នៅក្នុងស្រុក Yizhuang នៃទីក្រុងប៉េកាំង យានយន្តគ្មានមនុស្សបើកបានក្លាយទៅជាទិដ្ឋភាពទូទៅមួយទៅហើយ។ រថយន្តតាក់ស៊ីស្វ័យប្រវត្ត ឬ Robotaxis កំពុងបើកបរប្រជ្រៀតគ្នាក្នុងចរាចរណ៍យ៉ាងរលូនជាមួយរថយន្តធម្មតា ខណៈដែលរថយន្តដឹកជញ្ជូនស្វ័យប្រវត្តិក៏កំពុងដំណើរការតាមដងផ្លូវ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ចំណុចប្រមូលផ្តុំ។
ស្រុកនេះបានក្លាយជាទីលានសាកល្បងដ៏ធំមួយរបស់ប្រទេសចិនសម្រាប់ការបើកបរស្វ័យប្រវត្តិ ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Baidu, WeRide និង Pony.ai កំពុងដំណើរការសេវាកម្ម Robotaxi ក្នុងលក្ខណៈពាណិជ្ជកម្មនៅលើតំបន់ដែលបានកំណត់។ ការកក់ជិះគឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែបើកកម្មវិធីទូរស័ព្ទ រង់ចាំតែប៉ុន្មាននាទីប៉ុណ្ណោះ រថយន្ត Robotaxi នឹងមកដល់ដោយគ្មានអ្នកបើកបរនៅពីក្រោយចង្កូតឡើយ។ បន្ទាប់ពីអ្នកដំណើរបញ្ជាក់ការធ្វើដំណើរនៅលើអេក្រង់ Touchscreen រថយន្តនឹងបើកចូលទៅក្នុងចរាចរណ៍ដ៏ណែនណាន់តាប់នៃទីក្រុងប៉េកាំង ដោយអាចគេចវេះពីឡានក្រុង អ្នកជិះកង់ ម៉ូតូស្កូទ័រ និងអ្នកថ្មើរជើងបានយ៉ាងមានទំនុកចិត្ត និងស្ទើរតែគ្មានការរអាក់រអួល។

ទោះបីជាបច្ចេកវិទ្យានេះកំពុងបន្តអភិវឌ្ឍក៏ដោយ ប៉ុន្តែសំណួរដ៏ធំមួយបានចោទឡើងថា តើក្រុមហ៊ុនចិនអាចប្រែក្លាយ Robotaxi ទៅជាវិស័យមួយដែលពួកគេអាចគ្រប់គ្រងទីផ្សារពិភពលោក ដូចដែលពួកគេធ្លាប់ធ្វើបានជោគជ័យលើវិស័យរថយន្តអគ្គិសនី (EV) ដែរឬទេ? ក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ចិន មានប្រៀបខ្លាំងរួចជាស្រេចដោយសារ «ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម» ដែលធ្លាប់បានរុញច្រានប្រទេសនេះឱ្យក្លាយជាទីផ្សារ EV ធំបំផុតនៅលើពិភពលោក។ ខុសពីក្រុមហ៊ុន Tesla របស់អាមេរិកដែលរចនា និងផលិតបច្ចេកវិទ្យាស្ទើរតែទាំងអស់ដោយខ្លួនឯង ឧស្សាហកម្មបើកបរស្វ័យប្រវត្តិរបស់ចិនត្រូវបានបង្កើតឡើងតាមរយៈបណ្តាញទំនាក់ទំនងរវាងក្រុមហ៊ុនជាច្រើន។
ក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន BYD, Chery, Geely និង SAIC ជាអ្នកទទួលបន្ទុកផលិតតួរថយន្ត ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាឯកទេសទទួលបន្ទុកខាងការអភិវឌ្ឍកម្មវិធី។ រថយន្តបើកបរស្វ័យប្រវត្តិត្រូវពឹងផ្អែកលើអាគុយ ឧបករណ៍ចាប់សញ្ញា បន្ទះឈីប និងប្រព័ន្ធកុំព្យូទ័រ ដែលជាគ្រឿងបង្គុំដូចគ្នានឹងរថយន្ត EV ដែរ។ ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនោះមានទំហំធំ និងរឹងមាំរួចជាស្រេច ទើបជួយឱ្យក្រុមហ៊ុនចិនអាចអភិវឌ្ឍបច្ចេកវិទ្យាបានលឿន និងមានតម្លៃដើមទាបជាងមុន។
