ប្រទេសថៃ៖ ក្មេងស្រីអាយុ ១៧ឆ្នាំឈ្មោះ Tunchanok Donhomla ដែលសាកសពរបស់នាងត្រូវបានរកឃើញនៅក្នុងវ៉ាលីមួយក្បែរផ្លូវរថភ្លើង ក្នុងទីក្រុងប៉ាតាយ៉ា ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារថប់ដង្ហើម។ នេះបើយោងតាមលទ្ធផលកោសល្យវិច័យដែលប៉ូលិសបានបង្ហាញ។ សាកសពរបស់ Tunchanok ត្រូវបានរកឃើញនៅព្រឹកព្រលឹមថ្ងៃទី២៧ ខែមិថុនា ប្រហែល ១៥នាទីបន្ទាប់ពីប៉ូលិសបានចាប់ខ្លួនបុរសជនជាតិអូស្ត្រាលីអាយុ ៤៥ឆ្នាំ Simon Peter Carman ដែលត្រូវបានសង្ស័យថាកំពុងរៀបចំចាកចេញពីប្រទេស។
មេប៉ូលិសក្រុងប៉ាតាយ៉ា លោក Anek Srathongyoo បានប្រាប់ BBC ថា ក្រៅពីការថប់ដង្ហើម នាងមានរបួសខួរក្បាលមួយចំនួន ប៉ុន្តែរបួសទាំងនេះមិនមែនជាមូលហេតុនៃការស្លាប់ឡើយ។ លោកក៏បានបញ្ជាក់ថា DNA ដែលរកឃើញលើសាកសព ត្រូវគ្នានឹង Carman ហើយអាចពាក់ព័ន្ធនឹងពេលដែលគាត់ដាក់សាកសពចូលក្នុងវ៉ាលី។

ប៉ូលិសកំពុងចោទប្រកាន់ Carman ចំនួន ៤ ករណី រួមមាន ឃាតកម្ម ការលាក់បាំង ឬផ្លាស់ទីសាកសព ការចាប់ជំរិតអនីតិជនអាយុលើស ១៥ឆ្នាំ ប៉ុន្តែក្រោម ១៨ឆ្នាំ និងការទទួលយកអនីតិជនទៅប្រព្រឹត្តអំពើមិនសមរម្យ។ លោក Anek បាននិយាយថា ប៉ូលិសបានប្រមូលភស្តុតាងយ៉ាងហ្មត់ចត់ និងត្រៀមបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា។ តាមវីដេអូ CCTV Carman ត្រូវបានឃើញចូលខុនដូជាមួយ Tunchanok នៅម៉ោង ៣:៣៤នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា។ ក្រោយមក គេឃើញគាត់ចេញមកតែម្នាក់ឯង ដោយដឹកវ៉ាលីធំមួយ ហើយប៉ូលិសនិយាយថា គាត់បានដាក់វ៉ាលីលើម៉ូតូ និងបើកទៅកាន់តំបន់ផ្លូវរថភ្លើង។
ក្រោយការចាប់ខ្លួន Carman បានបដិសេធការចោទប្រកាន់ និងអះអាងថា គាត់បានធ្វើសកម្មភាពដើម្បីការពារខ្លួន។ តាមការរាយការណ៍ គាត់បានប្រាប់ប៉ូលិសថា មានការឈ្លោះប្រកែកគ្នាជាមួយ Tunchanok បន្ទាប់ពីពួកគេត្រឡប់ទៅកន្លែងស្នាក់នៅរបស់គាត់។ Tunchanok ដែលមានឈ្មោះហៅក្រៅថា Cake បានធ្វើដំណើរពីខេត្ត Kalasin ទៅប៉ាតាយ៉ា នៅថ្ងៃទី១៦ ខែមិថុនា ដោយប្រាប់គ្រួសារថា នាងចង់ទៅវិស្សមកាលជាមួយមិត្តភក្តិ។ ឪពុករបស់នាង Thongchai Donhomla បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កូនស្រី។
ម្តាយចុងរបស់នាង Oradee Bussarakum បាននិយាយថា គ្រួសារមានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់នាងមុនពេលទទួលដំណឹងអាក្រក់នេះ ហើយការស្លាប់របស់ Tunchanok បានធ្វើឱ្យគ្រួសាររងទុក្ខយ៉ាងខ្លាំង។ ប៉ូលិសគ្រោងបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ខណៈប្រសិនបើ Carman ត្រូវបានតុលាការរកឃើញថាមានទោសពីបទឃាតកម្ម លោកអាចប្រឈមនឹងទោសប្រហារជីវិតតាមច្បាប់ថៃ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC