វ៉ាស៊ីនតោន៖ ប្រភពជិតដិតនឹងផែនការនេះចំនួន ៣ បានទម្លាយឱ្យដឹងកាលពីថ្ងៃចន្ទថា កញ្ចប់ថវិកាជិត ១,៨ ពាន់លានដុល្លាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ទូទាត់សំណងដល់ជនរងគ្រោះ នៃអ្វីដែលលោកហៅថា «ការប្រើប្រាស់ប្រព័ន្ធរដ្ឋបាលជាអាវុធធ្វើទុក្ខបុកម្នេញនយោបាយ» នោះ ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ បន្ទាប់ពីសេតវិមានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋដូចគ្នា។

ការបដិសេធដ៏កម្រពីសមាជិកបក្សខ្លួនឯងចំពោះលោក Trump លើកនេះ បានបង្ហាញឱ្យឃើញពីឆន្ទៈរបស់សមាជិកបក្សសាធារណរដ្ឋមួយចំនួន ក្នុងការប្រើប្រាស់អំណាចនយោបាយរបស់ពួកគេដើម្បីទប់ទល់នឹងប្រធានាធិបតី។ ភាពតានតឹងនេះបានកើតឡើង ជាពិសេសបន្ទាប់ពីលោក Trump បានងាកទៅគាំទ្រអគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton ជំនួសឱ្យការគាំទ្រសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែង លោក John Cornyn នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់មួយ។

សំណើមូលនិធិនេះត្រូវបានដកចេញ ស្របពេលដែលសមាជិកព្រឹទ្ធសភាបានត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយឆ្លងផុតទិវាការងាររំលឹកគុណ ហើយបានជួបភាពទាល់ច្រកជាមួយប្រធានាធិបតី ជុំវិញសេចក្តីព្រាងច្បាប់ថវិកាចំនួន ៧២ ពាន់លានដុល្លារ សម្រាប់ផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ និងកងល្បាតព្រំដែន។ មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា លោក John Thune បានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សេតវិមានថា មូលនិធិនេះ ត្រូវតែលុបចោល។

ប្រភពមួយពីសេតវិមានបានទម្លាយដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់ បានដាក់ឱសានវាទមកយើង ដើម្បីពណ៌នាអំពីរបៀបដែលសមាជិកសភាគណបក្សសាធារណរដ្ឋបានចរចាដាក់សម្ពាធលើសេតវិមាន។ ប្រភពដដែលបានបន្តថា គោលដៅរបស់សេតវិមាននៅពេលនេះ គឺធ្វើផ្លូវយ៉ាងណាដើម្បីពន្លឿនការអនុម័តកញ្ចប់ថវិកាជាតិឱ្យបានឆាប់រហ័ស។ ការបះបោរពីសំណាក់សមាជិកបក្សសាធារណរដ្ឋខ្លួនឯង ត្រូវបានគេមើលឃើញថាជាសកម្មភាពប្រឆាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះកន្លងមក លោក Trump តែងតែទាមទារភាពស្មោះត្រង់ដាច់ខាតពីសមាជិកបក្ស ហើយថែមទាំងធ្លាប់គំរាមគាំទ្របេក្ខជនផ្សេងឱ្យមកប្រកួតប្រជែងនៅក្នុងការបោះឆ្នោតផ្ទៃក្នុង ប្រឆាំងនឹងសមាជិកណាដែលហ៊ានងាករេទៀតផង។

ដើមកំណើតនៃមូលនិធិនេះ គឺកើតចេញពីកិច្ចព្រមព្រៀងសម្រុះសម្រួលតាមផ្លូវច្បាប់រវាងលោក Trump និងក្រសួងយុត្តិធម៌ ដើម្បីបញ្ចប់បណ្តឹងទាមទារសំណងចំនួន ១០ ពាន់លានដុល្លារប្រឆាំងនឹងទីភ្នាក់ងារប្រមូលពន្ធ ជុំវិញការចោទប្រកាន់ថាមានការគ្រប់គ្រងមិនត្រឹមត្រូវលើកំណត់ត្រាពន្ធដាររបស់លោក។ ទឹកប្រាក់ជាក់ស្តែងចំនួន ១,៧៧៦ ពាន់លានដុល្លារ គឺត្រូវបានគ្រោងទុកសម្រាប់ទូទាត់ឱ្យប្រជាពលរដ្ឋទាំងឡាយណា ដែលអះអាងថាពួកគេធ្លាប់រងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល។