លោក Kyle Chan អ្នកស្រាវជ្រាវគោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings បានលើកឡើងថា ល្បឿននៃការច្នៃប្រឌិត និងការបន្សាំខ្លួននៅក្នុងឧស្សាហកម្មរថយន្ត EV របស់ចិន គឺមានភាពរហ័សរហួនខ្លាំង ដែលខ្ញុំគិតថាគ្មានកន្លែងណាផ្សេងអាចធ្វើដូចបានឡើយ។ សមត្ថភាពលើរថយន្ត EV របស់ចិនមិនបានបញ្ឈប់ត្រឹមហ្នឹងទេ ប៉ុន្តែវាកំពុងជះឥទ្ធិពល និងរីករាលដាលដល់ឧស្សាហកម្មពាក់ព័ន្ធដទៃទៀត តាមរយៈអ្វីដែលខ្ញុំហៅថា ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបច្ចេកវិទ្យាដែលត្រួតស៊ីគ្នា។
គោលនយោបាយគាំទ្រពីរដ្ឋាភិបាលក៏ជាកាតាលីករដ៏សំខាន់ផងដែរ។ កម្មវិធីសាកល្បងនៅក្នុងទីក្រុងជាច្រើន បានអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចធ្វើការសាកល្បងបច្ចេកវិទ្យារបស់ខ្លួននៅលើផ្លូវសាធារណៈបាន។ លើសពីនេះ ប្រទេសចិនបានផ្តល់នូវអត្ថប្រយោជន៍ដ៏កម្រមួយសម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការធ្វើឱ្យប្រព័ន្ធឆ្លាតវៃជាងមុន នោះគឺ ស្ថានភាពចរាចរណ៍ដ៏ស្មុគស្មាញ។
ការធ្វើដំណើរតែមួយជើងកាត់ទីក្រុងប៉េកាំង តម្រូវឱ្យប្រព័ន្ធស្វ័យប្រវត្តិដោះស្រាយរាល់ឧបសគ្គចំពោះមុខភ្លាមៗ ទាំងឡានក្រុង ម៉ូតូស្កូទ័រ អ្នកជិះកង់ អ្នកថ្មើរជើង និងលំហូរចរាចរណ៍ដែលមិនអាចទាយទុកមុនបាន។ លោកស្រី Maeve Zhang ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន WeRide បានប្រាប់សារព័ត៌មាន BBC ថា បរិយាកាសចរាចរណ៍នៅក្នុងប្រទេសចិនមានភាពស្មុគស្មាញខ្លាំងណាស់។
ភាពចម្រុះនៃអ្នកប្រើប្រាស់ផ្លូវនេះហើយ ដែលបានបង្កើតជាទិន្នន័យ ដ៏មហាសាលក្នុងការជួយកែលម្អប្រព័ន្ធ Software ឱ្យកាន់តែល្អឥតខ្ចោះ។ ទោះជាយ៉ាងណា បើទោះបីជាទិន្នន័យបើកបរពីប្រទេសចិនមានប្រយោជន៍ខ្លាំងក្តី ប៉ុន្តែលក្ខខណ្ឌប្រឈមផ្សេងទៀតនៅក្រៅប្រទេស អាចជាឧបសគ្គដល់ការវាយលុកទីផ្សារបរទេស។ លោកស្រី Zhang បានបន្ថែមថា នៅមជ្ឈិមបូព៌ាមានសីតុណ្ហភាពក្តៅខ្លាំង នៅអាស៊ីអាគ្នេយ៍មានភ្លៀងធ្លាក់ខ្លាំង ហើយនៅប្រទេសស្វីសវិញ សីតុណ្ហភាពក្នុងរដូវរងាអាចធ្លាក់ចុះទាបបំផុត។
