ចាប៉ី​ដង​វែង​គឺ​ជា​ឧបករណ៍​សិល្បៈ​ប្រពៃណី​ខ្មែរ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជីវិត ទំនៀម​ទំលាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ចាប៉ីដងវែង ជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិនៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៦ បាន​អនុម័ត​យល់ព្រមក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​អរូបី​លើក​ទី​១១​នៅ​ទីក្រុង អា​ឌី​សអា​បា​បា ប្រទេស​អេ​ត្យូ​ពី។

ចាប៉ីដងវែង​ចែកចេញជា ៣ ផ្នែក​គឺ តួ ខ្សែ និង​ក្រចក ហើយត្រូវគេចែកជាបន្តមានដូចជា៖

  1. ដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង ដែលធ្វើអំពីដើមក្រសាំងកាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដើមក្រសាំងមកធ្វើជំនួសបាន ។
  2. ប្រពែ គឺចាប់ពីប្រលួតទៅដល់ផ្នែកខាងចុង។
  3. ព្រលួត (បង្គាន) មាន២ ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សម្រាប់រឹតខ្សែសំនៀង២ ចាប៉ីខ្លះមានព្រលួត៤ គឺសម្រាប់រឹតខ្សែសំនៀងទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ ហើយធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ។
  4. ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសម្រាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំងឡាយ ហើយខ្ទង់មានចំនួន១២ដែលតូចធំ ទាបខ្ពស់ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ខ្លួន ។
  5. ស្នូក ឬប្រអប់សំនៀងមានរាងដូច ផ្លែម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរមូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក ។
  6. ខ្សែចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤មានសំនៀងតែ២ទេ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក។ ខ្សែទី២ធំឈ្មោះថា ខ្សែគ។ខ្សែទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ។
  7. ក្រចកសម្រាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។

ចាប៉ី​ដង​វែង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្រើ​សំនៀង ​ត្រួត​ជាង​សំនៀង​រាយ ។ នៅ​ពេល​ប្រគំ​បទ​ណា​ក៏​ដូច​ជា​បទ​ណា​ដែរ គេ​តែង​តែ​ត្រេះ​ខ្សែ​ទាំង​២​ស្មើគ្នា ប៉ុន្ដែ​លំនាំ​សាច់​បទ គឺ​ស្ថិត​នៅ​លើ​ខ្សែ​ឯក​ដោយ​គេ​ប្រើ​ម្រាមដៃ​ចុច​ចុះ​ចុច​ឡើង​ទៅ​តាម​លំនាំ​ នៅ​លើ​ខ្សែ​នេះ រីឯ​ខ្សែ​គ គេ​ត្រេះ​បង្ហើរ​ចោល​សម្រាប់​ជួយ​បន្ទរ​សាច់​បទ​ប៉ុណ្ណោះ ។

ប្រសិនបើ​គេ​ចង់​បាន​ចាប៉ី​ដង​វែង​ឱ្យ​មាន​សំនៀង​ល្អ ឮ​ខ្លាំង គេ​ត្រូវ​ធ្វើ​វា​តាម​ពាក្យ​ស្លោក​ចាស់​បុរាណ​ថា «ស្នូក​រាំង ដង​ក្រសាំង សន្ទះ​ខ្ទុម្ព គីង្គក់​ធ្នង់ ខ្ទង់​ឆ្អឹង» ។ ការ​បង្រៀន​ចាប៉ី​ដង​វែង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត គេ​តែងតែ​ប្រើ​ភាសា​ចាប៉ី​ថា «ត្រែង ទីង​ត្រែង ទីរី​រែង ទីង​ត្រែង ទីង​ទីង​ត្រែង ទីរី រែង ទីង​ត្រែង» ។ តាម​គំនិត​ចាស់​បុរាណ​បាន​ឱ្យ​និមិត្ដរូប​លើ​ឧបករណ៍​នេះ​ថា «ស្នូក​តំណាង​ក្បាល​នាគ ដង​តំណាង​ខ្លួន​នាគ ប្រពែ​តំណាង​កន្ទុយ​នាគ» ។ 

គូសបញ្ជាក់ថា ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីប្រពៃណីដ៏សំខាន់មួយ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងជាប់ពាក់ព័ន្ធជិតស្និទ្ធនឹងជីវិតប្រជាជនកម្ពុជា។ វាមានតួនាទីមិនត្រឹមតែបង្កើតសម្លេងតន្ត្រីផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ជូនអ្នកស្តាប់ ទស្សនា ទទួលបាននូវចំណេះដឹង អប់រំសង្គម និងល្បងប្រាជ្ញា តាមរយៈបទចម្រៀង និងភ្លេងចាប៉ីដងវែង បានបង្ហាញពីការរស់នៅប្រចាំថ្ងៃ សង្គមជាក់ស្តែង និងអប់រំទូន្មានទាំងសីលធម៌ និងចរិយា៕

អត្ថបទដោយ៖ កណ្ណិការ