[ប្រទេសថៃ]៖ ទីក្រុងប៉ាតាយ៉ា កំពុងត្រៀមរៀបចំទទួលស្វាគមន៍នាវិក និងកងម៉ារីនអាមេរិកប្រមាណ ៥,០០០នាក់ ខណៈនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln និងនាវាអមដំណើរចំនួនពីរគ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែ Laem Chabang ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា។

ក្រុមនាវាទាំងបីគ្រោងនឹងមកដល់ប្រទេសថៃ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតំបន់មជ្ឈិមបូព៌ា។ បុគ្គលិកនៅលើនាវាត្រូវបានរាយការណ៍ថា បានបំពេញបេសកកម្មអស់រយៈពេលជាង ២០០ថ្ងៃ។

កងទ័ពជើងទឹកថៃបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ពេលវេលាសម្រាក និងស្តារកម្លាំងដល់នាវិក ព្រមទាំងផ្តល់ការគាំទ្រផ្នែកភស្តុភារ។ ដំណើរទស្សនកិច្ចនេះ មិនមែនជាសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងថៃឡើយ។

អភិបាលក្រុងប៉ាតាយ៉ា លោក Poramet Ngampichet បានឱ្យដឹងថា ទីក្រុងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍បុគ្គលិកអាមេរិកដែលមកទស្សនា និងនឹងសម្របសម្រួលជាមួយប៉ូលិស មន្ត្រីសាលាក្រុង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពទាំងនៅលើគោក និងតំបន់សមុទ្រ។ ក្រៅពីផ្នែកសន្តិសុខ ដំណើរទស្សនកិច្ចនេះក៏ត្រូវបានរំពឹងថា នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ប៉ាតាយ៉ា ប្រសិនបើនាវិក និងកងម៉ារីនត្រូវបានអនុញ្ញាតឱ្យចុះគោក និងចំណាយពេលសម្រាកនៅក្នុងទីក្រុង។

តាមការប៉ាន់ស្មាន ប្រសិនបើបុគ្គលិកម្នាក់ៗចំណាយប្រាក់ប្រមាណ ១,០០០ ទៅ ៣,០០០បាត ក្នុងអំឡុងពេលស្នាក់នៅ នោះការចំណាយក្នុងស្រុកអាចមានទំហំប្រមាណ ៥,១៥ លានបាត។ ចំណូលនេះអាចផ្តល់អត្ថប្រយោជន៍ដល់ភោជនីយដ្ឋាន អ្នកផ្តល់សេវាស្នាក់នៅ សេវាដឹកជញ្ជូន និងអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ទោះជាយ៉ាងណា ផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង នឹងអាស្រ័យលើចំនួនបុគ្គលិកដែលត្រូវបានអនុញ្ញាតឱ្យចុះគោក និងរយៈពេលដែលពួកគេចំណាយនៅប៉ាតាយ៉ា ក្នុងអំឡុងពេលនាវាចូលចត។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Pattaya Mail