(រ៉យទ័រ)៖ មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកទឹកដីបានជាង ៦០០ គីឡូម៉ែត្រក្រឡាត្រឡប់មកវិញ គិតចាប់ពីដើមឆ្នាំ ២០២៦ មក។ នេះគឺជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរសន្ទុះនៃសង្គ្រាម បន្ទាប់ពីកងទ័ពរុស្ស៊ីបានវាយលុកយឺតៗប៉ុន្តែឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំ។
លោក Syrskyi បានបញ្ជាក់នៅលើបណ្តាញ Telegram ថា ក្នុងខែឧសភាតែមួយ អ៊ុយក្រែនដណ្តើមបានទឹកដីចំនួន ១០០ គីឡូម៉ែត្រក្រឡា ដែលជាទំហំធំជាងទឹកដីដែលខ្លួនបានបាត់បង់។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា តំបន់ណាខ្លះដែលកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់នោះទេ ដោយគ្រាន់តែបង្ហើបថា នៅតាមបណ្តោយជួរមុខប្រវែង ១.២០០ គីឡូម៉ែត្រ កងកម្លាំងអ៊ុយក្រែននៅតែបន្តរក្សាគំនិតផ្តួចផ្តើមក្នុងការវាយលុក។

កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា អ៊ុយក្រែនបានដណ្តើមយកទឹកដីប្រហែល ៦០០ គីឡូម៉ែត្រក្រឡាត្រឡប់មកវិញក្នុងឆ្នាំ ២០២៦។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានភ្លាមៗនោះទេ។ ការកំណត់ព្រំដែននៃការគ្រប់គ្រងទឹកដីនៅក្នុងប្រទេសអ៊ុយក្រែនមានការលំបាក ដោយសារតែសង្គ្រាមដ្រូនបានបង្កើតឱ្យមានតំបន់គ្រោះថ្នាក់ ដ៏ធំទូលាយនៅតាមបណ្តោយសមរភូមិ។ ប៉ុន្តែក្រុមអ្នកវិភាគឯករាជ្យដែលតាមដានផែនទីសឹកបានរាយការណ៍ថា សន្ទុះនៃការវាយលុករបស់រុស្ស៊ីបានថយចុះ ឬមានការដកថយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជាការប្រែប្រួលមួយចាប់តាំងពីការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ ២០២៣ ទទួលបានលទ្ធផលមិនសមប្រកប។
ទោះជាយ៉ាងណា លោក Syrskyi បានសង្កត់ធ្ងន់ថា កងកម្លាំងរុស្ស៊ីនៅតែព្យាយាមវាយលុកនៅភាគខាងកើត និងភាគខាងត្បូង ដោយលោកបានពណ៌នាស្ថានភាពនៅទីនោះថា លំបាកនិងមានការប្រែប្រួលជានិច្ច ព្រមទាំងមានការប៉ះទង្គិចប្រយុទ្ធគ្នាកើនឡើងខ្លាំង។ ក្នុងនោះតំបន់ជុំវិញទីក្រុង Pokrovsk នៅភាគខាងកើត ដែលរុស្ស៊ីបានព្យាយាមដណ្តើមយកយ៉ាងពេញលេញចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ មក គឺជាចំណុចដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត។

ទន្ទឹមនឹងនេះ ផែនទីសមរភូមិឯករាជ្យ DeepState បានបង្ហាញថា ទីក្រុង Pokrovsk ត្រូវបានរុស្ស៊ីកាន់កាប់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែលទីក្រុងមូស្គូអះអាងថា បានដណ្តើមយកតំបន់នេះតាំងពីខែធ្នូ ឆ្នាំមុន។ លោក Syrskyi ក៏បានបញ្ជាក់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Oleksandrivka (អូឡិចសាន់ឌ្រីវកា)និង Huliaipole(ហ៊ូលីយ៉ាប៉ូល) ផងដែរ។ អ្នកវិភាគយោធាបានកត់សម្គាល់ថា ការវាយលុករបស់អ៊ុយក្រែនកាលពីដើមឆ្នាំនេះ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ បានជួយរំខានដល់ផែនការវាយលុកនៅរដូវផ្ការីករបស់រុស្ស៊ី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅជុំវិញទីក្រុង Pokrovsk ផងដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters