(រ៉យទ័រ)៖ ប្រភពសន្តិសុខលីបង់បានឱ្យដឹងថា អុីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាង ១២០ លើក ទៅលើប្រទេសលីបង់កាលពីថ្ងៃអង្គារកន្លងទៅ ដែលនេះជាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថាយោធារបស់លោកកំពុងបង្កើនប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងប្រទេសលីបង់។ ការវាយប្រហារយ៉ាងគំហុកនេះ បានធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងអុីស្រាអែល និងក្រុមប្រដាប់អាវុធហេហ្សបូឡា កាន់តែមានភាពតានតឹង។ ស្ថានភាពនេះបានកើតឡើងចំពេលដែលប្រទេសអុីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់ដាច់ដោយឡែកមួយ តាមរយៈការវាយប្រហារលើភាគខាងត្បូងនៃប្រទេសអុីរ៉ង់។

ប្រភពសន្តិសុខលីបង់បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អុីស្រាអែលបានរំលោភចំភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់។ យោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ NNA នៅព្រឹកថ្ងៃពុធ ក្រសួងសុខាភិបាលលីបង់បានគូសបញ្ជាក់ថា ការវាយប្រហាររបស់អុីស្រាអែលក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស ៣១ នាក់ និងរបួស ៤០ នាក់។ ក្នុងនោះ មនុស្ស ១៤ នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុង Burj al-Shamali ភាគខាងត្បូងលីបង់ រួមមានកុមារ ២ នាក់ និងស្ត្រី ៣ នាក់ផងដែរ។

បន្ថែមពីនេះ ការវាយប្រហារមួយចំនួនបានកើតឡើងនៅក្បែរប្រាសាទ Beaufort ដែលមានអាយុកាលជិត ៩០០ ឆ្នាំ នៅភាគខាងត្បូងលីបង់ ដែលអង្គការយូណេស្កូ ធ្លាប់បានពណ៌នាថាជាឧទាហរណ៍ដ៏ល្អបំផុតមួយនៃប្រាសាទនាសម័យមជ្ឈិមសម័យនៅក្នុងតំបន់នោះ។ ទីភ្នាក់ងារព័ត៌មានជាតិលីបង់ក៏បានរាយការណ៍ដែរថា មានការវាយប្រហារយ៉ាងហោចណាស់ចំនួន ៣ លើក បានកើតឡើងនៅជិតទំនប់ទឹកដែលជាអាងស្តុកទឹកដ៏ធំបំផុតរបស់លីបង់នៅភាគខាងកើតប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ លោក Netanyahu បានបញ្ជាក់ថា យោធាអុីស្រាអែល កំពុងធ្វើប្រតិបត្តិការជាមួយកងកម្លាំងដ៏ធំនៅលើសមរភូមិ ដើម្បីដណ្តើមយក និងគ្រប់គ្រងតំបន់នានា។ លោកបានបន្តថា យើងកំពុងពង្រឹងខ្សែបន្ទាត់សន្តិសុខ ដើម្បីការពារសហគមន៍ភាគខាងជើង ដែលសំដៅលើតំបន់សន្តិសុខប្រកាសដោយខ្លួនឯង ដែលគ្រប់គ្រងដោយទាហានអ៊ីស្រាអែល មានចម្ងាយជាច្រើនគីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសលីបង់។ ប្រភពពីរបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារថា យោធាអុីស្រាអែលបានពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួននៅភាគខាងត្បូងលីបង់ ឆ្លងកាត់តំបន់សន្តិសុខ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីវិសាលភាពនៃការរំកិលទ័ពហួសពីអ្វីដែលគេហៅថា ខ្សែបន្ទាត់ពណ៌លឿង នោះឡើយ។

ខ្សែបន្ទាត់ពណ៌លឿងនេះ ដាច់ដោយឡែកពី ខ្សែបន្ទាត់ពណ៌ខៀវ កំណត់ដោយអង្គការសហប្រជាជាតិ ដែលសម្គាល់ព្រំដែនរវាងលីបង់ និងអុីស្រាអែល បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែលក្នុងឆ្នាំ២០០០។ ខ្សែបន្ទាត់ពណ៌លឿងនេះបង្កើតឡើងជាផ្នែកមួយនៃតំបន់ទ្រនាប់ដែលបានស្នើឡើង ដោយលាតសន្ធឹងពី ៥ ទៅ ១០ គីឡូម៉ែត្រ (៣ ទៅ ៦ ម៉ាយ) ចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់។

បច្ចុប្បន្ន យោធាអុីស្រាអែលបានបញ្ជាអ្នកស្រុកមិនឱ្យត្រឡប់ទៅកាន់ភូមិរាប់សិបនៅក្នុងតំបន់នោះវិញទេ ខណៈដែលកងទ័ពរបស់ខ្លួនបាននិងកំពុងវាយកំទេចផ្ទះសម្បែងនៅក្នុងតំបន់។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បានអះអាងថា យោធាកំពុងធ្វើប្រតិបត្តិការក្នុងលក្ខណៈចំគោលដៅ ហួសពីខ្សែការពារជួរមុខ ដើម្បីកម្ចាត់ការគំរាមកំហែងដោយផ្ទាល់មកលើពលរដ្ឋ និងទាហានរបស់រដ្ឋអុីស្រាអែល ដោយអនុលោមតាមសេចក្តីណែនាំនៃកញ្ចប់នយោបាយរបស់រដ្ឋាភិបាល។ កាលពីថ្ងៃច័ន្ទ លោក Netanyahu បានថ្លែងថា អុីស្រាអែលនឹងបង្កើនការវាយប្រហារលើក្រុមហេហ្សបូឡា។ ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអុីរ៉ង់មួយនេះ បានព្រងើយកន្តើយនឹងការព្រមានឱ្យបញ្ឈប់ការវាយប្រហារ ដែលអាចប្រថុយនឹងការធ្វើឱ្យខូចខាតដល់ការចរចាដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអុីស្រាអែលលើប្រទេសអុីរ៉ង់។

ចំណែកឯក្រុមហេហ្សបូឡាវិញ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានប្រើប្រាស់ដ្រូន គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ ដើម្បីវាយប្រហារលើកងកម្លាំង និងរថក្រោះអុីស្រាអែល ដែលកំពុងបើកការសម្រុកឆ្ពោះទៅកាន់ទីក្រុង Zawtar al-Sharqiya ភាគខាងត្បូងលីបង់។ យោងតាមក្រសួងសុខាភិបាលលីបង់ តួលេខអ្នកស្លាប់ដោយសារការវាយលុករបស់អុីស្រាអែល គិតចាប់តាំងពីថ្ងៃទី២ ខមីនា (នៅពេលដែលក្រុមហេហ្សបូឡាបានបាញ់គ្រាប់ផ្លោងចូលអុីស្រាអែល ដើម្បីឆ្លើយតបនឹងការចាប់ផ្តើមសង្រ្គាមអុីរ៉ង់) បានកើនឡើងដល់ ៣,២១៣ នាក់ និងរបួស ៩,៧៣៧ នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា។

ដោយឡែក យោធាអុីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនចំនួន ១០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីមានបទឈប់បាញ់ថ្ងៃទី១៦ ខែមេសាមក ដោយក្នុងនោះ ៦ នាក់ត្រូវបានសម្លាប់ដោយដ្រូនអត្តឃាត របស់ក្រុមហេហ្សបូឡា។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៦០៨ នាក់នៅក្នុងប្រទេសលីបង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អុីស្រាអែល ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស ខណៈដែលក្រុមហេហ្សបូឡាមិនបានបញ្ចេញតួលេខនៃអ្នកបាត់បង់ជីវិត និងរបួសរបស់ភាគីខ្លួននោះទេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters