វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកំពុងត្រៀមជំរុញប្រទេសជាច្រើនឱ្យជ្រើសរើសភាគីក្នុងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI) រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយព្រមានថា ប្រទេសដែលចូលរួមក្នុងក្របខ័ណ្ឌ AI ដែលដឹកនាំដោយចិន អាចប្រឈមនឹងការដកចេញពីកិច្ចសហប្រតិបត្តិការ AI ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ យោងតាមមន្ត្រីអាមេរិកម្នាក់ និងសេចក្តីព្រាងឯកសារផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters សហរដ្ឋអាមេរិកកំពុងពិចារណាផ្ញើសារយ៉ាងច្បាស់ទៅកាន់ដៃគូថា ការចូលរួមជាមួយក្របខ័ណ្ឌប្រកួតប្រជែងរបស់ចិន និងការធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយអាមេរិកក្នុងវិស័យ AI អាចមិនអាចធ្វើឡើងក្នុងពេលតែមួយបានទេ។

វិធានការនេះបង្ហាញថា ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរមិនត្រឹមតែកើតឡើងលើបច្ចេកវិទ្យា និងការផលិតបន្ទះឈីបប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រីកទៅដល់ការទាក់ទាញប្រទេសទីបីឱ្យចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានចាប់ផ្តើមគំនិតផ្តួចផ្តើម Pax Silica ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បច្ចេកវិទ្យាសំខាន់ៗ រួមមានម៉ូដែល AI បន្ទះឈីប semiconductor និងរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់ផលិតបច្ចេកវិទ្យាទំនើប។

ប្រទេសប្រមាណពីរដប់បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមានកាហ្សាក់ស្ថាន ដែលត្រូវបានចាត់ទុកថាមានសក្តានុពលជាប្រភពរ៉ែសំខាន់ៗ ព្រមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដូចជា ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង។ គោលដៅសំខាន់របស់ Pax Silica គឺជំរុញឱ្យប្រទេសជាសមាជិកបង្កើតគម្រោងរួមគ្នា សហការលើការគ្រប់គ្រងការនាំចេញ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសគូប្រជែង សម្រាប់រ៉ែសំខាន់ៗ បន្ទះឈីប និងបច្ចេកវិទ្យា AI។ សេចក្តីព្រាងលិខិតដែលរៀបចំដោយក្រសួងការបរទេសអាមេរិក ត្រូវបានគ្រោងផ្ញើទៅកាន់ប្រទេសចំនួន ៣៥ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីឱកាស AI របស់សហរដ្ឋអាមេរិក កាលពីខែមិថុនា។ ក្នុងចំណោមប្រទេសទាំងនេះ មានប្រទេសដែលបានចូលរួមក្នុង Pax Silica ដោយមិនមានកាតព្វកិច្ចតឹងរ៉ឹង និងប្រទេសផ្សេងទៀតដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ AI ជាមួយទីក្រុងវ៉ាស៊ីនតោន។ សេចក្តីព្រាងលិខិតបានសង្កត់ធ្ងន់ថា ការចូលរួមក្នុង Pax Silica មិនមែនគ្រាន់តែជាការចុះឈ្មោះជាសមាជិកនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះទិសដៅ និងគោលដៅរួម។

ឯកសារនោះបានជំរុញឱ្យប្រទេសដៃគូ ជ្រើសរើសដោយចេតនា លើទិសដៅ AI របស់ខ្លួន ហើយបានព្រមានថា ការចូលរួមក្នុងគំនិតផ្តួចផ្តើមដែលមានទស្សនវិស័យផ្ទុយពីសហរដ្ឋអាមេរិក អាចធ្វើឱ្យប្រទេសទាំងនោះមិនអាចបន្តចូលរួមក្នុងក្របខ័ណ្ឌរបស់អាមេរិកបាន។ ដោយយោងតាម Reuters មិនអាចបញ្ជាក់ថា តើសហរដ្ឋអាមេរិកនឹងផ្ញើលិខិតនេះនៅពេលណា ឬថាតើខ្លឹមសាររបស់វានឹងត្រូវកែប្រែមុនពេលផ្ញើឬយ៉ាងណានោះទេ។ សេចក្តីព្រាងដែលត្រូវបានពិនិត្យក៏មិនបានបញ្ជាក់ឈ្មោះប្រទេសចិនដោយផ្ទាល់ដែរ។ ក្រសួងការបរទេសអាមេរិកបានប្រាប់ Reuters ថា ខ្លួនមិនធ្វើអត្ថាធិប្បាយលើឯកសារផ្ទៃក្នុងដែលលេចធ្លាយនោះទេ។ ស្ថានទូតចិន និងស្ថានទូតកាហ្សាក់ស្ថានប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិកកើតឡើង ខណៈចិនកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងវិស័យ AI ជាសកល។ កាលពីខែកក្កដា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមគំនិតផ្តួចផ្តើមស្តីពី អង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដោយលើកកម្ពស់វិធីសាស្ត្ររបស់ចិនចំពោះការអភិវឌ្ឍ AI ជាពិសេសបច្ចេកវិទ្យាដែលមានទម្ងន់បើកចំហ។ គំនិតផ្តួចផ្តើមនេះត្រូវបានមើលឃើញថាជាការប្រកួតប្រជែងជាមួយឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងវិស័យ AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

កាហ្សាក់ស្ថានត្រូវបានគេដឹងថា ជាប្រទេសតែមួយគត់រហូតមកដល់ពេលនេះ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមទាំងពីរ។ ការចូលរួមរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ បានបង្កើនការព្រួយបារម្ភនៅទីក្រុងវ៉ាស៊ីនតោនថា ប្រទេសដៃគូផ្សេងទៀតអាចព្យាយាមរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងពីរក្នុងពេលតែមួយ។ មន្ត្រីអាមេរិកម្នាក់បានពន្យល់ថា វាពិបាកក្នុងការចាត់ទុកប្រទេសមួយថាជាដៃគូដែលអាចទុកចិត្តបានក្នុងប្រព័ន្ធបច្ចេកវិទ្យាមួយ ប្រសិនបើប្រទេសនោះនៅពេលដំណាលគ្នាចូលរួមក្នុងគំនិតផ្តួចផ្តើមដែលបង្កើតឡើងដោយប្រទេសចិន ដើម្បីលើកកម្ពស់ទស្សនវិស័យប្រកួតប្រជែងមួយផ្សេងទៀតសម្រាប់ AI។  ការប្រកួតប្រជែងរវាងអាមេរិក និងចិនកាន់តែមានសារៈសំខាន់ ដោយសារបញ្ញាសិប្បនិម្មិតត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលអាចមានឥទ្ធិពលលើសេដ្ឋកិច្ច សន្តិសុខជាតិ និងសមត្ថភាពយោធា។ ម៉ូដែល AI ដែលមានទម្ងន់បើកចំហរបស់ចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងប្រកួតប្រជែងជាមួយប្រព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា OpenAI និង Anthropic។

ជាមួយគ្នានេះ សមត្ថភាព AI កាន់តែទំនើប រួមទាំងសមត្ថភាពដែលអាចជួយធ្វើសកម្មភាពឌីជីថលដោយស្វ័យប្រវត្តិ បានបង្កើនការព្រួយបារម្ភជាសកលអំពីផលប៉ះពាល់របស់បច្ចេកវិទ្យានេះចំពោះសន្តិសុខ។ ទីក្រុងប៉េកាំងក៏កំពុងពិចារណាវិធានការរឹតត្បិតមួយចំនួនលើការចូលប្រើពីក្រៅប្រទេសចំពោះម៉ូដែល AI ឈានមុខមួយចំនួនរបស់ចិន។ វាបង្ហាញពីភាពតានតឹងរវាងបំណងចង់ផ្សព្វផ្សាយបច្ចេកវិទ្យារបស់ចិនទៅកាន់ពិភពលោក និងការព្រួយបារម្ភផ្នែកសន្តិសុខជាតិរបស់ទីក្រុងប៉េកាំង។

ក្រៅពី AI និងបន្ទះឈីប រ៉ែសំខាន់ៗក៏កំពុងក្លាយជាចំណុចស្នូលមួយនៃការប្រកួតប្រជែងរវាងអាមេរិក និងចិនផងដែរ។ សហរដ្ឋអាមេរិកបានស្វែងរកការពង្រីកប្រភពផ្គត់ផ្គង់រ៉ែពីក្នុងស្រុក និងពីប្រទេសជាសម្ព័ន្ធមិត្ត ដោយសារចិនមានឥទ្ធិពលយ៉ាងខ្លាំងលើការផលិត និងកែច្នៃរ៉ែសំខាន់ៗជាច្រើនប្រភេទ។ កាហ្សាក់ស្ថានត្រូវបានសហរដ្ឋអាមេរិកលើកសរសើរកាលពីខែមិថុនា ក្នុងនាមជាប្រទេសដំបូងគេនៅអាស៊ីកណ្តាលដែលចូលរួម Pax Silica។ ការចូលរួមនេះមានសារៈសំខាន់ ដោយសារប្រទេសនេះមានធនធានរ៉ែសំខាន់ៗ ដែលអាចជួយផ្គត់ផ្គង់ដល់ឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ជាមួយគ្នានេះ ចិនធ្លាប់ប្រើប្រាស់អត្ថប្រយោជន៍របស់ខ្លួនលើរ៉ែសំខាន់ៗជាឧបករណ៍ក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងវិញយ៉ាងខ្លាំងក្រោមរដ្ឋបាលប្រធានាធិបតី Donald Trump។

សមាជិក Pax Silica មានឱកាសទទួលបានការវិនិយោគរួមគ្នានៅក្នុងគម្រោងពាក់ព័ន្ធនឹង AI ខណៈប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ឱកាស AI របស់អាមេរិក បានបង្ហាញការគាំទ្រចំពោះ «គោលបំណងរួម» និង «ចក្ខុវិស័យរួម» ជាមួយទីក្រុងវ៉ាស៊ីនតោន។ សម្រាប់សហរដ្ឋអាមេរិក ការប្រកួតប្រជែងនេះមិនមែនគ្រាន់តែជាការប្រជែងថា ប្រទេសណាអាចបង្កើតម៉ូដែល AI ទំនើបជាងគេនោះទេ។ វាក៏ជាការប្រជែងដើម្បីកំណត់ថា តើប្រព័ន្ធ AI ពិភពលោកនាពេលអនាគតនឹងពឹងផ្អែកលើបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ ស្តង់ដារ និងច្បាប់ដែលដឹកនាំដោយភាគីណា។

ដូច្នេះ ការដាក់សម្ពាធឱ្យប្រទេសដៃគូ ជ្រើសរើសភាគី អាចជាយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងវិស័យ AI និងកាត់បន្ថយលទ្ធភាពដែលចិនអាចប្រមូលផ្តុំធនធាន មូលធន បច្ចេកវិទ្យា និងដៃគូអន្តរជាតិ ដើម្បីបង្កើតប្រព័ន្ធ AI ប្រកួតប្រជែងមួយផ្សេងទៀតនៅលើឆាកពិភពលោក។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះក៏អាចធ្វើឱ្យប្រទេសមួយចំនួនប្រឈមនឹងការសម្រេចចិត្តដ៏លំបាក ព្រោះប្រទេសជាច្រើនមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន ខណៈពេលដែលពឹងផ្អែកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់បច្ចេកវិទ្យា ការវិនិយោគ និងសន្តិសុខ។ ដូច្នេះ ការប្រកួតប្រជែង AI រវាងមហាអំណាចទាំងពីរ អាចនឹងក្លាយជាកត្តាដែលបង្ខំឱ្យប្រទេសជាច្រើនត្រូវកំណត់ជំហរយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែច្បាស់នៅក្នុងសមរភូមិបច្ចេកវិទ្យាថ្មីនេះ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters