រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានថ្លែងកាលពីថ្ងៃចន្ទថា ការល្បាតរបស់ឆ្មាំសមុទ្រចិននៅដែនទឹក ភាគខាងកើតកោះតៃវ៉ាន់ គឺជា «ទង្វើបង្កហេតុ» ហើយកងទ័ពតៃវ៉ាន់នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងឆ្មាំសមុទ្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។
ប្រទេសចិន ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ (គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ) ជាដែនដីរបស់ខ្លួន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុន និងហ្វីលីពីនបានប្រកាសកាលពីខែមុនថា ពួកគេនឹងចាប់ផ្តើមការចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រ ដែលចិនមើលឃើញថាមានការពាក់ព័ន្ធនឹងដែនទឹកក្បែរកោះតៃវ៉ាន់។ ការកំណត់ព្រំដែន (Delimitation) គឺជាដំណើរការផ្លូវច្បាប់ក្នុងការបង្កើតដែនកំណត់ខាងក្រៅនៃដែនសមុទ្ររបស់រដ្ឋនីមួយៗ។
កាលពីយប់ថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចុះផ្សាយថា នាវាចិនត្រូវបានបញ្ជូនទៅបំពេញ «ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវសមុទ្រពិសេស» នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងការប្រកាសរបស់ជប៉ុន និងហ្វីលីពីន។
ជាការឆ្លើយតប កងឆ្មាំសមុទ្រតៃវ៉ាន់បានបញ្ជូននាវាផ្ទាល់ខ្លួនទៅព្រមានឱ្យនាវាចិនចាកចេញ ហើយបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបាន «បណ្តេញ» នាវាចិនទាំងនោះចេញពីដែនទឹកហាមឃាត់ហើយ។លោក Koo បានថ្លែងនៅក្នុងសភាថា៖ «ទីមួយ នេះគឺជាទង្វើបង្កហេតុ ហើយទីពីរ វាគឺជាសង្គ្រាមចិត្តសាស្ត្រ (Cognitive warfare)»។

លោកបានបន្ថែមថា៖ «ពួកគេកំពុងព្យាយាមទាមទារដែនទឹកភាគខាងកើតជាដែនសមត្ថកិច្ចរបស់ខ្លួនជាលើកដំបូង ប្រៀបដូចជាការបង់សំណាញ់ពីងពាងដ៏ធំមួយគ្របដណ្តប់លើតំបន់នោះ។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិរបស់យើង»។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ គួររំលឹកថា ទីក្រុងប៉េកាំងមិនដែលទទួលស្គាល់ការទាមទារអធិបតេយ្យភាពណាមួយរបស់តៃវ៉ាន់ឡើយ កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបង្ហោះវីដេអូមួយដែលបង្ហាញពីមន្ត្រីចិនម្នាក់ព្រមានឆ្មាំសមុទ្រតៃវ៉ាន់ ដោយនិយាយថា៖ «សូមប្រយ័ត្នសម្តីរបស់អ្នក ភាគីទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺសុទ្ធតែជាផ្នែកនៃប្រទេសចិនតែមួយ»។
ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថា នាវាចិនទាំង៤គ្រឿង បានចាកចេញពីដែនទឹកតៃវ៉ាន់កាលពីព្រលឹមស្រាងៗថ្ងៃចន្ទ ដោយធ្វើដំណើរឆ្ពោះទៅទិសខាងកើត លោក Koo បានបញ្ជាក់ថា កងទ័ពនឹងបន្តរក្សាការសម្របសម្រួលជាមួយឆ្មាំសមុទ្រ តាមរយៈការចែករំលែកព័ត៌មានសម្ងាត់យ៉ាងជិតស្និទ្ធ និងបន្តបន្ទាប់ «ការបង្កហេតុកាន់តែខ្លាំងឡើង»
កាលពីថ្ងៃអាទិត្យ លោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការមហាសមុទ្រតៃវ៉ាន់ ដែលជាអ្នកគ្រប់គ្រងកងឆ្មាំសមុទ្រ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកស្រីថា ចាប់តាំងពីដើមខែឧសភាមក ប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការរយៈពេលមួយខែនៃការ «បង្កហេតុកាន់តែខ្លាំងឡើង»។ លោកស្រីបានបន្តថា សកម្មភាពទាំងនោះរួមមាន ប្រតិបត្តិការជុំវិញកោះប្រាតាស់ (Pratas Islands) ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅផ្នែកខាងលើនៃសមុទ្រចិនខាងត្បូង និងការបញ្ជូននាវាស្រាវជ្រាវមួយគ្រឿងចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។
លោកស្រី Kuan បានបន្ថែមថា៖ «មហាសមុទ្រគួរតែជាមហាសមុទ្រនៃសន្តិភាព មិនមែនជាមហាសមុទ្រនៃជម្លោះ និងការគំរាមកំហែងនោះទេ»។
ជាទូទៅ កងទ័ពជើងទឹកតៃវ៉ាន់គ្រាន់តែតាមដាន និងព្រមាននាវាចម្បាំងចិនប៉ុណ្ណោះ ខណៈដែលកងឆ្មាំសមុទ្រ (ដែលមានតួនាទីជំនួយដល់កងទ័ពជើងទឹកក្នុងគ្រាមានសង្គ្រាម) មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងតាមដាននាវាឆ្មាំសមុទ្ររបស់ចិន។ បច្ចុប្បន្ន យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃទៅហើយ។
ទន្ទឹមនឹងនេះ តៃវ៉ាន់ក៏កំពុងតាមដានយ៉ាងដិតដល់នូវបេសកកម្មពង្រីកវិសាលភាពដោយនាវាផ្ទុកយន្តហោះចិន ឈ្មោះ លីវនីង (Liaoning) នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចផងដែរ។ លោក Koo បានបង្ហើបថា បច្ចុប្បន្ននាវានោះកំពុងស្ថិតនៅក្នុងដែនសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន។
រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងមិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកតៃវ៉ាន់មកក្រោមកម្សិលការគ្រប់គ្រងរបស់ខ្លួននោះទេ ខណៈដែលរដ្ឋាភិបាលតៃវ៉ាន់តែងតែច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងជាដាច់ខាត។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters