ការការពារប្រព័ន្ធអេកូឡូស៊ី និងពូជត្រីកម្រ ព្រមទាំងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ សូមរម្លឹកថាការគាំពារសត្វផ្សោតទន្លេមេគង្គបានបង្ហាញពីសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់ដែលបានធ្វើចឱ្យពី ឆ្នាំ២០២២ខណៈវត្តមានសត្វផ្សោត ចំនួន ៩៦ក្បាល ឆ្នាំ២០២៣មាន ចំនួន ៩៩ក្បាល ឆ្នាំ២០២៤មាន ចំនួន ១០៤ក្បាល ឆ្នាំ២០២៥មាន ចំនួន ១១១ក្បាល ពិសេសគ្មានសត្វផ្សោតស្លាប់សូម្បីតែ១ក្បាលពេញ១ឆ្នាំហើយនៅ ដើមឆ្នាំ២០២៦នេះសត្វផ្សោតបានរកឃើញថាបានកើនឡើងដល់ ១១៦ក្បាល។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «រតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ»។ចំពោះកិត្យានុភាពអន្តរជាតិវិញគឺជួយគាំពារផ្សោតទន្លេមេគង្គជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោកដែលស្ថិតក្នុងបញ្ជីក្រហមរបស់ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)។ទន្ទឹមនេះ ការការពារសត្វនេះបានជួយលើកមុខមាត់កម្ពុជា ក្នុងការចូលរួមចំណែកថែរក្សាជីវចម្រុះសកល។

ប្រភព៖ ក្រសួងព័ត៌មាន