យុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថាកំពុងប្រឈមនឹងឧបសគ្គធំមួយ គឺតួនាទីរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ និងជាអ្នកទិញប្រេងអ៊ីរ៉ង់ដ៏ធំ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបង្ហាញពីយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយព្រមានថា ប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ អាចប្រឈមនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ការអនុវត្តយុទ្ធសាស្ត្រនេះអាចមានភាពស្មុគស្មាញ ដោយសារចិនមិនមែនជាដៃគូសេដ្ឋកិច្ចធម្មតារបស់អ៊ីរ៉ង់ឡើយ។ ចិនបានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អ៊ីរ៉ង់អស់រយៈពេលជាយូរ តាមរយៈការទិញប្រេង និងការធ្វើពាណិជ្ជកម្មផ្សេងៗ។ ក្រុងប៉េកាំងក៏បានបដិសេធជាប្រចាំចំពោះអ្វីដែលខ្លួនហៅថា «ទណ្ឌកម្មឯកតោភាគី» របស់សហរដ្ឋអាមេរិក និងបានការពារសិទ្ធិរបស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដូចជា អ៊ីរ៉ង់ និងរុស្ស៊ី។

ក្រោយការព្រមានរបស់លោក Bessent ក្រសួងការបរទេសចិនបានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថា សង្គ្រាមសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្ពាធអតិបរមា មិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងបង្កហានិភ័យដល់សេដ្ឋកិច្ចពិភពលោក។

ការប្រឈមនេះកាន់តែស្មុគស្មាញ ដោយសារដំណើរទស្សនកិច្ចដែលគេរំពឹងទុករបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយ។ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តបទឈប់បាញ់ផ្នែកពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។

អ្នកវិភាគចិនបានលើកឡើងថា ទីក្រុងប៉េកាំងទំនងជាមិនព្រមទទួលយកស្ថានភាពដែលទីក្រុងវ៉ាស៊ីនតោនកំណត់ថា ក្រុមហ៊ុនចិនអាច ឬមិនអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសទីបីបានឡើយ។ ប្រសិនបើទណ្ឌកម្មបន្ទាប់បន្សំរបស់អាមេរិកអាចកំណត់ទំនាក់ទំនងពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសផ្សេងៗ នោះវាអាចក្លាយជាបញ្ហាធំសម្រាប់ក្រុងប៉េកាំង។ ចិននៅតែបន្តនាំចូលប្រេងអ៊ីរ៉ង់តាមបណ្តាញពាណិជ្ជកម្មដែលមានភាពស្មុគស្មាញ និងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាក់ដុល្លារអាមេរិក។ រោងចក្រចម្រាញ់ប្រេងឯកជនមួយចំនួននៅចិន ដែលគេហៅថា Teapot Refineries បានទិញ និងកែច្នៃប្រេងឆៅអ៊ីរ៉ង់ ទោះបីជាប្រេងទាំងនោះស្ថិតក្រោមទណ្ឌកម្មអាមេរិកក៏ដោយ។

 

ប៉ុន្តែអ្នកវិភាគបានចង្អុលបង្ហាញថា អាមេរិកនៅតែមានចំណុចដែលអាចប្រើសម្រាប់ដាក់សម្ពាធ។ អ្នកវិភាគជាន់ខ្ពស់នៅមូលនិធិការពារប្រទេសប្រជាធិបតេយ្យ បាននិយាយថា អង្គភាពមួយចំនួនដែលពាក់ព័ន្ធនឹងការទិញប្រេងអ៊ីរ៉ង់ មានទំនាក់ទំនងផ្ទាល់ ឬប្រយោលជាមួយក្រុមហ៊ុនរដ្ឋធំៗរបស់ចិន ដែលនៅតែមានការភ្ជាប់យ៉ាងសំខាន់ទៅនឹងប្រព័ន្ធហិរញ្ញវត្ថុដុល្លារ។ លោកបានលើកឡើងថា សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មលើក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីបង្កើនហានិភ័យសម្រាប់ក្រុមហ៊ុនមេ និងជំរុញឱ្យក្រុមហ៊ុនចិនពិចារណាឡើងវិញចំពោះការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ លោក Bessent ក៏បានបញ្ជាក់កាលពីដើមឆ្នាំថា អាមេរិកបានព្រមានធនាគារចិនមួយចំនួនអំពីប្រតិបត្តិការដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។ លោកបានព្រមានថា គ្មានស្ថាប័នណាមួយស្ថិតនៅលើសពីការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។

ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មទៅលើធនាគារធំៗរបស់ចិនអាចជំរុញឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ លោក Sun Chenghao អ្នកជំនាញនៅមជ្ឈមណ្ឌលសន្តិសុខ និងយុទ្ធសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យ Tsinghua បានព្រមានថា ប្រសិនបើវ៉ាស៊ីនតោនឆ្លងកាត់កម្រិតនេះ បរិយាកាសនយោបាយសម្រាប់កិច្ចប្រជុំរវាងលោក Trump និងលោក Xi អាចកាន់តែអាក្រក់។ ទំនាក់ទំនងរវាងចិន និងអ៊ីរ៉ង់ក៏មានសារៈសំខាន់ចំពោះផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនផងដែរ។ ទីក្រុងប៉េកាំងមានផលប្រយោជន៍យ៉ាងខ្លាំងក្នុងការធានាឱ្យការដឹកជញ្ជូនថាមពល និងពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz មានស្ថិរភាពឡើងវិញ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ចិនបានអំពាវនាវឱ្យមានការអត់ធ្មត់ និងការស្តារការឆ្លងកាត់ធម្មតាតាមច្រកសមុទ្រ Hormuz។ លោក Xi ក៏បានអំពាវនាវឱ្យមានដំណោះស្រាយទូលំទូលាយចំពោះជម្លោះ និងការស្តារឡើងវិញនូវការឆ្លងកាត់ធម្មតាតាមផ្លូវទឹកយុទ្ធសាស្ត្រនេះ។ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Miao Deyu បានបញ្ជាក់ថា ចិនប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចចរចាសន្តិភាព។ ប៉ុន្តែទីក្រុងប៉េកាំងនៅតែមានការប្រុងប្រយ័ត្នចំពោះការចូលរួមដោយផ្ទាល់ក្នុងនាមជាអ្នកសម្រុះសម្រួល ដោយផ្តោតជាចម្បងលើការការពារផលប្រយោជន៍របស់ខ្លួន និងការរក្សាស្ថិរភាពក្នុងតំបន់។ លោក Zhao Long អ្នកវិភាគចិន បាននិយាយថា ចិនមានឆន្ទៈក្នុងការរួមចំណែកដល់ការបញ្ចប់វិបត្តិ ប៉ុន្តែមិនមានឆន្ទៈក្លាយជាឧបករណ៍សម្រាប់យុទ្ធសាស្ត្រសម្ពាធអតិបរមារបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។ ដូច្នេះ ឧបសគ្គធំបំផុតចំពោះយុទ្ធសាស្ត្ររបស់លោក Trump មិនមែនមានតែសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការទប់ទល់នឹងការវាយប្រហារ ឬទណ្ឌកម្មនោះទេ ប៉ុន្តែថែមទាំងជាការពិតដែលថា ចិនមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជ្រៅជាមួយអ៊ីរ៉ង់ និងមានឥទ្ធិពលសេដ្ឋកិច្ចដ៏ធំ ដែលអាចធ្វើឱ្យការដាក់សម្ពាធរបស់អាមេរិកកាន់តែស្មុគស្មាញ និងប្រឈមនឹងការឆ្លើយតបពីមហាអំណាចទីក្រុងប៉េកាំង។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN