ទីក្រុងសេអ៊ូល៖ កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដែលជានាវាពិឃាត ទម្ងន់ ៥,០០០ តោន។ ក្រុមអ្នកវិភាគយោធាបានលើកឡើងថា នាវានេះអាចនឹងធ្វើឱ្យគូប្រជែងរបស់ទីក្រុងព្យុងយ៉ាងបង្កើនការប្រុងប្រយ័ត្ន និងគិតគូរឱ្យបានដិតដល់បន្ថែមទៀតនៅក្នុងគ្រាមានវិបត្តិ។ នៅក្នុងសុន្ទរកថាមួយនៅឯកម្មវិធីផលិតកប៉ាល់ណាំផូ នាឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស មេដឹកនាំ លោក គីម ជុងអ៊ុន បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់នាវានេះតំណាងឱ្យរបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រយោធារបស់ខ្លួន ដោយប្រកាសថាកងទ័ពជើងទឹករបស់ខ្លួនបានបញ្ចប់ភាពជាប់គាំងអស់រយៈពេលជាង ៧០ ឆ្នាំមកហើយ។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) លោក គីម បានទទួលស្គាល់ថា បើនិយាយពីគ្រឿងយុទ្ធោបករណ៍ កងទ័ពជើងទឹកគឺជាផ្នែកដែលខ្សោយជាងគេក្នុងចំណោមប្រភេទកងទ័ពទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អ្វីៗបានផ្លាស់ប្តូរជាដាច់ខាតនៅពេលនេះ។ សមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹកយើង នឹងរីកចម្រើនយ៉ាងខ្លាំងក្លាហួសពីការស្មាន។

កន្លងមក កងទ័ពជើងទឹកកូរ៉េខាងជើងតែងតែស្ថិតនៅក្រោមស្រមោល និងចាញ់ប្រៀបឆ្ងាយបើធៀបនឹងកងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយនាវាចម្បាំងទំនើបៗ និងនាវាមុជទឹកបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិក និងមីស៊ីលដ៏មានឥទ្ធិពល។ ក្រុមអ្នកវិភាគបានឱ្យដឹងថា នាវាពិឃាតដែលទើបដាក់ឱ្យដំណើរការកាលពីថ្ងៃអង្គារនេះ មានឈ្មោះថា Choe Hyon ហើយត្រូវបានគេរំពឹងថា មានសមត្ថភាពប្រឆាំងនាវាចម្បាំង និងបាញ់មីស៊ីលវាយប្រហារលើដីគោក ទោះបីជាសមត្ថភាពពិតប្រាកដទាំងនេះមិនទាន់អាចបញ្ជាក់ជាផ្លូវការបាននៅឡើយក៏ដោយ។
លោក Yu Ji-hoon អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិភាគការពារជាតិកូរ៉េ បានលើកឡើងថា នាវាថ្មីនេះគឺជាការបោះជំហានចេញពីទម្រង់ប្រពៃណីរបស់កងទ័ពជើងទឹកកូរ៉េខាងជើង ដែលកន្លងមកពឹងផ្អែកយ៉ាងខ្លាំងលើ កងកម្លាំងអតុល្យភាពយុទ្ធសាស្ត្រការពារឆ្នេរសមុទ្រ ដូចជានាវាមុជទឹកខ្នាតតូច យានវាយប្រហារល្បឿនលឿន កាំភ្លើងធំការពារឆ្នេរ មីន និងកងកម្លាំងពិសេសជ្រៀតចូល។ លោក យូ បានបន្ថែមថា កងទ័ពជើងទឹកកូរ៉េខាងជើងកំពុងផ្លាស់ប្តូរពីរចនាសម្ព័ន្ធដែលផ្តោតលើការការពារឆ្នេរសមុទ្រ ឆ្ពោះទៅរកការពង្រីកវិសាលភាពនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលទៅលើដែនសមុទ្រវិញម្តង។
នៅក្នុងសុន្ទរកថានោះដែរ លោក គីម បានបញ្ជាក់ថា នាវា Choe Hyon នឹងក្លាយជានាវាមុខគេនៃកងនាវាទំនើបរបស់កូរ៉េខាងជើង ហើយនឹងមាននាវាដែលមានទំហំធំជាងនេះជាបន្តបន្ទាប់។ លោកក៏បានរំលឹកពីការលំបាកកន្លងមកដោយនិយាយថា ការស្ថាបនាកងទ័ពជើងទឹករបស់ប្រទេស មិនដែលជួបភាពរលូនឡើយ ដែលនេះប្រហែលជាសំដៅទៅលើបញ្ហាបច្ចេកទេសរបស់នាវាបងប្អូនបង្កើតរបស់ Choe Hyon គឺនាវា Kang Kon ដែលបានក្រឡាប់លិចក្នុងអំឡុងពេលដាក់សាកល្បងកាលពីខែឧសភា ឆ្នាំ២០២៥។ នាវា Kang Kon ត្រូវបានស្រង់ឡើងវិញ និងដាក់ឱ្យដំណើរការឡើងវិញប្រហែលមួយខែក្រោយមក ហើយទើបតែបានចាប់ផ្តើមការសាកល្បងនៅលើផ្ទៃសមុទ្រកាលពីដើមខែនេះ។