ទោះជាយ៉ាងណា មូលនិធិនេះបានរងការប្តឹងផ្តល់ភ្លាមៗ និងបង្កឱ្យមានភាពចលាចលខាងនយោបាយយ៉ាងខ្លាំង។ សូម្បីតែសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋខ្លះ ក៏បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែបារម្ភថា ក្រុមអ្នកដែលបានចូលរួមវាយប្រហារវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ អាចនឹងមានឱកាសទទួលបានលុយសំណងដែលជាលុយពន្ធរបស់ប្រជាជន។ ក្រុមអ្នករិះគន់បានថ្កោលទោស និងហៅមូលនិធិនេះថាជា មូលនិធិឃុបឃិតមិនតម្លាភាព។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ចៅក្រមសហព័ន្ធនៅរដ្ឋ Virginia និងរដ្ឋ Florida បានចេញដីកាបង្គាប់ឱ្យផ្អាកមូលនិធិនេះជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១២ ខែមិថុនា ដើម្បីរង់ចាំការពិនិត្យឡើងវិញឱ្យបានដិតដល់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួង មិនយល់ស្របយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់តុលាការនោះទេ ប៉ុន្តែ នាយកដ្ឋាននឹងគោរព និងអនុវត្តតាមដីការបស់តុលាការ។ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ថានឹងបោះបង់ចោលផែនការបង្កើតមូលនិធិនេះទាំងស្រុងនោះឡើយ ពោលគឺគ្រាន់តែអនុវត្តតាមដីកាផ្អាកបណ្តោះអាសន្ន ដែលនឹងត្រូវផុតកំណត់នៅក្នុងខែនេះប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកនាំពាក្យ DOJ ក៏មិនទាន់បានឆ្លើយតបភ្លាមៗថា តើមូលនិធិនេះនឹងត្រូវលុបចោលជាអចិន្ត្រៃយ៍ដែរឬទេ។

ចាប់តាំងពីឡើងកាន់តំណែងជាប្រមុខស្តីទីនៃក្រសួងយុត្តិធម៌កាលពីខែមេសាមក លោក Todd Blanche បានចាត់វិធានការយ៉ាងរហ័សក្នុងការកាត់ទោសក្រុមបុគ្គលដែលត្រូវបានគេមើលឃើញថាជា សត្រូវ របស់លោក Trump ក្នុងគោលបំណងដើម្បីធានាតំណែងជាអគ្គមេធាវីផ្លូវការរបស់លោក។ ក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់លោក បានដំណើរការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអតីតនាយក FBI បង្កើនការស៊ើបអង្កេតលើអតីតនាយក CIA និងបានលុបចោលសេចក្តីប្រកាសព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងការកាត់ទោសក្រុមអ្នកកុបកម្មថ្ងៃទី៦ ខែមករា ចេញពីគេហទំព័រផ្លូវការរបស់ក្រសួង។ ប៉ុន្តែប្រតិកម្មវាយបកជុំវិញរឿងអាស្រូវមូលនិធិនេះ អាចជាឧបសគ្គដ៏ធំបំផុតសម្រាប់រូបលោក ក្នុងការទទួលបានការអនុម័តគាំទ្រពីព្រឹទ្ធសភា ប្រសិនបើលោក Trump តែងតាំងលោកជាអគ្គមេធាវីផ្លូវការមែននោះ។

