ខ្លឹមចន្ទន៍​ក្រស្នាជាប្រភេទឈើក្រអូបម្យ៉ាងដែលត្រូវបានគេយកទៅ​ធ្វើជា​គ្រឿងក្រអូប​, គ្រឿង​កែ​សម្រស់ និង​ជាវ​ត្ថុ​មានតម្លៃ​ផ្សេងៗ។ ចន្ទន៍ក្រស្នា ជាសុគន្ធព្រឹក្សម្យ៉ាងមានកំពស់ជាមធ្យម ៣០ ទៅ ៤០ម៉ែត្រ មានដុះក្នុងព្រៃធំដែលមានអាកាសធាតុត្រជាក់ លើដីរាបក្រោមនៃប្រទេសកម្ពុជា នឹងវៀតណាមខាងត្បូង​។ តាមប្រភពស្រាវជ្រាវថ្មី ដើមនេះ មានដុះនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ។ ដើមចន្ទន៍ក្រស្នាភាគច្រើនដុះលូតត្រង់ សំបកដើមមានសណ្ឋានរលោង ក្នុងសាច់ដើមមានសារធាតុជ័រដែលមានក្លិនក្រអូប ដែលជ័រនេះក៏គេអាចប្រើសម្រាប់ធ្វើមេទឹកអប់បាន និងដុតយកក្លិនក្រអូប ។ ដើម​ចន្ទន៍​ក្រស្នា ដែលមាន​ខ្លឹម គឺមាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ ហើយ​ខ្លឹម​ភាគច្រើន​មាននៅ​គល់ និង​ខ្លះ​មាននៅ​កណ្ដាល​ដើ  ម ឬ​មែកឈើ​។

សព្វថ្ងៃដោយសារខ្លឹមចន្ទន៍មានតម្លៃថ្លៃទើបធ្វើអោយមានការដាំដុះវាទៅជាលក្ខណៈកសិកម្មវិញ ដែលដាំជាចម្ការ ហើយមានឈ្មួញគ្រប់ជនជាតិមកទំនាក់ទំនងទិញជាប្រចាំ។ នៅស្រុកចិនគេច្រើនយកខ្លឹមចន្ទន៍ក្រស្នានេះទៅឆ្លាក់ជារូបព្រះផ្សេងៗតាមជំនឿរបស់គេ នឹងមានឆ្លាក់ជាអង្កាំផងដែរ ។ សព្វថ្ងៃនៅប្រទេសកម្ពុជាដើមនេះ ស្ទើរតែផុតពូជទៅហើយនៅក្នុងព្រៃ ព្រោះវាត្រូវបានអ្នកដើរព្រៃស្វែងរកយកទៅលក់ឥតឈប់ឈរ ។

នៅប្រទេសកម្ពុជាយើងដើមខ្លឹមចន្ទន៍មាន ២ប្រភេទ ដោយប្រភេទ Aquilaria Crassna ត្រូវបានប្រជាជនខ្មែរយើងនិយមហៅថា ដើមចន្ទន៍ក្រស្នា ឬ ក្លាំពូ និង តំបន់ខ្លះហៅថា ចន្ទន៍ស ពូជខ្លឹមចន្ទន៍ប្រភេទនេះពុំសូវមានដុះនៅក្នុងព្រៃទេ យើងច្រើនឃើញគេយកដើមរបស់វាមកដាំជាចម្ការ សម្រាប់ប្រមូលផលខ្លឹមលក់ ប៉ុន្តែខ្លឹមទាំងនេះពុំសូវមានតម្លៃទេ ព្រោះក្លិនដែលមាននៅក្នុងខ្លឹមមានកំរិតស្រាល ដែលភាគច្រើនគេពុំសូវពេញនិយមក្នុងការប្រើទេ នេះជាមូលហេតុមួយដែលខ្លឹមចន្ទន៍ចេញពីចម្ការនៅស្រុកខ្មែរយើងពុំសូវមានទីផ្សារ។ ចំណែកពូជខ្លឹមចន្ទន៍មួយប្រភេទទៀតមានឈ្មោះវិទ្យាសាស្ត្រហៅថា Aquilaria Baillonii ពូជខ្លឹមចន្ទន៍ប្រភេទនេះខ្មែរយើងច្រើនហៅថា ចន្ទន៍ក្រគរ ឬក្លាំពាក់ និងចន្ទន៍ក្រហម , ពូជខ្លឹមចន្ទន៍ប្រភេទនេះច្រើនសំបូរមានដុះនៅក្នុងព្រៃណាស់ ពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាហេតុដែលគេយកឈ្មោះដើមខ្លឹមចន្ទន៍ប្រភេទនេះទៅដាក់ជាឈ្មោះស្រុក ។ ខ្លឹមចន្ទន៍នេះហើយជាប្រភេទខ្លឹមចន្ទន៍លេខ១ ដែលមានតម្លៃខ្ពស់លើទីផ្សារ ព្រោះក្នុងខ្លឹមរបស់វាមានក្លិនខ្លាំងជាប្រភេទចន្ទន៍ក្រស្នា និងមានជាតិប្រេងច្រើន ជាហេតុពេលដែលយើងយកខ្លឹមចន្ទន៍ប្រភេទនេះទៅត្រាំក្នុងទឹកវាលេចទៅក្រោម ចំណែកខ្លឹមចន្ទន៍ក្រស្នាជាខ្លឹមអន់ភាគច្រើនអណ្តែត ។

ចំពោះខ្លឹមចន្ទន៍ដែលមានគុណភាពល្អ តម្លៃចាប់ពី ៤០០-៥០០០ដុល្លារ ឬរហូតដល់ជាង១ពាន់ដុល្លារក៏មាន។ ចំណែកប្រភេទតុក (មានអាយុតិច តែក៏ឆាប់មានខ្លឹម) មួយគីឡូក្រាមតម្លៃចាប់ពី ១០០ដុល្លារ ទៅ ១០០ដុល្លារជាង។   

ខ្លឹមចន្ទន៍ក្រស្នានេះ នៅស្រុកអឺរ៉ុប គេយកទៅផលិតជា ទឹកអប់សម្រាប់ប្រើប្រាស់ ខ្លះយកទៅធ្វើជាគ្រឿងសម្អាង នឹងនៅ ប្រទេសអារ៉ាប់គេយកទៅដុតអប់បន្ទប់ អោយក្រអូប។ ចំណែកកខ្លះទៀតគេយកទៅចម្រាញ់ជាប្រេងសម្រាប់ធ្វើមេទឹកអប់ នឹងលាប់ខ្លួន ប្រេងហើយនឹងខ្លឹមចន្ទន៍ក្រស្នា នេះមានតម្លៃថ្លៃណាស់មានតែអ្នកអភិជនដែលគេមានលុយទេ ទើបមានប្រើ ។ ខ្លឹម អាចប្រើជាធូបក្រអូបសម្រាប់យកក្លិនក្រអូប ប្រើជាឱសថបុរាណ ប្រេងចម្រាញ់ចេញកែច្នៃជាមេទឹកអប់ ដើមនិងខ្លឹម គេច្រើនយកមកឆ្លាក់ជាអង្កាំខ្សែក ឬខ្សែដៃសម្រាប់ពាក់ ដើម គេច្រើនយកមកឆ្លាក់ជារូបចម្លាក់ផ្សេងៗសម្រាប់តាំងលម្អក្នុងគេហដ្ឋាន៕

អត្ថបទ​ ៖ កណ្ណិការ