លោក គីម បានបន្តថា នាវានោះក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ លោកបានអំពាវនាវឱ្យរោងចក្រផលិតកប៉ាល់កូរ៉េខាងជើង បង្កើនល្បឿនផលិតនាវាចម្បាំងលើផ្ទៃទឹកថ្មីឱ្យបានពីរគ្រឿងក្នុងមួយឆ្នាំ រួមទាំងនាវាគ្រូសឺរ ដែលមានទំហំធំជាងនាវា Choe Hyon ដល់ទៅទ្វេដង។
ទោះបីជាលោក គីម បានសង្កត់ធ្ងន់ថាកប៉ាល់ចម្បាំងថ្មីនេះគឺជាផលិផលក្នុងស្រុកសុទ្ធសាធក៏ដោយ លោក Leif-Eric Easley សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha ក្នុងទីក្រុងសេអ៊ូល បានបង្ហាញទស្សនៈផ្ទុយពីនេះ។
លោកបានកត់សម្គាល់ថា ល្បឿន និងទំហំនៃការស្ថាបនាកងទ័ពជើងទឹករបស់លោក គីម ជុងអ៊ុន អាចជាសញ្ញាបង្ហាញថា កូរ៉េខាងជើងទទួលបានជំនួយផ្នែកសម្ភារៈ និងបច្ចេកវិទ្យាដ៏សំខាន់ពីរុស្ស៊ី ជាថ្នូរនឹងការដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព និងអាវុធទៅគាំទ្រសង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា កូរ៉េខាងជើងនៅតែមានផ្លូវវែងឆ្ងាយទៀតក្នុងការដេញតាមឱ្យទាន់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក ដែលភាគីទាំងពីរមាននាវាពិឃាតរាប់សិបគ្រឿងបំពាក់ដោយមីស៊ីល និងប្រព័ន្ធប្រយុទ្ធទំនើបៗចុងក្រោយបង្អស់។ លោក Carl Schuster អតីតនាយកមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួមនៃបញ្ជាការដ្ឋានអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងថា ខ្ញុំមិនគិតថា នឹងបង្កើតការគំរាមកំហែងផ្ទាល់ថ្មីណាមួយដល់កូរ៉េខាងត្បូងនោះទេ។ សមត្ថភាពរស់រាន និងការពារខ្លួនរបស់នាវានេះនៅមានកម្រិតនៅពេលមានជម្លោះផ្ទុះឡើង។

ប៉ុន្តែលោកបានបន្ថែមថា វានៅតែជាកត្តាមួយដែលគេត្រូវយកមកគិតគូរក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ព្រោះកូរ៉េខាងជើងមានសក្តានុពលក្នុងការបង្ខំឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បង្កើនការតាមដានសកម្មភាពកងទ័ពជើងទឹករបស់ខ្លួន។ ជាងនេះទៅទៀត ការដែលនាវានេះមានទម្ងន់ដល់ទៅ ៥,០០០ តោន ដែលធ្វើឱ្យវាក្លាយជានាវាចម្បាំងដែលអាចធ្វើដំណើរឆ្លងកាត់មហាសមុទ្រពិតប្រាកដលើកដំបូងរបស់កូរ៉េខាងជើង នឹងបន្ថែមភាពស្មុគស្មាញថ្មីដល់ការអនុវត្តទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងរបបលោក គីម។
លោក Schuster បានពន្យល់ថា ជាឧទាហរណ៍ ប្រសិនបើនានាចម្បាំងនេះធ្វើដំណើរអមដំណើរការដឹកជញ្ជូនអាវុធតាមផ្លូវសមុទ្រ វានឹងធ្វើឱ្យប្រតិបត្តិការស្ទាក់ចាប់ និងឡើងឆែកឆេរលើនាវារបស់អន្តរជាតិមានភាពពិបាក និងប្រថុយប្រថានជាងមុន។ លោក Yu អ្នកវិភាគរបស់កូរ៉េខាងត្បូង ក៏បានសន្និដ្ឋានផងដែរថា ទីក្រុងសេអ៊ូលមិនអាចមើលរំលងនាវាថ្មីនេះបានឡើយ។ បើទោះបីជាវាខ្វះខាតប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដូចនាវាពិឃាតរបស់លោកខាងលិចក៏ដោយ ក៏វានៅតែអាចបង្កជាសម្ពាធពិតប្រាកដដល់សន្តិសុខរបស់កូរ៉េខាងត្បូង ប្រសិនបើវាត្រូវបានប្រើប្រាស់ជាគ្រាប់បែកចល័តសម្រាប់បាញ់មីស៊ីល ឬជាឧបករណ៍ដើម្បីបង្កើនកម្តៅវិបត្តិនយោបាយ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ CNN