ដើម្បីបន្ធូរបន្ថយសភាពការណ៍ ប្រភពចំនួនពីរបានព្យាយាមដកសេតវិមានចេញពីរឿងនេះ ដោយអះអាងថា មូលនិធិនេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ក្រសួងយុត្តិធម៌ និងលោក Blanche ប៉ុណ្ណោះ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌ម្នាក់បានលួចទម្លាយថា លោក Blanche មិនដែលបានចូលរួមដោយផ្ទាល់នៅក្នុងការចរចាសម្រុះសម្រួលនេះទេ ប៉ុន្តែគឺលោក Trent McCotter ដែលជាអនុប្រធានជាន់ខ្ពស់របស់លោក រួមជាមួយមេធាវីមកពីការិយាល័យទីប្រឹក្សាច្បាប់ នៃក្រសួងយុត្តិធម៌ទៅវិញទេ ដែលជាអ្នករៀបចំ។

នៅក្នុងកិច្ចប្រជុំដ៏តានតឹងមួយកាលពីខែមុន រវាងសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ និងលោក Blanche ក្រោយការប្រកាសបើកមូលនិធិ សមាជិកសភាជាច្រើនបានស្តីបន្ទោសខ្លាំងៗទៅលើប្រមុខស្តីទីរូបនេះ ជុំវិញផលប៉ះពាល់អវិជ្ជមានផ្នែកនយោបាយដែលបង្កឡើងដោយមូលនិធិមួយនេះ។ ប្រភពដដែលបានឱ្យដឹងថា លោក Trump មិនសូវសប្បាយចិត្តនោះទេ ប៉ុន្តែលោកយល់ថា នេះគឺជាមធ្យោបាយតែមួយគត់ដែលអាចទៅរួច សម្រាប់ពេលនេះ ដោយលោកបន្ថែមថា គ្មានអ្វីជាផ្លូវការនោះទេ ដរាបណាមិនទាន់មានការប្រកាសផ្ទាល់ពីលោក Trump។

លោក Thune ដែលបានជជែកជាមួយសេតវិមានកាលពីចុងសប្តាហ៍ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកគិតថាមធ្យោបាយដ៏ល្អបំផុតគឺ រដ្ឋបាលគួរតែសម្រេចចិត្តបិទវាដោយខ្លួនឯង។ ចំណែកឯប្រធានរដ្ឋសភា លោក Mike Johnson ក៏បានចំណាយពេលប្រជុំយ៉ាងយូរនៅសេតវិមានកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាលើប្រធានបទដ៏ក្តៅគគុកនេះដែរ។ ទោះជាយ៉ាងណា សមាជិកសភាទាំងខាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋមួយចំនួន នៅតែមន្ទិលសង្ស័យថា តើមូលនិធិនេះត្រូវបានលុបចោលពិតប្រាកដមែនឬទេ ហើយពួកគេចង់បានការធានាឱ្យច្បាស់ថា វានឹងមិនលេចរូបរាងឡើងវិញក្នុងទម្រង់ណាមួយផ្សេងទៀតឡើយ។

មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា លោក Chuck Schumer បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា សប្តាហ៍នេះ ខាងបក្សប្រជាធិបតេយ្យនឹងជំរុញសេចក្តីព្រាងច្បាប់ដើម្បីហាមឃាត់ការបង្កើតមូលនិធិមិនតម្លាភាព នេះ ដើម្បីធានាថាគ្មានប្រធានាធិបតីណាម្នាក់អាចធ្វើបែបនេះបានទៀតឡើយ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងសម្រុះសម្រួលខាងលើនេះ ក៏មានខ្នែងចែងរារាំងទីភ្នាក់ងារ IRS មិនឱ្យបន្តធ្វើសវនកម្មលើការប្រកាសពន្ធកន្លងមករបស់លោក Trump សាច់ញាតិ និងក្រុមហ៊ុនរបស់លោក សម្រាប់ការដាក់លិខិតប្រកាសពន្ធទាំងឡាយណាដែលបានធ្វើឡើងមុនថ្ងៃទី១៨ ខែឧសភា ផងដែរ។ ហេតុទើបមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើការផ្អាកដំណើរការមូលនិធិនេះ នឹងជះឥទ្ធិពលដល់ការស៊ើបអង្កេត និងធ្វើសវនកម្មលើរឿងអាស្រូវពន្ធដារកន្លងមករបស់លោក Trump ដែរឬយ៉ាងណា។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters