១. ភាពជាក់លាក់ក្នុងការបញ្ចេញមតិ
ចៅហ្វាយ (ទៅកាន់បុគ្គលិក): ខ្ញុំចង់ឱ្យលោកប្រើជំនាញទំនាក់ទំនងឱ្យមានប្រសិទ្ធភាព! នៅពេលលោកមានសំណួរ សូមសួរឱ្យបានច្បាស់លាស់!
បុគ្គលិក: បាទលោកចៅហ្វាយ! (មួយសន្ទុះក្រោយមក) លោកចៅហ្វាយ! តើលោកអាចប្រាប់ខ្ញុំបានទេថា តើពេលណាលោកនឹងត្រឡប់មកពីសម្រាកថ្ងៃត្រង់? ម៉ោងប៉ុន្មាន? ប៉ុន្មាននាទី? ហើយតើលោកញ៉ាំអី្វខ្លះ?
ចៅហ្វាយ: ហេតុអី្វក៏សួរលម្អិតយ៉ាងនេះ?
បុគ្គលិក: ព្រោះលោកចៅហ្វាយទើបតែប្រាប់ខ្ញុំថាខ្ញុំត្រូវតែនិយាយឱ្យច្បាស់លាស់និងជាក់លាក់តើ! ខ្ញុំមិនចង់សួរលោកម្តងទៀតដោយសារតែខ្ញុំនិយាយមិនច្បាស់លាស់ទេ!
២. ការស្តាប់យ៉ាងសកម្ម (Active Listening)
នៅក្នុងកិច្ចប្រជុំមួយ អ្នកគ្រប់គ្រងកំពុងពន្យល់ពីគម្រោង៖
អ្នកគ្រប់គ្រង: ខ្ញុំត្រូវការឱ្យក្រុមយើងទាំងអស់គ្នាស្តាប់យ៉ាងសកម្ម! ត្រូវផ្តោតអារម្មណ៍ទៅលើព័ត៌មានដែលខ្ញុំនិយាយ!
បុគ្គលិក: បាទលោក! ខ្ញុំស្តាប់យ៉ាងសកម្ម!
(អ្នកគ្រប់គ្រងនិយាយចប់)
អ្នកគ្រប់គ្រង: ឥឡូវប្រាប់ខ្ញុំវិញមើល៍! តើគម្រោងនេះត្រូវបញ្ចប់នៅពេលណា?
បុគ្គលិក: (បិទភ្នែក ហើយចាប់ផ្តើមគិត) ច៎ាស! ខ្ញុំចាំបានថា លោកបាននិយាយអំពី... ថ្ងៃកំណត់... ហើយខ្ញុំក៏ចាំបានថាខ្ញុំបានឃើញពពកនៅខាងក្រៅបង្អួចដែរ! ខ្ញុំកំពុងតែតភ្ជាប់ព័ត៌មានទាំងពីរនេះ!
អ្នកគ្រប់គ្រង: យី! តភ្ជាប់អី្វគេ?
បុគ្គលិក: ខ្ញុំកំពុងតែព្យាយាមយល់ពីអារម្មណ៍ដែលលោកបានបង្ហាញ! ខ្ញុំមិនចាំកាលបរិច្ឆេទទេតែខ្ញុំចាំអារម្មណ៍នៃសម្ពាធ! នោះហើយជាការស្តាប់យ៉ាងសកម្ម!
អត្ថបទ៖ ជួន សុធា