[ទីក្រុងតេហ្គូស៊ីហ្គាល់ប៉ា]៖ មនុស្សយ៉ាងហោចណាស់ ២៤នាក់ ក្នុងនោះរួមមានទាំងមន្ត្រីនគរបាល ៤នាក់ផងដែរ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ហិង្សាដ៏សាហាវពីរផ្សេងគ្នា នៅក្នុងប្រទេសហុងឌូរ៉ាស់ កាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ការវាយប្រហារលើកទី១ បានកើតឡើងនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេស ដែលបណ្តាលឱ្យកម្មករយ៉ាងហោចណាស់ ១៩នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។ ដោយឡែក ការបាញ់ប្រហារលើកទី២ បានកើតឡើងនៅក្នុងទីក្រុងជាប់មាត់សមុទ្រ អូម៉ូអា ក្បែរព្រំដែនប្រទេសក្វាតេម៉ាឡា ជាទីដែលមន្ត្រីនគរបាល ៤នាក់ ត្រូវបានសម្លាប់ក្នុងភារកិច្ច។
លោក Edgardo Barahona អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ជនស៊ីវិលម្នាក់ក៏ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារលើកទី២ នេះផងដែរ។ ក្រោយកើតមានព្រឹត្តិការណ៍ដ៏រន្ធត់ទាំងពីរនេះ អគ្គស្នងការដ្ឋាននគរបាលជាតិហុងឌូរ៉ាស់ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា កម្លាំងសមត្ថកិច្ចនឹងឆ្លើយតបតាមរយៈ ការបើកប្រតិបត្តិការអន្តរាគមន៍ផ្ទាល់នៅក្នុងតំបន់ទាំងពីរ។

គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ នៃការវាយប្រហារលើក្រុមកម្មករនៅកសិដ្ឋានចិញ្ចឹមសត្វ ក្នុងតំបន់ ទ្រូហ្ស៊ីយ៉ូ នៅឡើយទេ។ ទោះជាយ៉ាងណា ភូមិភាគខាងជើងនៃប្រទេសហុងឌូរ៉ាស់ គឺជាតំបន់ដែលតែងតែរងការញាំញីដោយសារជម្លោះដីធ្លីកសិកម្ម អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំណែកឯក្រុមមន្ត្រីនគរបាល ដែលរងការវាយប្រហារនៅពេលកំពុងធ្វើដំណើរពីរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា ទៅកាន់ទីក្រុងអូម៉ូអានោះ គឺជាផ្នែកមួយនៃកម្លាំងបេសកកម្មពិសេស ប្រឆាំងក្រុមទំនើងនិងម៉ាហ្វៀ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ចំនួនអ្នកស្លាប់ពិតប្រាកដនៅក្នុងកសិដ្ឋាន ទ្រូហ្ស៊ីយ៉ូ នៅតែមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់នៅឡើយ ដោយសារតែសាច់ញាតិរបស់ជនរងគ្រោះ បានប្រញាប់ប្រញាល់ទៅប្រមូលសាកសពមនុស្សជាទីស្រឡាញ់របស់ពួកគេចេញពីកន្លែងកើតហេតុ។ ស្របពេលជាមួយគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខហុងឌូរ៉ាស់ លោក Gerzon Velasquez បានលើកឡើងថា សាកសពមួយចំនួននៅក្នុងតំបន់ ទ្រូហ្ស៊ីយ៉ូ អាចនឹងត្រូវបានបក្សពួក ឬបណ្តាញក្រុមឧក្រិដ្ឋជនលួចដឹកចេញ បាត់ទៅហើយ មុនពេលអាជ្ញាធរទៅដល់កន្លែងកើតហេតុ។ រហូតមកដល់ពេលនេះ មិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។
គួរជម្រាបផងដែរថា ប្រទេសហុងឌូរ៉ាស់ បានរងគ្រោះដោយសារអត្រាឧក្រិដ្ឋកម្មកម្រិតខ្ពស់ជាយូរណាស់មកហើយ ដែលបង្កឡើងដោយអំពើហិង្សារបស់ក្រុមទំនើងខុសច្បាប់ និងការជួញដូរគ្រឿងញៀនឆ្លងដែនដ៏រាលដាល។ ទោះបីជាអត្រាឃាតកម្មមានការថយចុះជាងមុនបន្តិចក្តី ប៉ុន្តែបើតាមទិន្នន័យពីគណៈកម្មការអន្តរអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស ហុងឌូរ៉ាស់នៅតែជាប្រទេសដែលមានអត្រាឃាតកម្មខ្ពស់បំផុតលំដាប់ទីពីរ ប្រចាំតំបន់អាមេរិកឡាទីនដដែល។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC