យោងតាមទិន្នន័យពីសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថា សហគ្រិនបច្ចេកវិទ្យាលំដាប់ពិភពលោក លោក Elon Musk បានបាត់បង់ឋានៈជា មហាសេដ្ឋីទ្រីលានដុល្លារ កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ការបាត់បង់ឋានៈនេះបានកើតឡើងក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីលោកបានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលសម្រេចបានទ្រព្យសម្បត្តិដ៏មហាសាលនេះ ក្រោយការបើកបង្ហាញខ្លួនជាសាធារណៈរបស់ក្រុមហ៊ុន SpaceX។
ផ្អែកលើការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ Bloomberg គិតត្រឹមម៉ោង ១៧:៣០ នាទី នៅទីក្រុងញូវយ៉ក ទ្រព្យសម្បត្តិសរុបរបស់លោក Musk បានធ្លាក់ចុះមកនៅត្រឹម ៩៥៧ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ១,១១ ទ្រីលានដុល្លារ ក្នុងរយៈពេលត្រឹមតែ ១៤ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ លោក Musk នៅតែរក្សាតំណែងជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក ដដែល ដោយទ្រព្យសម្បត្តិរបស់លោកនៅតែដាច់ឆ្ងាយពីគូប្រជែងលំដាប់បន្ទាប់។

ការប្រែប្រួលយ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីមានការដកថយយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla ខណៈពេលដែលភាគហ៊ុនបច្ចេកវិទ្យាសកលកំពុងរងសម្ពាធ ដោយសារការកើនឡើងនូវមន្ទិលសង្ស័យជុំវិញផលចំណេញរយៈពេលវែងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
កាលពីថ្ងៃទី ១២ ខែមិថុនា លោក Elon Musk បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការនាំយកក្រុមហ៊ុនផលិតរ៉ុក្កែត និងផ្កាយរណបយក្ស SpaceX ចូលទីផ្សារភាគហ៊ុន Nasdaq។ ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ដ៏ធំសម្បើមនេះ ត្រូវបានកំណត់តម្លៃ ១៣៥ ដុល្លារក្នុងមួយហ៊ុន និងបានបើកការជួញដូរក្នុងតម្លៃ ១៥០ ដុល្លារ ដែលធ្វើឱ្យតម្លៃទីផ្សារសរុបរបស់ SpaceX ហក់ឡើងដល់ជាង ១,៧៧ ទ្រីលានដុល្លារ។ ដោយសារលោក Musk កាន់កាប់ភាគហ៊ុនប្រហែល ៤២% នៃក្រុមហ៊ុន SpaceX ព្រឹត្តិការណ៍នេះបានរុញច្រានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកឱ្យកើនឡើងហួសពី ១ ទ្រីលានដុល្លារភ្លាមៗ។ គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ភាពសាទររបស់វិនិយោគិនបានធ្វើឱ្យភាគហ៊ុន SpaceX កើនឡើងដល់កម្រិតកំពូល ២២៥,៦៤ ដុល្លារ ដែលជំរុញឱ្យទ្រព្យសម្បត្តិសរុបរបស់លោក Musk ហក់ឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានគឺ ១,៣២ ទ្រីលានដុល្លារ។
ទោះជាយ៉ាងណា ការហក់ឡើងនៃតម្លៃទីផ្សារនេះមិនបានស្ថិតស្ថេរយូរអង្វែងឡើយ។ ក្តីបារម្ភជុំវិញការចំណាយលើដើមទុន ថ្លៃដើមខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធ AI និងអត្រាការប្រាក់ដែលនៅតែរក្សាកម្រិតខ្ពស់ បានបង្កឱ្យមានការសម្រុកលក់ចេញនូវភាគហ៊ុនបច្ចេកវិទ្យាយ៉ាងគំហុកនៅលើទីផ្សារសកល។ វិបត្តិនេះបានវាយប្រហារចំៗទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេដូចជា Nvidia Intel និង AMD ហើយភាគហ៊ុនរបស់ SpaceX ក៏បានរងការកែតម្រូវតម្លៃ យ៉ាងខ្លាំងផងដែរ ដោយបានធ្លាក់ចុះជាង ៣០% ពីចំណុចកំពូលមកនៅត្រឹមប្រហែល ១៥៦ ដុល្លារ។ នៅក្នុងថ្ងៃច័ន្ទ ទី២២ ខែមិថុនា ដ៏ច្របូកច្របល់ ភាគហ៊ុន SpaceX បានធ្លាក់ចុះ ១៦% ក្នុងមួយថ្ងៃ ដែលបានលុបបំបាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Musk អស់ប្រហែល ២៤០ ពាន់លានដុល្លារពីតារាងតុល្យការ។ មួយថ្ងៃបន្ទាប់ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ដែលលោក Musk កាន់កាប់ប្រហែល ១២% ក៏បានដួលចុះជិត ៦% បន្ថែមទៀត ដោយបង្កើនការខាតបង់ហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។
អ្នកវិភាគទីផ្សារបានគូសបញ្ជាក់ថា ឋានៈជាមហាសេដ្ឋីទ្រីលានដុល្លាររបស់លោក Musk គឺងាយរងគ្រោះបំផុត ដោយសារតែការប្រមូលផ្តុំទ្រព្យសម្បត្តិរបស់លោកមិនមានភាពចម្រុះ។ ខុសពីមហាសេដ្ឋីទូទៅដែលមានផលប័ត្រវិនិយោគច្រើនវិស័យ ទ្រព្យសម្បត្តិសរុបរបស់លោក Musk គឺផ្សារភ្ជាប់ទៅនឹងក្រុមហ៊ុនតែពីរប៉ុណ្ណោះ ដោយក្នុងនោះ SpaceX តំណាងឱ្យជិត ៨០% នៃទ្រព្យសម្បត្តិសរុបរបស់លោកទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលក្រោយការធ្វើ IPO គឺជាជារឿងធម្មតាសម្រាប់ក្រុមហ៊ុនដែលមានសន្ទុះកំណើន និងតម្លៃខ្ពស់បែបនេះ។
លោក Danni Hewson ប្រធានផ្នែកវិភាគហិរញ្ញវត្ថុនៅ AJ Bell សម្រាប់ភាគហ៊ុនដូចជា SpaceX ការសម្រេចចិត្តវិនិយោគភាគច្រើនអាចកើតចេញពីអារម្មណ៍រំភើប និងការរំពឹងទុកខ្ពស់លើការលោតផ្លោះនៃការរុករកអវកាស។ ប៉ុន្តែការវិនិយោគគួរតែត្រូវបានធ្វើឡើងដោយការពិចារណាយ៉ាងច្បាស់លាស់ និងភាពអត់ធ្មត់ សូម្បីតែនៅក្នុងស្ថានភាពដែលមានទំហំទឹកប្រាក់មហាសាលបែបនេះក៏ដោយ។
សម្ពាធទីផ្សារអាចនឹងបន្តកើតមានរហូតដល់ចុងខែកក្កដា នៅពេលដែលការរឹតបន្តឹងលើការលក់ភាគហ៊ុន ត្រូវបានដកចេញ ដែលអនុញ្ញាតឱ្យអ្នកនៅក្នុងក្រុមហ៊ុនអាចលក់ភាគហ៊ុនរបស់ពួកគេជាដំណាក់កាល។ ទោះជាយ៉ាងណា អ្នកជំនាញមើលឃើញថា ប្រសិនបើភាគហ៊ុន SpaceX ងើបឡើងវិញត្រឹមតែ ៦% នោះលោក Musk នឹងអាចយកមកវិញនូវឋានៈជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ១៣ខ្ទង់របស់លោកឡើងវិញ ពោលគឺលោកអាចនឹងក្លាយជា មហាសេដ្ឋីទ្រីលានដុល្លារដែលកើតឡើងដដែលៗ ដំបូងគេបង្អស់លើពិភពលោក។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC