ម៉ានីល៖ យោងតាមក្រុមការងារពិសេសទទួលបន្ទុកសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន បានឱ្យដឹងកាលពីម្សិលមិញថា ក្រសួងការបរទេសហ្វីលីពីន បានចាត់វិធានការការទូតសមស្របប្រឆាំងនឹងប្រទេសចិន ពាក់ព័ន្ធនឹង វត្តមានខុសច្បាប់ នៃរចនាសម្ព័ន្ធអណ្ដែតទឹកនៅក្នុងដែនសមុទ្រដែលមានជម្លោះ។ ក្រុមការងារដដែលបានបញ្ជាក់ពីវត្តមាននៃរចនាសម្ព័ន្ធអណ្ដែតទឹកទំហំ ៦ គុណ ៦ ម៉ែត្រ ដែលមានបំពាក់នូវអ្វីដែលហាក់ដូចជាអង់តែន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough ក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារពិសេសបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីននឹងបន្តចាត់វិធានការសមស្របស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ ដោយសង្កត់ធ្ងន់ថា ការការពារអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន នៅតែជាអាទិភាពខ្ពស់បំផុត។ ក្រុមការងារបានបន្ថែមថា រចនាសម្ព័ន្ធនេះដំបូងឡើយត្រូវបានគេប្រទះឃើញនៅត្រង់ច្រកចូលបឹងថ្មប៉ប្រះទឹកនេះ ប៉ុន្តែក្រោយមកក៏ត្រូវបានគេឃើញថាវាបានបាត់ទៅវិញ។

ទោះបីជាមិនមានការបញ្ជាក់ច្បាស់ពីពេលវេលានៃការថតរូបភាពទាំងនោះក៏ដោយ ប៉ុន្តែលោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ក្នុងកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរីថា លោកបានទទួលព័ត៌មានពីវត្តមាននៃរចនាសម្ព័ន្ធនេះរួចហើយ។ ក្រុមការងារកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនេះ ដើម្បីវាយតម្លៃពីលក្ខណៈ គោលបំណង និងផលប៉ះពាល់នៃការដំឡើងសំណង់ ដោយពួកគេនៅតែទទូចថា តំបន់ Scarborough គឺជាផ្នែកមួយនៃដែនសមុទ្រហ្វីលីពីន ដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ។
ចំណែកក្រសួងការបរទេសចិនវិញ នៅថ្ងៃអង្គារដដែល បានរំលឹកឡើងវិញនូវ អធិបតេយ្យភាពដែលមិនអាចប្រកែកបាន របស់ខ្លួនលើតំបន់ថ្មប៉ប្រះទឹក Scarborough (ដែលចិនហៅថា កោះ Huangyan) និងដែនទឹកជាប់គ្នា។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពរបស់ចិន រួមទាំងការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជារឿងស្របច្បាប់ ហើយបានជំរុញឱ្យហ្វីលីពីន បញ្ឈប់រាល់ការរំលោភលើដែនសមុទ្រ ការបង្កហេតុ និងការឃោសនាបំផ្លើស។

យោងតាមរូបភាពផ្កាយរណបដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបានកាលពីថ្ងៃទី៥ ខែមិថុនា បានបញ្ជាក់ពីវត្តមាននៃរចនាសម្ព័ន្ធមួយនៅច្រកចូលបឹង ប៉ុន្តែរូបភាពក្រោយៗមកទៀតបានបង្ហាញថាវាលែងមានវត្តមាននៅទីនោះទៀតហើយ។
គួររំលឹកថា Scarborough គឺជាតំបន់នេសាទដ៏សំខាន់ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសហ្វីលីពីន និងមានចម្ងាយប្រហែល ៨៧៤ គីឡូម៉ែត្រពីកោះហៃណានរបស់ចិន។ ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ និងនាវាយោធាជាប្រចាំនៅក្នុងតំបន់នេះ។ ទោះបីជាការអះអាងពីអធិបតេយ្យភាពលើតំបន់នេះមិនទាន់ត្រូវបានដោះស្រាយជាស្ថាពរក៏ដោយ ប៉ុន្តែសាលក្រមមជ្ឈត្តកម្មឆ្នាំ២០១៦ បានសម្រេចភាគច្រើនផ្ដល់សិទ្ធិឱ្យហ្វីលីពីន ដោយបញ្ជាក់ថា ការបិទខ្ទប់របស់ចិនលើតំបន់នេះបានបំពានច្បាប់អន្តរជាតិ និងថាទីនេះគឺជាតំបន់នេសាទបែបប្រពៃណីសម្រាប់ប្រទេសមួយចំនួន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters