រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង ២៨,៧ ប៊ីលានរៀល ដោយត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងពីលទ្ធផលសំខាន់ៗ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងនោះជុំវិញការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ផលិតទឹកស្អាតបានប្រមាណជាង ៣០៨ លានម៉ែត្រគូប, ពង្រីកបណ្តាញចែកចាយបន្ថែមថ្មី បានប្រវែង ៣៩៩ គីឡូម៉ែត្រ និងបង្កើនចំនួនអតិថិជនថ្មី បានចំនួនជាង ២៤ពាន់បណ្តាញ ខណៈអតិថិជនចំណូលទាប មានចំនួនជាង ១ ពាន់បណ្តាញ។

ទាក់ទងនិងចំណូលវិញ, ឯកឧត្តម បន្ថែមឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកស្អាតបានចំនួន ប្រមាណជាង ២៣១ លានម៉ែត្រគូប ដោយប្រមូលចំណូលគិតជាទឹកប្រាក់ សរុបបានចំនួនប្រមាណជាង ៣៧៣ ប៊ីលានរៀល បើគិត ចំណេញពិតក្រោយបង់ពន្ធរួច មានទឹកប្រាក់ជិត ៩៥ ប៊ីលានរៀល ក្នុងនោះចំណេញជាមូលដ្ឋាន ក្នុងមួយភាគហ៊ុន មានទឹកប្រាក់ជាង ១.០៩២ រៀល ។
ចំណែកការបែងចែកភាគលាភ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានភាគហ៊ុនិកវត្តមានសរុប ២១៨ រូប គិតជាភាគហ៊ុនមាន ចំនួនជាង ៧៥ លាន ត្រូវជាប្រមាណជាង ៨៦% នៃចំនួនភាគហ៊ុនធម្មតាសរុប ក្នុងនោះបានអនុម័តបែងចែក ភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួន ២៨,៧ ប៊ីលានរៀល ជូនភាគហ៊ុនិកដែលមានឈ្មោះ ក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៦ (ដោយទឹកប្រាក់ជាង ៤,៣ ប៊ីលានរៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួន ២៤,៣ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសំឡេងឆ្នោតគាំទ្រ ប្រមាណ ជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប) ។

ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ក្នុងទឹកប្រាក់ចំនួន ៣៣០ រៀល/ភាគហ៊ុន។
ក្នុងសន្និបាតនេះដែរ ក៏បានអនុម័តលាភការ របស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន ១ រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន ១,១ ប៊ីលានរៀល ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។
ប្រភព៖ ក្រសួងព័ត៌មាន