ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។

សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) សត្វពង្រូល Sunda pangolin (Manis javanica) សត្វស្វាកន្ទុយស ជើងក្រហម Red-shanked douc langur (Pygathrix nemaeus) សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis) សត្វកែះ Mainland serow (Capricornis sumatraensis) សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa) លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។»
ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់។
ប្រភព៖ ក្រសួងព័ត៌មាន