គោព្រៃជាប្រភេទគោសាទិសមានរូបរាងស្រដៀងទន្សោង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេ អាចសម្គាល់វាបានច្បាស់តាមលក្ខណៈមានបួរវែងធា្លក់ចុះដល់ជង្គង់និងស្ទើរតែដល់ដីនៅពេលវាចាស់។ស្នែង គោព្រៃឈ្មោលនិងញីមានលក្ខណៈខុសគ្នាដោយសារ ស្នែងឈ្មោលធំជាងស្នែងញីវាដុះចេញមកក្រៅកោង ទៅមុខរួចងើបឡើងលើនិងមានបែកចុងស្នែងនៅពេលវា មានអាយុប្រមាណ៣ឆ្នាំ។ស្នែងញីដុះមកមុខរាងងើប បន្តិចរួចរមួលឡើងលើ។ជើងក្រោមជង្គង់ទាំងបួនមាន ពណ៌ស ឬប្រផេះនិងនៅផ្ទៃខាងក្រោយនៃគូទពុំមានដាង ពណ៌សដូចទន្សោងទេ។សម្បុរគោព្រៃអាចប្រែប្រួល នៅពេលក្មេងមានសម្បុរត្នោតដល់ជំទង់មានសម្បុរប្រផេះនិងប្រផេះចាស់នៅពេលវាចាស់។គោព្រៃឈ្មោល ពេញវ័យមានកម្ពស់រហូតដល់១,៨១ម៉ែត្រ។
* គោព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះវាលស្មៅមានព្រៃគម្ពោតនិងជាពិសេសនៅតំបន់ដីច្រាប។វា រស់នៅជាហ្វូងជួនកាលគេអាចជួបប្រទះវារស់នៅជាមួយហ្វូងទន្សោងខ្ទីងឬប្រើសផងដែរ។វាចេញទៅរកស៊ីនៅពេលព្រលឹមនិងព្រលប់។គោព្រៃបន្តពូជនៅខែមេសានិងបង្កើតកូននៅខែធ្នូ ឬ មករា។វាជាសត្វដែលឆាប់ផ្អើលជាងប្រភេទសត្វដទៃទៀត។គោព្រៃមានកម្លាំងខ្លាំងពូកែធន់នឹងកម្តៅថ្ងៃអត់ធន់នឹងចំណីអាហារដែលមានគុណភាពទាបនិងធន់នឹងជំងឺគោឆ្កួត។

គោព្រៃជាប្រភេទមួយកម្របំផុត។វាអាចមាននៅតំបន់មួយចំនួនដូចជាខេត្តសៀមរាបឧត្តរមានជ័យព្រះវិហារភូមិភាគឦសានមានខេត្តមណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង។គោព្រៃមានវត្តមានតែ ក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះគេពុំដែលប្រទះឃើញវត្តមានគោព្រៃទេតែគេនៅមានសង្ឃឹមតិចតួចដែរថាវាអាចនៅមានជីវិតរស់នៅក្នុងប្រទេសនៅឡើយ។គោព្រៃត្រូវបានគេស្គាល់ថាជា "សត្វគោព្រៃដែលគេចវេះបំផុត" របស់ពិភពលោក។ ភាពអាថ៌កំបាំងនេះធ្វើឱ្យគោព្រៃក្លាយជានិមិត្តរូបនៃភាពមិនទាន់ត្រូវបានគេរកឃើញទាំងស្រុង និងជាសញ្ញាបញ្ជាក់ពីទំហំធំធេងនៃ ជីវៈចម្រុះ នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា ដែលនៅតែមានអ្វីជាច្រើនដែលត្រូវស្វែងយល់។
គោព្រៃត្រូវបានកំណត់ជាសត្វ និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា(មរតកធម្មជាតិ) តំណាងឲ្យពពួកថនិកសត្វ។វាស្ថិតក្នុងក្រុមប្រភេទជិតផុត ពូជនិងជាប្រភេទត្រូវបានចុះក្នុងបញ្ជីក្រហម IUCN(CR) ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជបំផុតនៅពិភពលោក។គោព្រៃត្រូវបានហាមឃាត់ ការ បរបាញ់តាំងពីសម័យមុនសង្គ្រាមនៃទស្សវត្សរ៍ទី៦។គោព្រៃត្រូវបានចុះក្នុងឧបសម្ព័នទី១នៃអនុសញ្ញាសាយតេស។

គោព្រៃ
អត្ថបទ៖ ជួន សុធា