សីតុណ្ហភាពខ្លាំងពេកអាចធ្វើឱ្យថយចុះសមត្ថភាពរបស់អាគុយ ខណៈដែលភ្លៀងធ្លាក់ខ្លាំង ព្រិល ឬអ័ព្ទ អាចរំខានដល់ដំណើរការរបស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដែលរថយន្តស្វ័យប្រវត្តិចាំបាច់ត្រូវពឹងផ្អែក។ Robotaxis គ្រាន់តែជាផ្នែកមួយនៃមហិច្ឆតាបើកបរស្វ័យប្រវត្តិរបស់ចិនប៉ុណ្ណោះ។ ក្រុមហ៊ុន QCraft កំពុងយកកម្មវិធីស្វ័យប្រវត្តិនេះទៅប្រើប្រាស់លើរថយន្តឯកជន ឡានក្រុង និងរថយន្តដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ឡានក្រុងស្វ័យប្រវត្តារបស់ខ្លួនកំពុងដំណើរការនៅក្នុងទីក្រុងជាង ២០ របស់ចិនរួចទៅហើយ និងកំពុងពង្រីកខ្លួនទៅក្រៅប្រទេស។ លោក James Yu ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន QCraft បានមានប្រសាសន៍ថា ផ្នែកបច្ចេកវិទ្យានេះមានសង្ឃឹមខ្ពស់ណាស់ ដែលប្រហែលជា ៥ ទៅ ៧ ឆ្នាំ ឬយ៉ាងយូរណាស់ ១០ ឆ្នាំខាងមុខ វានឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។
ខណៈដែលក្រុមហ៊ុនចិនកំពុងពង្រីកខ្លួនយ៉ាងលឿននៅលើឆាកអន្តរជាតិ ដៃគូប្រកួតប្រជែងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពួកគេគឺស្ថិតនៅសហរដ្ឋអាមេរិក។ Waymo ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេរបស់ Google) នៅតែជាអ្នកដឹកនាំទីផ្សារ Robotaxi ក្នុងលក្ខណៈពាណិជ្ជកម្ម ដោយកំពុងដំណើរការសេវាកម្មដឹកជញ្ជូនមិនមានអ្នកបើកបរ និងគិតថ្លៃនៅក្នុងទីក្រុងធំៗជាច្រើនរបស់សហរដ្ឋអាមេរិក។ ដោយឡែក ក្រុមហ៊ុន Zoox (របស់ Amazon) និង Tesla ហាក់កំពុងដើរទៅមុខដោយភាពប្រុងប្រយ័ត្នខ្ពស់។
ផ្ទុយទៅវិញ ក្រុមហ៊ុន Uber បានសម្រេចចិត្តបោះបង់ចោលការអភិវឌ្ឍយានយន្តស្វ័យប្រវត្តិផ្ទាល់ខ្លួនទាំងស្រុង បន្ទាប់ពីបានជួបគ្រោះថ្នាក់ដ៏សាហាវមួយកាលពីឆ្នាំ ២០១៨។ បច្ចុប្បន្ន ទាំង Uber និងគូប្រជែងរបស់ខ្លួនគឺ Lyft កំពុងងាកមកចាប់ដៃគូសហការជាមួយក្រុមហ៊ុនចិនវិញ។ លោកស្រី Tu Le ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ Sino Auto Insights បានលើកឡើងថា ការធ្វើបែបនេះបានផ្តល់ឱ្យពួកគេនូវ ឱកាសភ្លាមៗក្នុងការទទួលបានអតិថិជនរាប់លាននាក់ ដែលពួកគេមិនអាចធ្វើបានឡើយ ប្រសិនបើត្រូវបង្កើតកម្មវិធីដោយខ្លួនឯង។ តាមរយៈភាពជាដៃគូទាំងនេះ ពួកគេអាចធ្វើពាណិជ្ជកម្ម និងពង្រីកវិសាលភាពរបស់ខ្លួនបានកាន់តែលឿន។
ទោះបីជាក្រុមហ៊ុនចិនអាចផលិតបានក្នុងតម្លៃថោកជាងក៏ដោយ ប៉ុន្តែ Waymo បានចំណាយពេលជាច្រើនឆ្នាំក្នុងការកសាងបទពិសោធន៍លើសេវាកម្មអតិថិជន និងបច្ចេកវិទ្យា Software។ លោកស្រី Tu Le បានកត់សម្គាល់ថា បន្ទាប់ពីបានសាកល្បងផ្ទាល់ជាមួយ Waymo ក៏ដូចជា WeRide និង Pony ខ្ញុំត្រូវតែនិយាយថា បទពិសោធន៍របស់អ្នកប្រើប្រាស់លើ Waymo គឺល្អជាងដៃគូប្រកួតប្រជែងដទៃទៀតទាំងអស់។ ខ្ញុំមានអារម្មណ៍ថា Waymo កំពុងក្លាយជាមធ្យោបាយដឹកជញ្ជូនស្តង់ដារសម្រាប់រដ្ឋកាលីហ្វ័រញ៉ាទៅហើយ។
ការទទួលយកបច្ចេកវិទ្យានេះមានភាពខុសគ្នារវាងទីផ្សារនីមួយៗ។ នៅសហរដ្ឋអាមេរិក សហជីពការងារបានព្រមានថា Robotaxis អាចនឹងចូលមកដណ្តើមការងារ និងជំនួសកន្លែងរបស់អ្នកបើកបរតាក់ស៊ី ឡានដឹកជញ្ជូន និងឡានដឹកទំនិញ។ ផ្ទុយទៅវិញ អ្នកធ្វើគោលនយោបាយរបស់ចិនបានចាត់ទុក «ប្រព័ន្ធស្វ័យប្រវត្តកម្ម» នេះថាជាដំណោះស្រាយដ៏ល្អសម្រាប់បញ្ហាកង្វះកម្លាំងពលកម្មដែលកំពុងធ្លាក់ចុះ (ដោយសារបញ្ហាចាស់ជរានៃចំនួនប្រជាជន)។
ទោះជាយ៉ាងណា ការរឹតត្បិតរបស់រដ្ឋាភិបាលចិនទៅលើការបញ្ចេញមតិប្រឆាំង ធ្វើឱ្យគេពិបាកក្នុងការវាយតម្លៃពីមតិពិតប្រាកដរបស់សាធារណជនទូទៅ។ លោកប្រធានាធិបតី ស៊ី ជីនពីង បានលើកកម្ពស់បញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដែលជាផ្នែកមួយនៃការជំរុញប្រទេសចិនឱ្យបង្កើត «កម្លាំងផលិតភាពដែលមានគុណភាពថ្មី» ដើម្បីបង្កើតការងារថ្មីៗ និងជំរុញកំណើនសេដ្ឋកិច្ច។
កត្តានេះបានក្លាយជាកម្លាំងចលករ និងការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់ក្រុមហ៊ុននានាក្នុងការវិនិយោគ និងពង្រីកបច្ចេកវិទ្យានេះ។ អំណះអំណាងមួយរបស់វិស័យនេះគឺថា យានយន្តស្វ័យប្រវត្តិអាចជួយសម្រួលដល់ការធ្វើដំណើររបស់មនុស្សដែលមិនអាចបើកបរដោយខ្លួនឯងបាន។ លោក Le បាននិយាយថា ប្រសិនបើយើងអាចកាត់បន្ថយថ្លៃដើមសេវាកម្ម Robotaxi ឱ្យមានតម្លៃថោកជាងការហៅ Uber ជាមួយអ្នកបើកបរធម្មតា នោះវានឹងជួយពង្រីកលទ្ធភាពធ្វើដំណើរបានកាន់តែទូលំទូលាយ។ មនុស្សចាស់ និងជនពិការ នឹងមានលទ្ធភាពធ្វើដំណើរទៅណាមកណាបានដោយខ្លួនឯងកាន់តែច្រើន។

ទោះជាយ៉ាងណា ក្តីបារម្ភជុំវិញរឿងសុវត្ថិភាពនៅតែជាប្រធានបទក្តៅ។ កាលពីដើមឆ្នាំនេះ សេវាកម្ម Apollo Go របស់ក្រុមហ៊ុន Baidu បានជួបប្រទះបញ្ហាប្រព័ន្ធ Software ដែលបណ្តាលឱ្យរថយន្ត Robotaxi ប្រហែល ១០០ គ្រឿងគាំងជាប់នៅកណ្តាលផ្លូវក្នុងទីក្រុង Wuhan។ អ្នកដំណើរខ្លះបានរាយការណ៍ថា ពួកគេមិនអាចចេញពីរថយន្តបានឡើយ ដោយសារទ្វារត្រូវបានចាក់សោដោយស្វ័យប្រវត្តិ។ សេវាកម្មនេះត្រូវបានផ្អាកដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ Baidu បានអះអាងថា ខ្លួននៅតែបន្តដំណើរការតាមផែនការក្នុងការដាក់ឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេសនាពេលខាងមុខ។ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញថា ការខកខានផ្នែកបច្ចេកវិទ្យាតែបន្តិចបន្តួច អាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជនយ៉ាងធ្ងន់ធ្ងរ។
បញ្ហាប្រហាក់ប្រហែលគ្នានេះក៏បានកើតឡើងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន GM បានសម្រេចចិត្តបិទផ្នែក Robotaxi របស់ខ្លួនដែលមានឈ្មោះថា Cruise ដើម្បីងាកមក ផ្តោតអារម្មណ៍ឡើងវិញលើការអភិវឌ្ឍការបើកបរស្វ័យប្រវត្តិសម្រាប់យានយន្តផ្ទាល់ខ្លួន។ និយតកររដ្ឋកាលីហ្វ័រញ៉ាបានព្យួរអាជ្ញាប័ណ្ណរបស់ Cruise បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ ២០២៣ ដែលក្នុងនោះរថយន្ត Robotaxi មួយគ្រឿងបានអូសអ្នកថ្មើរជើងម្នាក់ចម្ងាយជាច្រើនម៉ែត្រ បន្ទាប់ពីនាងត្រូវបានបុកដោយរថយន្តមួយផ្សេងទៀត។
ហេតុផលទាំងនេះហើយ ទើបអ្នកវិភាគមួយចំនួនយល់ថា Robotaxis នឹងមានភាពពិបាកក្នុងការនាំចេញជាងរថយន្ត EV។ ប្រតិបត្តិការ Robotaxi មានភាពស្មុគស្មាញជាងការផលិតរថយន្តធម្មតា ឬការបង្កើត App ហៅឡានជិះឆ្ងាយណាស់ ព្រោះវាត្រូវប្រឈមមុខនឹងច្បាប់ទម្លាប់ដ៏តឹងរ៉ឹង ការធ្វើផែនទីលម្អិតកម្រិតខ្ពស់ ការរៀបចំក្រុមការងារប្រតិបត្តិការផ្ទាល់ក្នុងតំបន់ និងការបង្កើតទំនុកចិត្តពីសាធារណជន ដែលសូម្បីតែប្រ៊ែនក្នុងស្រុករបស់អាមេរិកផ្ទាល់ក៏កំពុងជួបការលំបាកដែរ។
លើសពីនេះ ពួកគេក៏អាចប្រឈមមុខនឹង រនាំងភូមិសាស្ត្រនយោបាយ ផងដែរ។ មិនដូចរថយន្ត EV ធម្មតាទេ Robotaxis ប្រមូលទិន្នន័យផែនទី រូបភាពកាមេរ៉ា និងទិន្នន័យទីតាំងយ៉ាងមហាសាល ដែលកត្តានេះធ្វើឱ្យពួកគេងាយនឹងរងការរឹតត្បិត ដោយសារក្តីបារម្ភអំពី សន្តិសុខជាតិ នៅក្នុងទីផ្សារបរទេស។
ទោះជាយ៉ាងណា បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី ក្រុមហ៊ុន WeRide បានឱ្យដឹងថា និយតករកំពុងបើកចិត្តទទួលយកការបើកបរស្វ័យប្រវត្តិនេះ។ លោកស្រី Zhang បាននិយាយថា យើងឃើញមានអាកប្បកិរិយាវិជ្ជមាន ក៏ដូចជាគោលនយោបាយ និងបទប្បញ្ញត្តិគាំទ្រល្អៗជាច្រើនពីរដ្ឋាភិបាលចិន និងទីផ្សារអន្តរជាតិមួយចំនួនទៀត។ សម្រាប់លោក Chan វិញ យានយន្ត Robotaxi មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរថ្មីមួយមុខនោះទេ ប៉ុន្តែវាជាតំណាងឱ្យអ្វីដែលធំធេងជាងនេះ ប្រទេសចិនកំពុងព្យាយាមបង្កើតសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់ ដែលមានការតភ្ជាប់ប្រព័ន្ធឌីជីថលពេញលេញ ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) និងត្រូវបានបង្កើតឡើងនៅលើចំណុចខ្លាំងដែលមានស្រាប់របស់ខ្លួននាពេលបច្ចុប្បន្ន ដូចជា អាគុយ រថយន្តអគ្គិសនី ម៉ូទ័រ និងបច្ចេកវិទ្យាពាក់ព័ន្ធដទៃទៀត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC