បាត់ដំបង៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:៤០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចក្រុមទី០៨ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មឿន វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កូនថង់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