[ព្រុចសែល]៖ គណៈកម្មការអឺរ៉ុបបានស្នើឱ្យមានការលើកលែង និងពន្យារពេលរយៈពេល ៩ខែ លើការហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនមួយកន្លែង ដែលត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្មទី២០ ប្រឆាំងនឹងប្រទេសរុស្ស៊ី។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានថ្លែងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Yangzhou Yangjie Electronic នឹងនៅតែបន្តស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ដដែល ប៉ុន្តែការផ្តល់សម្បទានបណ្តោះអាសន្ននេះ គឺដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប មានពេលវេលាស្វែងរកប្រភពផ្គត់ផ្គង់បន្ទះឈីបផ្សេងមកជំនួស និងដើម្បីជៀសវាង ការរំខានដ៏ធ្ងន់ធ្ងរ ដល់ចង្វាក់ផលិតកម្ម។ ដើម្បីឱ្យសំណើនៃវិធានការបន្ធូរបន្ថយនេះអាចចូលជាធរមានបាន លុះត្រាតែមានការយល់ព្រមជាឯកច្ឆ័ន្ទពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប បាននិងកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើក្រុមហ៊ុន Yangzhou Yangjie Electronic នេះ ក្នុងការជំនួសផលិតផលពីក្រុមហ៊ុនចិនផ្សេងទៀត ដែលត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មក្នុងកញ្ចប់មុនៗ។
ទាក់ទិននឹងមូលហេតុនៃការដាក់ទណ្ឌកម្មនេះ អ្នកនាំពាក្យរូបនោះបានពន្យល់ថា ក្រុមហ៊ុននេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់យើង ដោយសារពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពយោធារបស់រុស្ស៊ី។ ផលិតផលបន្ទះឈីបរបស់ពួកគេ ត្រូវបានគេរកឃើញនៅក្នុងយន្តហោះដ្រូន និងគ្រាប់បែកហោះ ដែលកងទ័ពរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា គោលបំណងពិតប្រាកដនៃការដាក់ទណ្ឌកម្មរបស់យើង គឺដើម្បីផ្លាស់ប្តូរឥរិយាបថ (របស់ក្រុមហ៊ុនដែលជួយរុស្ស៊ី) ហើយយើងក៏ត្រូវខិតខំស្វែងរក តុល្យភាពដើម្បីធានាថា វិធានការទណ្ឌកម្មទាំងនោះ នឹងមិនបង្កជានិទណ្ឌភាព ឬផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបខ្លួនឯងនោះឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters