[AKP]៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) ដែលប្រារព្ធឡើងនៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ (12th Asian Taekwon-Do Championship) ដោយយកឈ្នះលើបេក្ខភាពពីរប្រទេសផ្សេងទៀត គឺអ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានមានប្រសាសន៍ថា ការទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងនេះ គឺដោយសារបណ្តាប្រទេសសមាជិកនៅអាស៊ីបានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាព និងភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិ ជាពិសេសការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នាពេលកន្លងមក។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមតែជាមោទនភាពជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាតសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) ត្រូវបានរៀបចំឡើងនៅប្រទេសម៉ុងហ្គោលី អំឡុងពេលការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ដែលប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនប្រតិភូសរុបចំនួន ៤៧នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ និងកីឡាការិនីថ្នាល ព្រមទាំងក្រុមជម្រើសជាតិចំនួន ៣២នាក់។ លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែសីហានេះ អត្តពលិកវ័យក្មេងរបស់កម្ពុជា បានចូលរួមប្រកួតលើវិញ្ញាសាមេគុន ខណៈកីឡាករផ្នែកប្រយុទ្ធបានបញ្ចប់ការថ្លឹងទម្ងន់រួចរាល់ និងត្រៀមចូលរួមប្រកួតតាមវិញ្ញាសារៀងៗខ្លួននៅថ្ងៃបន្តបន្ទាប់។
ប្រភព៖ ក្រសួងព័ត៌មាន