លោក គង់ សំអឿន គឺជាតារាភាពយន្តខ្មែរដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពជាងគេបំផុតម្នាក់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ រហូតមកដល់បច្ចុប្បន្ននេះទោះបីជាខ្សែភាពយន្តភាគច្រើនបានបាត់បង់ទៅហើយក្តីក៏កេរ្តិ៍ឈ្មោះនិងទេពកោសល្យរបស់លោកនៅតែដក់ជាប់ក្នុងក្រអៅបេះដូងមហាជនខ្មែរគ្រប់ជំនាន់។

• លោកកើតនៅឆ្នាំ ១៩៤៧ នាភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាតារាសម្តែងភាពយន្ត និងជាអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់លោកចាប់ផ្តើមល្បីខ្លាំងនៅក្នុងឆ្នាំ ១៩៧០ ដល់ ១៩៧៥ ដោយត្រូវបានគេចាត់ទុកជា "កំពូលតារាឯក" ក្នុងវិស័យភាពយន្តខ្មែរសម័យនោះលោកត្រូវបានគេស្គាល់ថាជាតារាឯកដែលនិយមសម្តែងតួបែបមនោសញ្ចេតនាខ្លាំង។

• ក្នុងនាមជាអ្នកសិល្បៈលោកបានចូលរួមក្នុងមហោស្រពភាពយន្តនានាក្នុងតំបន់អាស៊ីដូចជាហុងកុង សិង្ហបុរីនិងបាងកកហើយភាពយន្តដែលលោកយកទៅប្រកួតប្រជែងភាគច្រើនសុទ្ធតែទទួលជោគជ័យ និងទទួលបានពានរង្វាន់ទៀតផង។

• លោកបានរៀបការជាមួយអ្នកនាង គីម ណូវ៉ា ដែលជាតារាសម្តែងរួមជំនាន់ដ៏ល្បីល្បាញមួយរូបដែរ។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន ៨ នាក់ (ប្រុស ៥ ស្រី ៣) ដែលប្អូនៗប្រាំនាក់របស់លោកក៏សុទ្ធតែជាតារាភាពយន្តទាំងអស់រួមមាន៖ គង់ សំអាត، គង់ ឡុច និង គង់ ចន្ថា ជាដើម។ លោក គង់ សំអឿន បានទទួលមរណភាពក្នុងរបបខ្មែរក្រហមនាឆ្នាំ ១៩៧៦។

*លក្ខណៈសម្បត្តិនិងចរិតលក្ខណៈ

លោក គង់ សំអឿន មិនត្រឹមតែមានរូបរាងសង្ហានិងទេពកោសល្យសម្តែងដ៏ពូកែប៉ុណ្ណោះទេលោកក៏មានចរិតលក្ខណៈដ៏គួរឱ្យគោរពស្រឡាញ់ផងដែរ៖

• លោកមានចរិតគោរពចាស់ទុំនិងស្រឡាញ់ក្មេងៗមហាជនជាច្រើនបានចាត់ទុកការបានឃើញលោកផ្ទាល់នៅទីសាធារណៈថាជាសំណាងមួយព្រោះលោកមិនសូវចេញក្រៅឡើយហើយពួកគេស្រឡាញ់លោកខ្លាំងរហូតដល់មានការប្រៀបធៀបថាដូចបានជួប "ទេវតាចុះពីលើមេឃ"។ មានការរៀបរាប់ថាពេលលោកផាត់មុខតែងមានក្មេងៗមកចោមរោមជុំវិញហើយលោកតែងលើកក្មេងតូចជាងគេមកដាក់លើភ្លៅបណ្តើរផាត់មុខបណ្តើរដោយមិនខ្លាចប្រឡាក់នឹងដៃជើងក្មេងឡើយ។

*ខ្សែភាពយន្តល្បីៗមួយចំនួន

លោក គង់ សំអឿន បានសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿងដែលមានតែឈ្មោះមួយចំនួនប៉ុណ្ណោះដែលនៅសល់ជាឯកសារប្រវត្តិសាស្ត្ររួមមាន៖

• រឿង ថាវរីមាសបង

• រឿង ពុទ្ធិសែន នាងកង្រី

• រឿង សុវណ្ណហង្ស

• រឿង ទិព្វ​សូដា​ច័ន្ទ

• រឿង អនអើយស្រីអន

• រឿង ស្រមោលអតីតកាល (សម្តែងរួមជាមួយលោក ជា យុទ្ធថន)

• រឿង បំណុលឈាមឪពុក (សម្តែងរួមជាមួយលោក ជា យុទ្ធថន)

• រឿង អ៊ីណាវបុស្សិបា

• រឿង បញ្ចពណ៍ទេវី

-លោក គង់ សំអឿន ពិតជាវីរៈបុរសដ៏អស្ចារ្យម្នាក់ក្នុងវិស័យសិល្បៈភាពយន្តខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។

 

 

អត្ថបទ៖ ជួន សុធា