ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok កំពុងអភិវឌ្ឍបន្ទះឈីប CPU ផ្ទាល់ខ្លួន ដើម្បីគាំទ្រតម្រូវការហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងកើនឡើង ខណៈវិបត្តិតម្លៃឈីប និងការខ្វះខាតផ្គត់ផ្គង់នៅតែបន្តកើតមាន។ យោងតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងប្រើប្រាស់ CPU ថ្មីនេះនៅក្នុងម៉ាស៊ីនមេ និងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ដើម្បីគាំទ្រការដាក់ដំណើរការផលិតផល AI ប្រភេទ Agent-based រួមទាំងវេទិកា Coze ផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ក៏កំពុងសហការជាមួយដៃគូខាងក្រៅ ដើម្បីជួយក្នុងការរចនាបន្ទះឈីប និងស្វែងរកសមត្ថភាពផលិតនៅរោងចក្រផលិតស៊ីលីកុន ខណៈគម្រោងនេះនៅស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនកំពុងអភិវឌ្ឍ CPU ចំនួនពីរប្រភេទ ដោយមួយផ្អែកលើស្ថាបត្យកម្ម Arm និងមួយទៀតផ្អែកលើ RISC-V ដើម្បីធ្វើការប្រៀបធៀប និងជ្រើសរើសជម្រើសសមស្របសម្រាប់តម្រូវការមជ្ឈមណ្ឌលទិន្នន័យរយៈពេលវែង។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនេះកើតឡើងចំពេលតម្រូវការ CPU សម្រាប់ AI កំពុងកើនឡើងខ្លាំងនៅទូទាំងពិភពលោក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជាGoogle, Amazon និង Microsoft ក៏កំពុងពង្រីកការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនដូចគ្នា។
បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance នៅតែពឹងផ្អែកលើ CPU ពី Intel និង AMD ប៉ុន្តែតម្លៃបានកើនឡើងពី 10% ដល់ 35% ក្នុងរយៈពេលថ្មីៗនេះ ដែលជំរុញឲ្យក្រុមហ៊ុនពន្លឿនគម្រោងអភិវឌ្ឍឈីបផ្ទាល់ខ្លួន។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters