យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ក្នុងការវាយប្រហារមួយដែលកើតឡើងនៅពេលយប់ លើភូមិមួយក្នុងរដ្ឋ Plateau ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ខណៈអំពើហិង្សានេះកំពុងបង្កើនការភ័យខ្លាចថា អាចនឹងមានការសងសឹកដោយហិង្សាបន្តទៀតនៅក្នុងតំបន់។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែសីហា។
ហេតុការណ៍នេះបានកើតឡើងក្នុងតំបន់ដែលធ្លាប់ប្រឈមមុខនឹងអសន្តិសុខជាបន្តបន្ទាប់ ជាពិសេសជម្លោះរវាងសហគមន៍កសិករ និងអ្នកឃ្វាលសត្វ។ ជម្លោះទាំងនេះជារឿយៗពាក់ព័ន្ធនឹងការប្រកួតប្រជែងលើដីធ្លី សិទ្ធិស៊ីស្មៅ និងការប្រើប្រាស់ធនធាន ហើយអាចវិវត្តទៅជាអំពើហិង្សាសងសឹក ដែលធ្វើឱ្យប្រជាពលរដ្ឋស្លាប់ រងរបួស និងត្រូវបង្ខំឱ្យចាកចេញពីលំនៅឋាន។ លោក Lemun Le’an Iliya សមាជិកក្រុមប្រឹក្សាដែលតំណាងឱ្យតំបន់រងគ្រោះ បាននិយាយថា មនុស្ស ២៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ខណៈជនរងគ្រោះម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានបញ្ជូនទៅទទួលការព្យាបាល។

ដោយឡែក អ្នកស្រុកម្នាក់ឈ្មោះ Amos John បានអះអាងថា មានមនុស្សម្នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់យ៉ាងហោចណាស់ ២៥នាក់។ លោកបាននិយាយថា ក្រុមអ្នកវាយប្រហារបានចូលទៅតាមផ្ទះនីមួយៗ និងវាយប្រហារលើប្រជាពលរដ្ឋ ខណៈស្ត្រី និងកុមារត្រូវបានរាយការណ៍ថា ស្ថិតក្នុងចំណោមជនរងគ្រោះភាគច្រើន។
បន្ទាប់ពីកើតហេតុ ប៉ូលិសបានចាប់ផ្តើមបញ្ជូនកម្លាំងទៅកាន់តំបន់រងគ្រោះ ដើម្បីវាយតម្លៃស្ថានការណ៍ និងពង្រឹងសន្តិសុខ។ លោក Alfred Alabo អ្នកនាំពាក្យប៉ូលិសរដ្ឋ Plateau បានប្រាប់ Reuters ថា កម្លាំងសន្តិសុខកំពុងធ្វើដំណើរទៅកាន់ទីតាំងកើតហេតុ ហើយប៉ូលិសនឹងចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីការវាយតម្លៃស្ថានការណ៍ត្រូវបានបញ្ចប់។ ទន្ទឹមនឹងនេះ ក្រុមក្នុងស្រុកដែលមានចលនាយុវជន Mwaghavul បានរិះគន់អាជ្ញាធរ ដោយចោទប្រកាន់ថា មិនបានផ្តល់ការការពារគ្រប់គ្រាន់ដល់សហគមន៍ដែលងាយរងគ្រោះ និងបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់លើវិធានការសន្តិសុខនៅក្នុងតំបន់។
លោក Tubwot Jo’l Sunday អ្នកនាំពាក្យរបស់ក្រុមនេះ បាននិយាយថា ការវាយប្រហារដដែលៗ ការសម្លាប់ប្រជាពលរដ្ឋ ការដុតបំផ្លាញផ្ទះសម្បែង និងការបំផ្លាញដីស្រែចម្ការ មិនគួរត្រូវបានចាត់ទុកថាជាឧប្បត្តិហេតុធម្មតាឡើយ។ លោកបានសង្កត់ធ្ងន់លើតម្រូវការឱ្យមានវិធានការសន្តិសុខមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការវាយប្រហារបន្តទៀត។ រដ្ឋ Plateau ស្ថិតនៅតំបន់ខ្សែក្រវាត់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា និងត្រូវបានញាំញីដោយអំពើហិង្សាអស់រយៈពេលជាយូរ។ ជម្លោះនៅទីនេះភាគច្រើនមានប្រភពពីការប្រកួតប្រជែងលើដីធ្លី សិទ្ធិស៊ីស្មៅ និងធនធានធម្មជាតិ ហើយភាពតានតឹងទាំងនេះតែងតែត្រូវបានធ្វើឱ្យកាន់តែស្មុគស្មាញដោយការបែងចែកតាមជនជាតិ និងសាសនា។
ការវាយប្រហារចុងក្រោយនេះបានបង្កើនក្តីបារម្ភថា អំពើហិង្សាអាចរីករាលដាលទៅជាការសងសឹករវាងសហគមន៍ផ្សេងៗ បង្កការបាត់បង់ជីវិតកាន់តែច្រើន និងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ស្ថានការណ៍នេះកំពុងដាក់សម្ពាធបន្ថែមលើអាជ្ញាធរនីហ្សេរីយ៉ា ឱ្យចាត់វិធានការដើម្បីការពារប្រជាពលរដ្ឋ និងទប់ស្កាត់ការផ្ទុះអំពើហិង្សាបន្តទៀត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters