[ទីក្រុងហ្សឺណែវ]៖ នាយកប្រចាំតំបន់អាហ្វ្រិកនៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃសុក្រថា វាគឺជាកំហុសដ៏ធំមួយក្នុងការមើលស្រាលហានិភ័យនៃការផ្ទុះឡើងនៃជំងឺអេបូឡា។ លោកបានគូសបញ្ជាក់ថា គ្រាន់តែមានករណីចម្លងតែមួយករណី ក៏អាចធ្វើឱ្យវីរុសនេះរីករាលដាលឆ្លងផុតពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដាបានដែរ។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលនៃប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺនេះបានបណ្តាលឱ្យមានអ្នកស្លាប់ (ក្នុងករណីសង្ស័យ) ចំនួន ១៦០ នាក់ ក្នុងចំណោមករណីសង្ស័យសរុប ៦៧០ ករណី ដែលក្នុងនោះមាន ៦១ ករណីត្រូវបានបញ្ជាក់ជាផ្លូវការ។ ដោយឡែក នៅក្នុងប្រទេសជិតខាងគឺអ៊ូហ្គង់ដា ក៏ត្រូវបានគេបញ្ជាក់ថាមានអ្នកឆ្លងចំនួន ២ ករណីផងដែរ។

លោក Mohamed Yakub Janabi បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការកណ្តាលរបស់ WHO ក្នុងទីក្រុងហ្សឺណែវថា វាជាកំហុសដ៏ធំមួយក្នុងការមើលស្រាលស្ថានភាពនេះ ជាពិសេសនៅពេលដែលវាជាវីរុសប្រភេទ Bundibugyo ដែលយើងមិនទាន់មានវ៉ាក់សាំងប្រឆាំង ឬប្រើប្រាស់នៅឡើយ។ លោកបានបន្តថា ដូច្នេះ ខ្ញុំពិតជាចង់លើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់ សូមជួយគ្នាទៅវិញទៅមក ដើម្បីឱ្យយើងអាចគ្រប់គ្រងស្ថានការណ៍នេះបាន។

លោក Janabi បានបន្ថែមថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅប្រទេសកុងហ្គោ ហាក់ទទួលបានការយកចិត្តទុកដាក់តិចតួចពីសកលលោក បើប្រៀបធៀបទៅនឹងការផ្ទុះឡើងនៃមេរោគ ហានតាវីរុស កាលពីខែមុន ដែលបានប៉ះពាល់ដល់អ្នកដំណើរតាមកប៉ាល់កម្សាន្តមកពី ២៣ ប្រទេស រួមទាំងប្រទេសមហាអំណាចធំៗផងដែរ។ លោកមានប្រសាសន៍ថា អ្នកគ្រាន់តែត្រូវការករណីប៉ះពាល់ផ្ទាល់តែមួយគត់ ដើម្បីដាក់ពួកយើងទាំងអស់គ្នាឱ្យស្ថិតក្នុងហានិភ័យ ដូច្នេះបំណងប្រាថ្នានិងការបួងសួងរបស់ខ្ញុំ គឺយើងគួរតែផ្តល់ការយកចិត្តទុកដាក់ដល់ជំងឺអេបូឡាឱ្យបានសមរម្យ។

ជំងឺអេបូឡា គឺជាជំងឺបង្កឡើងដោយវីរុសដែលមានស្រទាប់ខ្លាញ់ការពារដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង និងឈឺក្បាលខ្សោយកម្លាំង ឈឺក្អួត និងរាគរូស វាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយ (ដូចជាឈាម ទឹកមាត់) របស់អ្នកផ្ទុកមេរោគ វត្ថុធាតុដែលមានមេរោគ ឬសាកសពរបស់អ្នកដែលបានស្លាប់ដោយសារជំងឺនេះ។ លោក Janabi បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរយៈពេល ឬទំហំនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននោះទេ ដោយលោកបញ្ជាក់ថា ក្រុមអ្នកជំនាញនៅលើដីកំពុងស្ថិតក្នុងដំណើរការវាយតម្លៃ។ លោកបានពន្យល់ថា បម្រែបម្រួលនៃការផ្លាស់ទីលំនៅរបស់ប្រជាជន បានធ្វើឱ្យការវាយតម្លៃស្ថានភាពមានការលំបាក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការធ្វើតេស្ត វិធានការបង្ការការឆ្លង និងការចូលរួមជាមួយសហគមន៍កំពុងតែដំណើរការ។

ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា ជម្លោះជុំវិញការចាត់ចែងសាកសពជនរងគ្រោះ ដែលឈានទៅដល់ការដុតតង់ព្យាបាលជំងឺអេបូឡា បានបង្ហាញឱ្យឃើញពីសារៈសំខាន់ដ៏ចាំបាច់នៃការកសាងទំនុកចិត្តជាមួយប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា យើងកំពុងព្យាយាមប្រយុទ្ធប្រឆាំងនៅលើសមរភូមិទាំងពីរ ពោលគឺទាំងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្ទាល់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីជំងឺនេះ ដែលកំពុងរីករាលដាលក្នុងចំណោមប្រជាជនក្នុងតំបន់។

បញ្ហាប្រឈមដ៏ធំមួយទៀតនោះគឺ ក្រុមអ្នកជំនាញខាងរោគរាតត្បាតនៅមិនទាន់អាចស្វែងរកឃើញ អ្នកជំងឺដំបូងគេបង្អស់នៅឡើយទេ ដែលការស្វែងរកនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់អត្តសញ្ញាណ និងដាក់ឱ្យនៅដាច់ដោយឡែកពីបណ្តាញអ្នកដែលបានប៉ះពាល់ដំបូងៗ។

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖  Reuters