[តូក្យូ]៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាផែនការបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញដែលក្រុមហ៊ុនទទួលបានពីការលក់អាជីវកម្មដែលមិនមែនជាស្នូល ក្នុងគោលបំណងជំរុញឱ្យក្រុមហ៊ុនធំៗរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ បែងចែកទ្រព្យសម្បត្តិដែលមិនសូវមានប្រសិទ្ធភាព និងបង្វែរមូលធនទៅកាន់វិស័យដែលមានសក្តានុពលកំណើនខ្ពស់។ ប្រភពពីរដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រថា វិធានការនេះអាចក្លាយជាផ្នែកសំខាន់មួយនៃការជំរុញកំណែទម្រង់អភិបាលកិច្ចសាជីវកម្មរបស់រដ្ឋាភិបាលជប៉ុន។ គោលដៅសំខាន់ គឺដោះស្រាយបញ្ហាដែលក្រុមហ៊ុនជាច្រើនបានកាន់កាប់អាជីវកម្មមិនមែនស្នូលអស់រយៈពេលយូរ ដោយសារតែការលក់ទ្រព្យសម្បត្តិទាំងនោះអាចបង្កើតបន្ទុកពន្ធ និងកាត់បន្ថយការលើកទឹកចិត្តក្នុងការរៀបចំផលបត្រអាជីវកម្មឡើងវិញ។

តាមផែនការដែលកំពុងពិចារណា ពន្ធសាជីវកម្មប្រមាណ ៣០% លើប្រាក់ចំណេញពីការលក់អាជីវកម្មមិនមែនស្នូល អាចត្រូវបានពន្យារពេលដោយគ្មានកំណត់ ប្រសិនបើក្រុមហ៊ុនយកប្រាក់ចំណូលពីការលក់នោះទៅវិនិយោគឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំ តាមរយៈការទិញអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការស្នូល និងមានការប្តេជ្ញាវិនិយោគបន្តក្នុងអាជីវកម្មទាំងនោះ។

ប្រភពមួយបានឱ្យដឹងថា សំណើនេះត្រូវបានរំពឹងថានឹងដាក់បញ្ចូលក្នុងសំណើកំណែទម្រង់ពន្ធ ដែលគ្រោងធ្វើឡើងនៅចុងខែសីហា ខណៈព័ត៌មានលម្អិតនឹងត្រូវបញ្ចប់ មុនពេលកញ្ចប់កំណែទម្រង់ពន្ធសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ត្រូវបានអនុម័តនៅចុងឆ្នាំនេះ។ គំនិតផ្តួចផ្តើមរបស់ជប៉ុនត្រូវបានគេរាយការណ៍ថា មានការយកគំរូតាមកំណែទម្រង់ពន្ធរបស់អាល្លឺម៉ង់នៅដើមទសវត្សរ៍ឆ្នាំ២០០០។ កំណែទម្រង់នោះបានផ្តល់ការលើកលែងពន្ធយ៉ាងទូលំទូលាយសម្រាប់សាជីវកម្មលើប្រាក់ចំណេញពីការលក់ភាគហ៊ុន ហើយត្រូវបានគេចាត់ទុកថាបានជួយរុះរើប្រព័ន្ធកាន់កាប់ភាគហ៊ុនឆ្លងកាត់រវាងក្រុមហ៊ុន និងធ្វើឱ្យអាជីវកម្មមានភាពងាយស្រួលក្នុងការកែសម្រួលផលបត្ររបស់ខ្លួន។

សម្រាប់ជប៉ុន បញ្ហាដ៏ធំមួយគឺអាជីវកម្មមិនមែនជាស្នូលនៅតែជាប់គាំងនៅក្នុងក្រុមហ៊ុនធំៗជាច្រើន។ ក្រុមហ៊ុនមួយចំនួនស្ទាក់ស្ទើរក្នុងការលក់អាជីវកម្មទាំងនេះ ដោយសារតែប្រាក់ចំណេញពីការលក់អាចត្រូវបង់ពន្ធ ដែលធ្វើឱ្យការផ្ទេរទ្រព្យសម្បត្តិទៅឱ្យម្ចាស់ថ្មីដែលអាចប្រើប្រាស់វាបានមានប្រសិទ្ធភាពជាង មិនសូវទាក់ទាញ។ បញ្ហានេះអាចនាំទៅរកការបែងចែកមូលធនមិនមានប្រសិទ្ធភាព ខណៈមូលធនមួយចំនួននៅតែជាប់នៅក្នុងអាជីវកម្មដែលមានអត្រាផលត្រឡប់ទាប ជំនួសឱ្យការបង្វែរទៅវិស័យដែលអាចបង្កើតកំណើន និងតម្លៃសាជីវកម្មបានខ្ពស់ជាង។

ការសិក្សាថ្មីមួយរបស់រដ្ឋាភិបាលបានរកឃើញថា ប្រមាណ ៦៥% នៃមូលធនវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅតែពាក់ព័ន្ធនឹងអាជីវកម្មដែលមិនអាចបង្កើតផលត្រឡប់ស្មើនឹងថ្លៃដើមមូលធនរបស់ខ្លួន។ មូលធនដែលជាប់គាំងនៅក្នុងប្រតិបត្តិការដែលមានផលត្រឡប់ទាប ត្រូវបានគេមើលឃើញថា អាចកំពុងរារាំងការវិនិយោគទៅលើវិស័យកំណើន និងប៉ះពាល់ដល់ការបង្កើតតម្លៃសាជីវកម្មក្នុងរយៈពេលវែង។ ជប៉ុនបានអនុវត្តវិធានការមួយចំនួនរួចមកហើយ ដើម្បីលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។ វិធានការទាំងនោះរួមមានការកែសម្រួលច្បាប់ពន្ធក្នុងឆ្នាំ២០១៧ និងរបបពន្ធមួយផ្នែកដែលត្រូវបានណែនាំនៅឆ្នាំ២០២៣។ ទោះជាយ៉ាងណា ការលក់ ឬដកខ្លួនចេញពីអាជីវកម្មដែលមិនមែនជាស្នូល ដើម្បីទាញយកអត្ថប្រយោជន៍ពីវិធានការទាំងនេះ នៅតែមានកម្រិត។

របាយការណ៍របស់ក្រសួងឧស្សាហកម្មជប៉ុនកាលពីឆ្នាំ២០២០ ក៏បានបង្ហាញដែរថា ក្រុមហ៊ុនជប៉ុនជាច្រើនមិនមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការធ្វើពិពិធកម្មអាជីវកម្មឡើយ ហើយជាប្រពៃណីតែងផ្តល់អាទិភាពដល់ការរក្សាទំហំក្រុមហ៊ុន ការងារ និងស្ថិរភាពសាជីវកម្ម ជាងការកែសម្រួលផលបត្រអាជីវកម្មឱ្យមានប្រសិទ្ធភាព។ 

ប្រសិនបើកំណែទម្រង់ពន្ធថ្មីនេះត្រូវបានអនុវត្ត វាអាចផ្តល់កម្លាំងជំរុញបន្ថែមដល់សកម្មភាព ការរួមបញ្ចូល និងការទិញយកអាជីវកម្ម (M&A) នៅក្នុងប្រទេសជប៉ុន ដែលកំពុងមានសន្ទុះរួចទៅហើយ។

ទិន្នន័យរបស់ LSEG បង្ហាញថា តម្លៃកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុនកាលពីឆ្នាំមុន បានកើនឡើងជាងពីរដង បើធៀបនឹងឆ្នាំមុន ហើយឈានដល់កម្រិតកំណត់ត្រា ៣៥៣ពាន់លានដុល្លារ។ ក្នុងចំណោមចំនួននេះ កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការធ្វើពិពិធកម្មអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុន មានតម្លៃប្រមាណ ៤៤,៧ពាន់លានដុល្លារ។ ប្រសិនបើរដ្ឋាភិបាលអាចកាត់បន្ថយបន្ទុកពន្ធលើការលក់អាជីវកម្មមិនមែនស្នូលបានដោយមានលក្ខខណ្ឌឱ្យក្រុមហ៊ុនយកមូលធនទៅវិនិយោគក្នុងវិស័យស្នូលវិញ នោះវិធានការនេះអាចជំរុញឱ្យក្រុមហ៊ុនជប៉ុនចាប់ផ្តើមលក់ទ្រព្យសម្បត្តិដែលមិនសូវមានប្រសិទ្ធភាព និងបង្វែរមូលធនទៅកាន់អាជីវកម្មដែលអាចបង្កើតកំណើនបានខ្ពស់ជាងមុន។

ជាមួយគ្នានេះ វាអាចជួយបង្កើនសកម្មភាព M&A បង្កើនប្រសិទ្ធភាពការបែងចែកមូលធន និងជំរុញឱ្យក្រុមហ៊ុនជប៉ុនផ្លាស់ប្តូរពីការរក្សាទុកអាជីវកម្មជាច្រើនប្រភេទ ទៅរកការផ្តោតលើវិស័យដែលខ្លួនមានសមត្ថភាពប្រកួតប្រជែង និងអាចបង្កើតតម្លៃបានកាន់តែខ្លាំង។ សម្រាប់រដ្ឋាភិបាលជប៉ុន វិធានការនេះក៏អាចក្លាយជាជំហានសំខាន់មួយក្នុងការដោះស្រាយបញ្ហាមូលធនដែលត្រូវបានចងភ្ជាប់ក្នុងអាជីវកម្មផលត្រឡប់ទាប និងជំរុញឱ្យក្រុមហ៊ុនធំៗធ្វើកំណែទម្រង់ផលបត្រអាជីវកម្មរបស់ខ្លួនកាន់តែសកម្ម។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters