[ទីក្រុងប៊ុយការ៉េស]៖ សមាជិកសភារ៉ូម៉ានីបានបោះឆ្នោតទម្លាក់រដ្ឋាភិបាលចម្រុះគាំទ្រសហភាពអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី Ilie Bolojan ដែលជាការសម្រេចចិត្តមួយបង្កឱ្យមានហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ច ចំណាត់ថ្នាក់បំណុលជាតិ និងលទ្ធភាពទទួលបានមូលនិធិពីសហភាពអឺរ៉ុប។
សំណើដកសេចក្ដីទុកចិត្តនេះទទួលបានសំឡេងគាំទ្រ ២៨១ សំឡេង ដែលលើសពីចំនួនត្រូវការអប្បបរមា (២៣៣ សំឡេង)។ វិបត្តិនេះបានផ្ទុះឡើងបន្ទាប់ពីគណបក្សឆ្វេងនិយម Social Democrats (PSD) ដែលជាគណបក្សធំបំផុតក្នុងសភា បានដើរចេញពីសម្ព័ន្ធភាពរដ្ឋាភិបាលបួនបក្ស ហើយងាកទៅសហការជាមួយគណបក្សប្រឆាំងស្លាបស្ដាំ ដើម្បីទម្លាក់លោក Bolojan ដែលដឹកនាំរដ្ឋាភិបាលភាគតិចតាំងពីចុងខែមេសា។

ភ្លាមៗបន្ទាប់ពីការបោះឆ្នោត រូបិយប័ណ្ណ Leu របស់រ៉ូម៉ានីបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់អឺរ៉ូ។ ទីផ្សារហិរញ្ញវត្ថុបង្ហាញការព្រួយបារម្ភថា ភាពចលាចលនយោបាយនេះនឹងធ្វើឱ្យរ៉ូម៉ានីខកខានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឱនភាពថវិកាដ៏ធំ ខណៈដែលប្រទេសនេះត្រូវការអនុវត្តកំណែទម្រង់ដើម្បីដកយកមូលនិធិស្តារឡើងវិញចំនួន ១០ ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុបឱ្យទាន់កាលកំណត់។
លោកប្រធានាធិបតី Nicusor Dan រំពឹងថានឹងមានការបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗ ប៉ុន្តែលោក Bolojan និងសម្ព័ន្ធមិត្ត (USR) បានប្រកាសបដិសេធមិនចរចាជាមួយក្រុមឆ្វេងនិយម PSD ជាថ្មីឡើយ។ លោកនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Bolojan បានសួរទៅកាន់សមាជិកសភាមុនការបោះឆ្នោតថា តើអ្នកមានផែនការដែរឬទេ? តើនរណាអាចប្រាប់បានថា រ៉ូម៉ានីនឹងដំណើរការយ៉ាងដូចម្ដេចចាប់ពីថ្ងៃស្អែកទៅ? ចំណែកឯ លោក Sorin Grindeanu (មេដឹកនាំ PSD) ក៏បង្ហាញភាពជឿជាក់ថា មានជីវិតក្រោយការបោះឆ្នោតដកទំនុកចិត្ត និងចង់រក្សាសម្ព័ន្ធភាពឱ្យបានទូលំទូលាយ។ ទោះបីជាមានភាពតានតឹង ប៉ុន្តែការបោះឆ្នោតមុនអាណត្តិទំនងជាមិនអាចកើតឡើងឡើយ ដោយសារការបោះឆ្នោតសភាលើកក្រោយត្រូវធ្វើឡើងនៅឆ្នាំ ២០២៨។ បច្ចុប្បន្ន លោក Bolojan នឹងបន្តតំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នដែលមានអំណាចកម្រិត រង់ចាំរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងអនុម័តដោយសភា។
អ្នកវិភាគមើលឃើញថា ការដួលរលំនេះគឺជាឱកាសសម្រាប់គណបក្សប្រឆាំងស្លាបស្ដាំ AUR (Alliance for Uniting Romanians) ដែលកំពុងមានសន្ទុះគាំទ្រខ្លាំងក្នុងការស្ទង់មតិ ខណៈដែលសមាជិកសភាអឺរ៉ុបលោក Siegfried Muresan បានហៅសម្ព័ន្ធភាពរវាងក្រុមឆ្វេងនិយម និង AUR ថាជាចលនា «ប្រឆាំងអឺរ៉ុប»។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters