[ដាម៉ាស់]៖ ប្រភពចំនួនបីដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ប្រមុខទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល លោក Roman Gofman បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani កាលពីសប្តាហ៍មុន ដោយផ្តោតសំខាន់លើវត្តមាន និងការគាំទ្រផ្នែកយោធារបស់តួកគីនៅក្នុងប្រទេសស៊ីរី។ ការសន្ទនានេះបានកើតឡើងតែប៉ុន្មានថ្ងៃមុនពេលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី។
ការហៅទូរស័ព្ទកាលពីថ្ងៃទី១៤ ខែសីហា រវាងលោក Gofman និងលោក Shaibani ត្រូវបានចាត់ទុកថាជាទំនាក់ទំនងកម្រិតខ្ពស់ដ៏កម្រមួយរវាងអ៊ីស្រាអែល និងរដ្ឋបាលក្រុងដាម៉ាស់ ដែលដឹកនាំដោយប្រធានាធិបតី Ahmed al-Sharaa។ ប្រភពមួយបាននិយាយថា បញ្ហាដែលពាក់ព័ន្ធនឹងការបង្កើនការគាំទ្រផ្នែកយោធារបស់តួកគីសម្រាប់ស៊ីរី គឺជាចំណុចសំខាន់នៅក្នុងការសន្ទនារវាងប្រមុខ Mossad និងរដ្ឋមន្ត្រីការបរទេសស៊ីរី។ ការពិភាក្សារួមមានការសាកសួររបស់អ៊ីស្រាអែលអំពីសកម្មភាពរបស់តួកគី ក្នុងការបង្កើនវត្តមានយោធា ការផ្គត់ផ្គង់អាវុធ និងការផ្តល់យន្តហោះគ្មានមនុស្សបើក ឬ Drone ដល់កងកម្លាំងស៊ីរី។

ប្រភពទីពីរ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ បានឱ្យដឹងថា លោក Gofman បានប្រើការហៅទូរស័ព្ទនេះ ដើម្បីសួរអំពីការផ្គត់ផ្គង់អាវុធរបស់តួកគីដល់កងទ័ពស៊ីរី។ ប្រភពទីបីក៏បានបញ្ជាក់ថា វត្តមានយោធារបស់តួកគីនៅក្នុងប្រទេសស៊ីរី គឺជាប្រធានបទមួយដែលត្រូវបានពិភាក្សាក្នុងការសន្ទនានោះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលទទួលបន្ទុកសំណួរពាក់ព័ន្ធនឹង Mossad មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។ អ្នកនាំពាក្យរបស់លោក Shaibani ក៏មិនបានឆ្លើយតបដែរ ខណៈក្រសួងការពារជាតិតួកគីបានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក្រសួងការបរទេសតួកគីមិនបានឆ្លើយតបភ្លាមៗឡើយ។
បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាស Abu al-Duhur កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលក្រុងដាម៉ាស់ជិតនឹងអនុញ្ញាតឱ្យកងទ័ពតួកគីដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី។ លោកបានអះអាងថា អ៊ីស្រាអែលបានព្រមានជាច្រើនលើករួចមកហើយថា ការដាក់ពង្រាយយោធាតួកគីបែបនេះអាចបង្កការគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែល។ លោក Netanyahu បាននិយាយក្នុងវីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងមិនអត់ឱនចំពោះការបង្កើតវត្តមានយោធារបស់តួកគីនៅក្នុងប្រទេសស៊ីរី ដែលអាចគំរាមកំហែងដល់អ៊ីស្រាអែលឡើយ។ លោកបានបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានតួកគីរួចហើយ ប៉ុន្តែដោយសារមិនមានការឆ្លើយតបតាមការចង់បាន អ៊ីស្រាអែលបានប្រើការវាយប្រហារតាមអាកាសជាសារព្រមាន។
តួកគីបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែល ដោយប្រធានាធិបតីតួកគីបានហៅការចោទប្រកាន់ពាក់ព័ន្ធនឹងជំហរយោធារបស់តួកគីនៅស៊ីរីថា ជាការចោទប្រកាន់ដែលមិនអាចទទួលយកបាន។ លោកបានអះអាងថា អ៊ីស្រាអែលកំពុងប្រើការចោទប្រកាន់ទាំងនេះ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃការវាយប្រហារតាមអាកាសរបស់ខ្លួន ដែលតួកគីចាត់ទុកថា ប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី។ តួកគីបានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយរដ្ឋាភិបាលស៊ីរី ដោយផ្អែកលើមូលដ្ឋានស្របច្បាប់ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេសស៊ីរី។
ទោះជាយ៉ាងណា តួកគីមិនបានបញ្ជាក់អំពីផែនការដាក់ពង្រាយកងទ័ពជាក់លាក់ណាមួយឡើយ។ តួកគីបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋបាលលោក Sharaa ចាប់តាំងពីអតីតប្រធានាធិបតីស៊ីរី Bashar al-Assad ត្រូវបានផ្តួលរំលំក្នុងឆ្នាំ២០២៤។ តួកគីបានគាំទ្រក្រុមប្រឆាំងក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី ហើយទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលថ្មី បានបង្កការព្រួយបារម្ភនៅអ៊ីស្រាអែលអំពីការកើនឡើងនៃឥទ្ធិពល និងវត្តមានរបស់តួកគីនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន។
លោក Sharaa ដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីខែកក្កដាថា ស៊ីរីកំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលស៊ីរីក៏កំពុងព្យាយាមទាក់ទាញការចូលរួមពីប្រទេសមួយចំនួន ដើម្បីជំរុញឱ្យអ៊ីស្រាអែលប្រកាន់គោលនយោបាយដែលមានតុល្យភាពជាងមុនចំពោះស៊ីរី។
ចំណែកលោក Tom Barrack ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី និងជាបេសកជនពិសេសសម្រាប់ស៊ីរី និងអ៊ីរ៉ាក់ បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល ដោយចាត់ទុកថា វាជាការកើនឡើងភាពតានតឹងដែលមិនចាំបាច់ និងមិនបានជួយជំរុញស្ថិរភាពក្នុងតំបន់។ លោក Barrack ក៏បានប្រាប់ Reuters ថា សហរដ្ឋអាមេរិកកំពុងធ្វើការបង្កើតយន្តការមួយសម្រាប់បន្ធូរភាពតានតឹងរវាងអ៊ីស្រាអែល តួកគី និងស៊ីរី។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងជួយសម្របសម្រួលការចែករំលែកព័ត៌មាន និងកិច្ចសន្ទនារវាងភាគីទាំងបីរួចទៅហើយ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters