ដ្រូនមួយរបស់រុស្ស៊ី បានធ្លាក់បុកអគារលំនៅឋានមួយក្នុងទីក្រុង Galatiភាគខាងកើតប្រទេសរ៉ូម៉ានី កាលពីព្រឹកថ្ងៃសុក្រ បណ្ដាលឲ្យមានអគ្គិភ័យ និងមនុស្ស២នាក់រងរបួស ខណៈរុស្ស៊ីកំពុងបើកការវាយប្រហារនៅតំបន់ជិតព្រំដែនអ៊ុយក្រែន។ ក្រសួងការពារជាតិរ៉ូម៉ានីបានឲ្យដឹងថា ដ្រូននោះបានចូលក្នុងដែនអាកាសរ៉ូម៉ានី ហើយត្រូវបានប្រព័ន្ធរ៉ាដាតាមដានរហូតដល់ភាគខាងត្បូងទីក្រុង Galati មុនពេលធ្លាក់លើដំបូលអគារលំនៅឋាន និងបង្កអគ្គិភ័យ។ អគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នរ៉ូម៉ានីបានបញ្ជាក់ថា គ្រឿងផ្ទុះទាំងមូលដែលបំពាក់លើដ្រូនបានផ្ទុះឡើង បណ្ដាលឲ្យឆេះជាន់ទី១០នៃអគារ។ មនុស្សប្រមាណ៧០នាក់ត្រូវបានជម្លៀសចេញ ខណៈមនុស្ស២នាក់ទទួលរងរបួសស្រាល និងបានទទួលការព្យាបាលភ្លាមៗ។

នេះជាលើកដំបូងហើយដែលពលរដ្ឋរ៉ូម៉ានីរងរបួសដោយសារដ្រូនរុស្ស៊ី ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំ២០២២។ កន្លងមក ដ្រូន និងបំណែកដ្រូនរុស្ស៊ីធ្លាប់ឆ្លងចូលទឹកដី Romania ជាច្រើនលើក ប៉ុន្តែមិនធ្លាប់បណ្ដាលឲ្យមានអ្នករងគ្រោះឡើយ។ ក្រសួងការបរទេសរ៉ូម៉ានីបានចាត់ទុកហេតុការណ៍នេះថា ជា «ការបង្កើនភាពតានតឹងដ៏ធ្ងន់ធ្ងរ និងគ្មានទំនួលខុសត្រូវពីសហព័ន្ធរុស្ស៊ី» ហើយបានជូនដំណឹងទៅអគ្គលេខាធិការ NATO ដើម្បីស្នើឲ្យពន្លឿនការផ្ទេរប្រព័ន្ធការពារប្រឆាំងដ្រូនទៅកាន់រ៉ូម៉ានី។ សេចក្ដីថ្លែងការណ៍របស់ NATO លើបណ្ដាញ X ក៏បានថ្កោលទោស «ភាពមិនប្រុងប្រយ័ត្នរបស់រុស្ស៊ី» និងអះអាងថា សម្ព័ន្ធយោធានេះនឹងបន្តពង្រឹងការការពារប្រឆាំងគ្រប់ការគំរាមកំហែង រួមទាំងដ្រូនផងដែរ។ ក្រសួងការពារជាតិរ៉ូម៉ានីបានបញ្ជាក់ថា យន្តហោះចម្បាំង F-16 ចំនួន២គ្រឿងត្រូវបានបញ្ជូនឡើងភ្លាមៗ បន្ទាប់ពីរកឃើញដ្រូនក្នុងដែនអាកាសរបស់ប្រទេស។ ទន្លេ Danube River ដែលស្ថិតក្បែរទីក្រុង Galati គឺជាព្រំដែនធម្មជាតិរវាងរ៉ូម៉ានី និងអ៊ុយក្រែន ខណៈកំពង់ផែរបស់អ៊ុយក្រែននៅតំបន់នោះ តែងតែជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
ក្រសួងការពារជាតិរ៉ូម៉ានីបានឲ្យដឹងថា ចាប់តាំងពីសង្គ្រាមចាប់ផ្ដើមមក មានការរកឃើញបំណែកដ្រូននៅលើទឹកដីរ៉ូម៉ានីចំនួន៤៧លើក ក្នុងនោះ១២លើកកើតឡើងនៅឆ្នាំនេះតែមួយ។
ដោយឡែក នៅភាគខាងត្បូងអ៊ុយក្រែន អាជ្ញាធរបានប្រកាសអាសន្នការវាយប្រហារតាមអាកាសទូទាំងប្រទេស ខណៈកំពង់ផែ Izmail ក្នុងតំបន់ Odesa រងការវាយប្រហារដោយដ្រូននៅព្រឹកថ្ងៃសុក្រ។
នៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី កម្មករផ្នែកសេវាសាធារណៈ៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ខណៈមនុស្សម្នាក់ទៀតរងរបួសធ្ងន់។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters