ភ្នំពេញ៖ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានឱ្យដឹងថា សម្តេចបានឆ្លៀតពេលជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិក «សាលាដូង» នៅលើភ្នំគិរីរម្យ ដោយបានសម្ដែងការកោតសរសើរចំពោះទឹកចិត្ត ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់លោក ក្នុងការចូលរួមលើកកម្ពស់ការអប់រំ និងបំណិនដល់កុមារនៅតំបន់ភ្នំ។

សម្តេចបានបញ្ជាក់ថា សម្តេចបានចាប់អារម្មណ៍លើសកម្មភាពរបស់លោក វណ្ណដេ ជាយូរមកហើយ តាមរយៈបណ្ដាញសង្គម ជាពិសេសសកម្មភាពពាក់ព័ន្ធនឹង «សាលាដូង» ក៏ដូចជាបណ្ណាល័យចល័ត ដែលមានគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួនកន្លងមក។

ក្រោយពីបានស្ដាប់ពីប្រវត្តិនៃការរៀបចំសាលាដូង សម្តេចបានកោតសរសើរដោយស្មោះចំពោះទឹកចិត្ត និងឆន្ទៈមោះមុតរបស់លោក វណ្ណដេ ដែលបានបង្កើតសមិទ្ធផលដ៏មានប្រយោជន៍នេះ ទោះបីលោកមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។

សាលាដូងបានចាប់ផ្ដើមពីការខ្ចីដីក្នុងដែនឧទ្យានជាតិគិរីរម្យ ដើម្បីបង្កើតជាកន្លែងអប់រំ ហើយលោក វណ្ណដេ បានខិតខំកៀរគរធនធានពីសប្បុរសជននានា ព្រមទាំងព្យាយាមស្នើសុំប្រជាពលរដ្ឋក្នុងភូមិឱ្យអនុញ្ញាតឱ្យកូនៗរបស់ពួកគាត់មកទទួលការបណ្ដុះបណ្ដាលបំណិននៅសាលាដូង។

តាមការបញ្ជាក់របស់សម្តេច សកម្មភាពរបស់លោក វណ្ណដេ និងក្រុមលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានចូលរួមលើកកម្ពស់ចំណេះដឹង និងបំណិនដល់កុមារជាង ១៥០នាក់ នៅក្នុងភូមិ ដែលជាសកម្មភាពមានផលប្រយោជន៍ជាក់ស្ដែងដល់សង្គម និងប្រជាជន។

ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួន រួមមានផ្ទះគ្រូរបស់សាលាដូង ដែលស្ថិតនៅលើដីជាតំបន់ប្រវត្តិសាស្ត្រយោធា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចចាត់វិធានការចំនួន ៣ ចំណុច។

ទី១៖ សម្តេចបានចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងអនុញ្ញាតឱ្យសាលាដូងបន្តដំណើរការ ខណៈគ្រូបង្រៀនអាចស្នាក់នៅក្នុងផ្ទះជាធម្មតា ដើម្បីបន្តបង្រៀនសិស្ស។

ទី២៖ សម្តេចបានប្រគល់ភារកិច្ចជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ឱ្យចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនៅទីតាំង ដើម្បីរៀបចំដំណោះស្រាយសមស្រប និងមានចីរភាព ដែលអាចធានាឱ្យសាលាដូងបន្តដំណើរការបណ្ដុះបណ្ដាលដល់កុមារនៅទីនោះ។

លើសពីនេះ ក៏ត្រូវពិនិត្យស្ថានភាពជាក់ស្ដែងរបស់ សាលាបឋមសិក្សាគិរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការផ្ដល់ការអប់រំដល់កុមារដែលរស់នៅលើភ្នំ។

ទី៣៖ ដើម្បីជួយសម្រាលបន្ទុកដល់សាលា សម្តេចបវរធិបតី និងលោកជំទាវ បានសម្រេចផ្ដល់ការឧបត្ថម្ភជូនសាលាដូងចំនួន ៥លានរៀល និងអង្ករ ១តោនក្នុងមួយខែដោយចាប់ផ្ដើមពី ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

ការសម្រេចចិត្តនេះត្រូវបានមើលឃើញថា ជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សាលាដូង ក្នុងការផ្ដល់ចំណេះដឹង បំណិន និងឱកាសអប់រំដល់កុមារនៅតំបន់ភ្នំគិរីរម្យ ព្រមទាំងជាការលើកទឹកចិត្តដល់គ្រូស្ម័គ្រចិត្ត និងអ្នកដែលបានចូលរួមក្នុងបេសកកម្មអប់រំមួយនេះ។