[គូឡាឡាំពួរ]៖ ក្រុមហ៊ុន Malaysia Aviation Group (MAG) ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានឱ្យដឹងថា អាកាសយានិកទាំងអស់របស់ក្រុមហ៊ុនបានធ្វើតេស្តរកសារធាតុញៀន និងទទួលបានលទ្ធផលអវិជ្ជមាន បន្ទាប់ពីមានការបញ្ជាឱ្យធ្វើការត្រួតពិនិត្យជាបន្ទាន់ ក្រោយពេលអាកាសយានិកម្នាក់ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ MAG បានបញ្ជាក់ថា ការត្រួតពិនិត្យអាកាសយានិកទាំងអស់ គឺជាផ្នែកមួយនៃវិធានការបង្កើនសុវត្ថិភាព និងធានាថាបុគ្គលិកដែលទទួលបន្ទុកប្រតិបត្តិការហោះហើរ អាចបំពេញការងារដោយគ្មានការពាក់ព័ន្ធនឹងសារធាតុញៀន។
ការត្រួតពិនិត្យនេះត្រូវបានដាក់ឱ្យអនុវត្ត បន្ទាប់ពីអាកាសយានិក Malaysia Airlines ម្នាក់ត្រូវបានឃាត់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា។ អាជ្ញាធរឥណ្ឌូនេស៊ីបានរកឃើញ MDMA ប្រមាណ ២៦គីឡូក្រាម នៅក្នុងឥវ៉ាន់របស់អាកាសយានិករូបនោះ នៅពេលលោកមកដល់ទីក្រុងហ្សាការតា ពីទីក្រុងគូឡាឡាំពួរ។ តាមការបញ្ជាក់របស់ការិយាល័យគយឥណ្ឌូនេស៊ី ការធ្វើតេស្តទឹកនោមលើអាកាសយានិករូបនេះ ក៏បានបង្ហាញពីការរកឃើញសារធាតុ cocaine និង methamphetamine ផងដែរ។ ករណីនេះបានបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការត្រួតពិនិត្យសារធាតុញៀនក្នុងចំណោមបុគ្គលិកអាកាសចរណ៍។

ទោះជាយ៉ាងណា MAG បានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យអាកាសយានិករបស់ខ្លួនទាំងអស់ដែលបានបញ្ចប់រហូតមកដល់ពេលនេះ គឺអវិជ្ជមានទាំងអស់។ ក្រុមហ៊ុនបានចាត់ទុកលទ្ធផលនេះថា ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែបានបញ្ជាក់ថា ការត្រួតពិនិត្យនឹងមិនបញ្ចប់ត្រឹមអាកាសយានិកឡើយ។ ចាប់ពីថ្ងៃទី១៨ ខែសីហា MAG នឹងចាប់ផ្តើមដំណាក់កាលបន្ទាប់ ដោយធ្វើតេស្តលើនាវិកកាប៊ីនរបស់ Malaysia Airlines ប្រមាណ ២.៨៤០នាក់។ កម្មវិធីត្រួតពិនិត្យនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី៣ ខែកញ្ញា។ MAG ដែលគ្រប់គ្រង Malaysia Airlines ក៏ជាម្ចាស់ប្រតិបត្តិការ Flyfire ដែលជាក្រុមហ៊ុនអាកាសចរណ៍រយៈចម្ងាយខ្លី និង Haj Amal ដែលផ្តល់សេវាហោះហើរសម្រាប់អ្នកធ្វើធម្មយាត្រាផងដែរ។
លោក Nasaruddin A. Bakar ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន MAG បាននិយាយថា ការបញ្ចប់ដំណាក់កាលដំបូងនៃការត្រួតពិនិត្យ គឺជាចំណុចសំខាន់មួយក្នុងការពង្រឹងវិធានការសុវត្ថិភាពរបស់ក្រុមហ៊ុន ប៉ុន្តែការងារនៅតែបន្ត។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តធ្វើការត្រួតពិនិត្យនៅក្នុងផ្នែកប្រតិបត្តិការផ្សេងទៀត ដើម្បីធានាថាស្តង់ដារតឹងរ៉ឹងដូចគ្នាត្រូវបានអនុវត្តជាប់លាប់នៅទូទាំងប្រតិបត្តិការរបស់ក្រុមហ៊ុន។ លោក Nasaruddin បានសង្កត់ធ្ងន់ថា សុវត្ថិភាពនៅតែជាអាទិភាពសំខាន់ក្នុងការសម្រេចចិត្តរបស់ក្រុមហ៊ុន ហើយ MAG នឹងបន្តចាត់វិធានការចាំបាច់ ដើម្បីពង្រឹងប្រព័ន្ធការពារ រក្សាស្តង់ដារប្រតិបត្តិការ និងធានាទំនុកចិត្តរបស់អ្នកដំណើរ និងភាគីពាក់ព័ន្ធ។ ក្រៅពី Malaysia Airlines MAG ក៏បានបង្ហាញពីវឌ្ឍនភាពនៃការត្រួតពិនិត្យនៅក្រុមហ៊ុន Firefly ផងដែរ។ ក្រុមហ៊ុនបានឱ្យដឹងថា អាកាសយានិករបស់ Firefly ចំនួន ១៥៨នាក់ និងនាវិកកាប៊ីនចំនួន ១៦៣នាក់ កំពុងស្ថិតក្នុងកម្មវិធីត្រួតពិនិត្យ ហើយជាងពាក់កណ្តាលនៃបុគ្គលិកទាំងនេះត្រូវបានធ្វើតេស្តរួចរាល់ ដោយលទ្ធផលទាំងអស់ដែលទទួលបានរហូតមកដល់ពេលនេះ គឺអវិជ្ជមាន។
Firefly ក៏ត្រូវបានរំពឹងថានឹងបញ្ចប់ការត្រួតពិនិត្យលើអាកាសយានិក និងនាវិកកាប៊ីនដែលនៅសេសសល់ទាំងអស់របស់ខ្លួននៅថ្ងៃទី២៥ ខែសីហា។ ការត្រួតពិនិត្យទ្រង់ទ្រាយធំនេះបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកំពុងពង្រឹងការត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីករណីអាកាសយានិកម្នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននៅឥណ្ឌូនេស៊ី។ ខណៈលទ្ធផលអាកាសយានិក Malaysia Airlines ទាំងអស់ដែលបានធ្វើតេស្តរួច គឺអវិជ្ជមាន MAG បានបញ្ជាក់ថា ខ្លួននឹងបន្តការត្រួតពិនិត្យលើបុគ្គលិកផ្សេងទៀត ដើម្បីរក្សាស្តង់ដារសុវត្ថិភាព និងទំនុកចិត្តរបស់អ្នកដំណើរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters