[ស៊ុយអែត]៖ ប្រទេសអ៊ុយក្រែននឹងបញ្ជាទិញយន្តហោះចម្បាំងធុន Gripen ម៉ូដែលថ្មីចំនួន ២០គ្រឿង ខណៈដែលប្រទេសស៊ុយអែតនឹងបរិច្ចាគយន្តហោះចម្បាំងម៉ូដែលចាស់ចំនួន ១៦គ្រឿងបន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាមការប្រកាសរួមគ្នារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងនាយករដ្ឋមន្ត្រីស៊ុយអែត នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៨ ខែឧសភា។ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ តាំងពីឆ្នាំមុន ដែលជាការបើកផ្លូវឱ្យអ៊ុយក្រែនអាចបញ្ជាទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Saab របស់ស៊ុយអែត រហូតដល់ចំនួន ១ គ្រឿង។

ទោះបីជាការផលិត និងប្រគល់យន្តហោះចម្បាំង Gripen ម៉ូដែល E (ម៉ូដែលថ្មី) ត្រូវចំណាយពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតសម្រាប់កងទ័ពអាកាសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានគូសបញ្ជាក់កាលពីខែឧសភាថា កិច្ចសន្យាទិញយន្តហោះ Gripen E អាចនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ បន្ទាប់ពីសហភាពអឺរ៉ុប អនុម័តកញ្ចប់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ 

លោកនាយករដ្ឋមន្ត្រី Kristersson បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯមូលដ្ឋានអាកាស Uppsala ដែលមានការដាក់តាំងបង្ហាញយន្តហោះ Gripen ចំនួនពីរគ្រឿងថា Gripen គឺជាជម្រើសដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែន។ ហេតុនេះ នៅថ្ងៃនេះ យើងកំពុងបោះជំហានទៅមុខដ៏ធំមួយទៀតនៅលើវិថីរួមគ្នាមួយនេះ។

ចំណែកឯលោកប្រធានាធិបតី Zelenskiy បានលើកឡើងដែរថា យើងពិតជាត្រូវការយន្តហោះចម្បាំងទាំងនេះណាស់ ហើយសម្រាប់ពួកយើង នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ។ លោកបានបន្ថែមថា អ៊ុយក្រែនមានផែនការទិញយន្តហោះឱ្យបានគ្រប់ចំនួន ១៥០គ្រឿង ដូចមានចែងក្នុងលិខិតបង្ហាញឆន្ទៈដើម ដោយលោកសង្ឃឹមថា អ៊ុយក្រែននឹងមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់គម្រោងនេះ។

ការផ្ទេរយន្តហោះចម្បាំងម៉ូដែលចាស់ធុន C/D ពីសំណាក់ស៊ុយអែត ត្រូវបានគេមើលឃើញថាជា ដំណោះស្រាយបណ្តោះអាសន្ន ដ៏សំខាន់ ដើម្បីជួយការពារដែនអាកាសអ៊ុយក្រែនក្នុងដំណាក់កាលចំពោះមុខនេះ។ លោក Zelenskiy បានឱ្យដឹងថា បច្ចុប្បន្នអ៊ុយក្រែនទទួលបានថវិកាចំនួន ២,៥ពាន់លានអឺរ៉ូហើយ ពីកញ្ចប់ប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប ដើម្បីយកមកប្រើប្រាស់ក្នុងគម្រោងទិញយន្តហោះនេះ ខណៈដែលការដឹកជញ្ជូនយន្តហោះម៉ូដែលថ្មីត្រូវបានរំពឹងថានឹងទៅដល់អ៊ុយក្រែនចាប់ពីឆ្នាំ ២០៣០ តទៅ។

ក្រោយការប្រកាសកិច្ចព្រមព្រៀងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Saab បានហក់ឡើង ៤,៤% នៅវេលាម៉ោង ១១:៤១ នាទី ដែលជាការកើនឡើងខ្ពស់បំផុតមួយនៅក្នុងទីផ្សារអឺរ៉ុប។ នាយកប្រតិបត្តិក្រុមហ៊ុន Saab លោក Micael Johansson បានប្រសាសន៍ថា នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន ហើយកិច្ចព្រមព្រៀងនេះបានបង្កើតសន្ទុះកាន់តែខ្លាំងសម្រាប់យន្តហោះចម្បាំងតម្រង់ជួរ Gripen។ លោក Johansson បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters នៅឯមូលដ្ឋានអាកាស Uppsala ថា កាលណាមានប្រទេសកាន់តែច្រើនជ្រើសរើសប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងប្រតិបត្តិការយោធារបស់ពួកគេ វានឹងធ្វើឱ្យមនុស្សកាន់តែច្រើនយល់ច្បាស់អំពីសមត្ថភាពដ៏អស្ចារ្យនៃយន្តហោះនេះ។

រហូតមកដល់ពេលនេះ ប្រទេសស៊ុយអែតគឺជាដៃគូគាំទ្រដ៏ធំមួយរបស់អ៊ុយក្រែន ដោយបានផ្តល់ជំនួយយោធា និងស៊ីវិលសរុបចំនួន ១២៨ពាន់ លានក្រូណា (ប្រហែល ១៣,៧៥ពាន់លានដុល្លារអាមេរិក)។ បន្ថែមពីលើនេះ ស៊ុយអែតក៏បានត្រៀមកញ្ចប់ថវិកាចំនួន ៨០ពាន់លានក្រូណាផ្សេងទៀត សម្រាប់ជាជំនួយនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយផងដែរ។

បច្ចុប្បន្ន ដែនអាកាសអ៊ុយក្រែនត្រូវបានការពារដោយការរួមបញ្ចូលគ្នារវាងយន្តហោះចម្បាំងសម័យសូវៀត និងយន្តហោះដែលផ្តល់ដោយបណ្តាប្រទេសលោកខាងលិច។ យន្តហោះចម្បាំង Gripen ត្រូវបានគេវាយតម្លៃថាជាជម្រើសដ៏សន្សំសំចៃបំផុត បើប្រៀបធៀបទៅនឹងយន្តហោះចម្បាំងធុនទំនើបចុងក្រោយរបស់អាមេរិកដូចជា F-35 ដោយសារ Gripen មានភាពងាយស្រួល និងរហ័សក្នុងការថែទាំ ថែមទាំងអាចធ្វើប្រតិបត្តិការហោះហើរ និងចុះចតនៅលើផ្លូវថ្នល់ធម្មតាបានយ៉ាងបត់បែន។ 

សម្រាប់ប្រទេសស៊ុយអែតវិញ កិច្ចព្រមព្រៀងនេះក៏ជាឱកាសមាសក្នុងការជម្រុញឧស្សាហកម្មការពារជាតិរបស់ខ្លួន ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters