ថៃ៖ ស្ត្រីជនជាតិចិនម្នាក់បានរត់គេចខ្លួនពីរថយន្តមួយគ្រឿង បន្ទាប់ពីត្រូវបានជនសង្ស័យចាប់ឃាត់ ចងដៃដោយខ្សែរឹត និងវាយដំ ខណៈកំពុងបើកបរពីទីក្រុងបាងកកឆ្ពោះទៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។


ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីរូបនេះបានជួលសេវាដឹកជញ្ជូនពីបុរសម្នាក់ដែលនាងជឿថាជាមគ្គុទ្ទេសក៍ទេសចរណ៍។ ប៉ុន្តែក្រោយចេញពីសណ្ឋាគារ រថយន្តបានឈប់ទទួលបុរស៣នាក់ផ្សេងទៀត ហើយពួកគេត្រូវបានចោទប្រកាន់ថា បានចាប់ឃាត់នាង យកទូរស័ព្ទ និងចងដៃនាងជាប់។
នៅពេលរថយន្តបើកឆ្លងកាត់ខេត្ត Kamphaeng Phet ស្ត្រីរូបនេះបានឃើញប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិស ហើយស្រែកសុំជំនួយ។ ប៉ុន្តែអ្នកបើកបរត្រូវបានចោទប្រកាន់ថា បានបើករថយន្តយ៉ាងលឿនគេចចេញពីប៉ុស្តិ៍។
ក្នុងពេលរថយន្តកំពុងបើក ស្ត្រីរូបនេះបានសម្រេចចិត្ត បើកទ្វាររថយន្ត ហើយលោតចេញមកក្រៅ ដើម្បីរត់គេច។ នាងបានរត់ទៅសុំជំនួយពីអាជីវករនៅក្បែរនោះ មុនពេលប៉ូលិសមកដល់ និងបញ្ជូននាងទៅមន្ទីរពេទ្យ។


ប៉ូលិសបានបើកប្រតិបត្តិការដេញតាមរថយន្ត រហូតជនសង្ស័យបោះបង់រថយន្ត និងរត់ចូលព្រៃ។ ជាលទ្ធផល ប៉ូលិសបានចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ គឺ Somkiat Thakaew អាយុ៤១ឆ្នាំ និង Kittiporn Winyah អាយុ២៤ឆ្នាំ ខណៈជនសង្ស័យ២នាក់ទៀតនៅកំពុងរត់គេចខ្លួន។


បុរសដែលត្រូវបានចោទប្រកាន់ថាជាអ្នកបើករថយន្ត បានប្រាប់ប៉ូលិសថា ខ្លួនត្រូវបានជួលក្នុងតម្លៃ ១០,០០០បាត ឱ្យទៅទទួលស្ត្រីជនជាតិចិន ប៉ុន្តែបានអះអាងថា មិនដឹងថាបុរសនៅក្នុងរថយន្តមានបំណងធ្វើអ្វីឡើយ។
តើករណីនេះអាចជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មធំជាងនេះឬយ៉ាងណា៕